ភ្នំពេញៈ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ណែនាំ​ឱ្យ​បញ្ឈប់​រាល់​ការស្នើសុំ​បណ្ណ​ខេមរភូមិន្ទ​ (​ខម​) ​ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបី​ជា​រថយន្ត​ទាំងនោះ​បាន​ចូលរួម​ផ្នែក​ណាមួយ​ក្នុង​ការបម្រើ​ការងារ​អង្គភាព​ក៏ដោយ​។


លោក វង្ស ពិសេន នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា ចេញ​លិខិត​ណែនាំ​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​ស្ថានប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ឱ្យ​បញ្ឈប់​រាល់​ការស្នើសុំ​បណ្ណ​ខេមរភូមិន្ទ ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបីជា​រថយន្ត​ទាំងនោះ​បាន​ចូលរួម​ផ្នែក​ណាមួយ​ក្នុង​ការបម្រើ​ការងារ​អង្គភាព​ក្តី​។

ក្នុង​លិខិត​ណែនាំ​ដដែល នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បាន​ប្រាប់​ឱ្យ​យក​រថយន្ត​ចង្កូត​ស្តាំ កែ​ទៅជា​ចង្កូត​ឆ្វេង​។ រីឯ​រថយន្ត​ចង្កូត​ឆ្វេង ដែល​មិនទាន់​បង់ពន្ធ​នាំចូល​ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

លោក​អគ្គមេបញ្ជាការ​ក៏​បាន​ណែនាំ​ឱ្យ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អនុក្រឹត្យ​ស្តីពី​បទវិន័យ​ទូទៅ សម្រាប់​កងយោធពល​ខេមរភូមិន្ទ​។ ជាពិសេស ការគោរព​នូវ​ឋានានុក្រម​កងទ័ព និង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​ភាពម្ចាស់ការ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ចំពោះមុខ​រាជរដ្ឋាភិបាល និង​ច្បាប់​ជា​ធរមាន​។


លោក​បញ្ជាក់​ក្នុង​លិខិត​ថា​៖ «​អប់រំ​បន្ទាន់​ដល់​យោធិន​ថ្នាក់ក្រោម​ឱ្យ​យល់​ និង​ចូលរួម​រំលែក​ការលំបាក​របស់​រាជរដ្ឋាភិបាល​ក្នុង​ការប្រមូល​ថវិកា​ជាតិ ក្នុងអំឡុងពេល​វិបត្តិ​កូវីដ​ ១៩ ឱ្យ​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ និង​ស្មោះត្រង់​ដាច់ខាត​ឥតងាករេ ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។


ជាមួយ​គ្នា​នេះ​លោក​ វង្ស ពិសេន បានធ្វើការ​ហាមឃាត់​មិនឱ្យ​ផ្ទេរ​ការប្រើប្រាស់​ក្រោម​រូបភាព​ជា​អំណោយ​ដើម្បី​ផ្តល់​យានយន្ត ស្លាក​លេខ​ខេមរភូមិន្ទ​ឱ្យ​អ្នកផ្សេង ប្រើប្រាស់​ខុសច្បាប់ ឬ​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ឡើយ​។ បើ​រកឃើញ​អ្នកប្រព្រឹត្ត​នឹង​មាន​ទោស​ទៅតាម​ច្បាប់​ដែល​បានកំណត់​។

លោក​បញ្ជាក់ថា​៖ «​បញ្ឈប់​ជាបន្ទាន់​នូវ​ការបន្ត​ប្រើប្រាស់​ដោយ​ខុសច្បាប់ ការផ្ទេរ​ដោយ​ការធ្វើ​អំណោយ ការជួល ឬ​លក់​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ទៅឱ្យ​អ្នកដទៃ​។ ប្រសិនបើ​រកឃើញ​ថា មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង យោធិន​នោះ​នឹង​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា លោក​គាំទ្រ​ចំពោះ​ការបញ្ឈប់​ការស្នើសុំ​បណ្ណ​ខេមរភូមិន្ទ ​ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន​។ លោក​បញ្ជាក់ថា បណ្ណ ឬក៏​ស្លាក​លេខ​ខេមរភូមិន្ទ គួរតែ​សម្រាប់​ប្រើប្រាស់​ក្នុង​ការផ្តល់​សេវា​រដ្ឋ បម្រើ​ជូន​ប្រជាជន មិនគួរ​ប្រើប្រាស់​សម្រាប់​ឯកជន​នោះទេ ព្រោះ​អាច​នាំឱ្យ​ពលរដ្ឋ​មាន​ការភាន់ច្រឡំ និង​ភ័យខ្លាច​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជួនកាល​ឡាន​ហ្នឹង​ជា​ឡាន​ឯកជន ប៉ុន្តែ​គាត់​ប្រើ​ជា​សាធារណៈ​តាមផ្លូវ​ទៅ ពលរដ្ឋ​ភ័យខ្លាច ព្រោះ​ឃើញ​ស្លាក ខ.ម. អាច​ច្រឡំ​ថា ឡាន​ហ្នឹង គឺ​សមត្ថកិច្ច​ប្រើ​។ តាមពិត គាត់​ជិះ​លក្ខណៈ​គ្រួសារ ហើយ​ជួនកាល​រូបគាត់​ជា​មន្ត្រី​ហ្នឹង​ប្រើ​ទៅទៀត អាច​ជា​ក្រុមគ្រួសារ ឬក៏​កូន​គាត់​ប្រើ អ៊ីចឹង​ធ្វើឱ្យ​សាធារណជន​បារម្ភ និង​ភាន់ច្រឡំ​»៕

វីដេអូ៖