ភ្នំពេញៈ ​​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិ​បាល​ លោក​ស្រី​ ឱ វណ្ណឌី​​ន​ បាន​អះអាង​ថា ​វត្តមាន​របស់​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ម៉ូ (Mu) មិន​ទាន់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​លោកស្រី​ បាន​បង្ហាញ​នូវក្ដី​បារម្ភ​ថា​មេរោគ​នេះ​ អាច​នឹង​មាន​នៅក្នុង​ប្រទេស​នៅ​ថ្ងៃ​ណាមួយ​ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិន​បន្ត​អនុវត្ត​ការការពារ​ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ​នោះទេ​។​


លោកស្រី ឱ វណ្ណឌី​ន កាលពី​ថ្ងៃទី ​១៣ ខែកញ្ញា ក្នុងពេល​ចុះ​បិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូ​វីដ​១៩​ក្នុង​ខេត្តស្វាយរៀង​ បាន​ថ្លែង​​ថា មកដល់ពេល​នេះ មាន​ប្រទេស​ប្រមាណ​ជា ​៣០​ ទៅ ​៤០​ ហើយ​ដែល​បាន​ឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ ​១៩​ បំប្លែង​ថ្មី​ប្រភេទ​ម៉ូ (Mu) នេះ​។​

លោកស្រី​ថ្លែងថា៖ «​មិន​ខុសពី​វីរុស​ប្រភេទ​អាល់​ហ្វា​ដែល​តា ឬ​ដែល​តា​នោះទេ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មិន​បន្ត​អនុវត្ត​នូវ​ការការពារ ទប់ស្កាត់​នូវ​ការចម្លង​នៃ​វីរុស​កូ​វីដ ​១៩ ​នេះ​ទេ ខ្ញុំ​គិតថា​វីរុស​ម៉ូ​នេះ ប្រហែលជា​នឹង​អាចមាន​ចូលក្នុង​ប្រទេស​យើង ដូច​ករណី​វីរុស​អាល់​ហ្វា​និង​ដែល​តា​ដែរ​»​។​

ដូច្នេះ លោកស្រី ឱ វណ្ណឌី​ន បានបន្ត​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​បន្ត​ការពារ​ខ្លួន​ជានិច្ច បើទោះបីជា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ ​ដូ​ស​ទី​២​ ឬ​ដូ​ស​ជំរុញ​រួច​ក៏ដោយ​៕