ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បានណែ​នាំ​ទៅដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ឱ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ ដើម្បី​ការពារ​ការ​ចម្លង​វីរុស​កូ​វីដ ១៩ ខណៈដែល​ស្ថានភាព​នៃ​ការចម្លង​​វីរុស​កូ​វីដ ១៩ នៅ​បណ្តា​ប្រទេស​លើ​សកល​លោក ​និង​ក្នុង​តំបន់​មិន​ទាន់​មាន​ការ​ធូរ​ស្បើយ​នៅ​ឡើយ​។


យោង​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​សុខាភិ​បាល​នា​ព្រឹក​ថ្ងៃទី​ ១៣​ ខែកញ្ញា បាន​ឱ្យដឹង​ថា រហូត​មកទល់​ថ្ងៃទី ៦ ខែ​កញ្ញា​ ករណី​ជំងឺ​កូ​វីដ ១៩​ នៅលើ​ពិភព​លោក​មាន​អ្នក​ឆ្លង​ចំនួន ២២០ ៥៦៣ ២២៧​ នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ៤ ៥៦៥ ៤៨៣ នាក់ ដែល​បាន​រាយ​ការណ៍​មក​អង្គការ​សុខ​ភាព​ពិភព​លោក។ រីឯ​បណ្តា​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជាប់​ជា​មួយ​នឹង​ប្រទេស​កម្ពុជា​វិញក៏​នៅតែ​មាន​ការចម្លង​ខ្ពស់​នៅឡើយ​ដែរ​​ ទោះ​បីជា​មាន​ការ​ថយ​ចុះ​បន្តិច​ក៏​ដោយ​។

ក្រសួង​បាន​បន្ថែម​ថា៖ «​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​យើង​សង្កេត​ឃើញថា​ ចំនួន​ករណី​ជំងឺ​កូ​វីដ ១៩ ​មាន​ការ​ហក់​ឡើង​បន្តិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួ​នដែល​ក្នុងនោះ​ក្រសួង​សុខាភិ​បាល​បាន​រក​ឃើញ​ថា​ ករណី​ផ្ទុះ​ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​ទីផ្សារ​លក់​ដូរ ដែល​មិន​មែន​ជា​ផ្សារ​ទំនើប ​គឺ​ផ្សារ​លក់ដូរ​នៅ​តាម​បណ្តា​ខេត្ត-ក្រុង-ភូមិ ទីប្រជុំជន​នានា​ជាដើម​ ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​យើង​មានការ​ទៅ​ទិញ​ម្ហូបអាហារ​និង​គ្រឿង​ឧបភោគ​បរិភោគឬ​ជួបជុំ​គ្នា​បរិ​ភោគ​ជា​ដើម»​។

ក្រសួង​សុខាភិ​បាលបាន​អំពាវ​នាវ​ និង​ក្រើន​រំឭក​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​ចូលរួម​ទទួ​លខុសត្រូវ​ក្នុង​ការទប់​ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ ១៩ ដោយ​អនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ ​៣ ការពារ ​និង ៣ កុំ ​ជា​ពិសេស​កុំទៅ​ទីតាំង​មាន​ហានិ​ភ័យ​ខ្ពស់​ដូចជា ​ទីតាំង​ ៣ «ជ» ដែលជា​ទីតាំង​មាន​មនុស្ស​ច្រើន​ជួបជុំ ទីតាំង​បិទ​ជិត​មិន​មាន​ខ្យល់ ចេញ​ចូល​គ្រប់​គ្រាន់​និង​ទីតាំង​ដែល​មាន​មនុស្ស​នៅ​ជិតៗ​គ្នា​។


សេចក្តី​ណែនាំ​នេះ​ថា៖ «ការ​ចូលរួម​រប​ស់បុ​គ្គល​និង​សហ​គមន៍​ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ ១៩​ នៅតែ​ចាំបាច់​បំផុត និង​ត្រូវ​អនុវត្ត​ជាប់​ជាប្រចាំ​ទោះជា​បងប្អូន​ទាំង​អស់​បាន​ចាក់​វ៉ាក់​សាំង​រួចហើយ​ក៏ដោយ»​៕