ភ្នំពេញៈ មន្ត្រី​ជំនាញ​ចំនួន​ ១៧ ​នាក់​ តំណាង​ក្រសួង​ការងារ តំណាង​សហជីព និង​តំណាង​និយោជក ដែល​នៅក្នុង​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជួបប្រជុំ​កាលពី​ថ្ងៃទី​ ១៤ ខែកញ្ញា​នេះ នៅ​ទីស្ដីការ​ក្រសួង​ការងារ ដើម្បី​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២២ នៅក្នុង​វិស័យ​កាត់ដេរ​។


កិច្ចចរចា​ត្រីភាគី ដើម្បី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២ បានចាប់ផ្តើម ដោយ​ភាគី​និយោជក​កំណត់​តួលេខ ១៨៣,៤ ដុល្លារ រីឯ​និយោជិត​កំណត់​តួលេខ ២១៤,២ ​ដុល្លារ​។ ប្រាក់​ឈ្នួល​គោល​ឆ្នាំ​ ២០២១ មាន​ចំនួន ១៩២ ​ដុល្លារ​ក្នុង​ ១ ​ខែ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៤ កញ្ញា ក្រោយ​ចប់​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ​មិនទាន់មាន​លទ្ធផល​រួម​ណាមួយ​ត្រូវ​បាន​កំណត់ឡើង​នោះទេ​។

លោក ហេង សួរ បាន​ថ្លែងថា​៖ «(​ថ្ងៃនេះ​) ​ជា​ការចរចា​បែប​បច្ចេកទេស​នៅឡើយ​។ ថ្ងៃនេះ​ភាគី​ទាំងសងខាង​នៅ​បន្ត​ការពារ​គោលជំហរ​របស់​ខ្លួន​រៀងៗ​ខ្លួន​នៅឡើយ (​ហើយ​) ​កិច្ចប្រជុំ​នេះ​នឹង​បន្ត​ទៅតាម​កាលវិភាគ​បន្តទៀត​»​។

ទោះបីជា មាន​ការខ្វែងគំនិត​គ្នា​ក្នុង​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា តាមបែប​វិទ្យាសាស្ត្រ​ឡើងវិញ​ជាថ្មី ដោយ​ផ្អែកលើ​កត្តា​សង្គម និង​សេដ្ឋកិច្ច ដោយហេតុ​វិបត្តិ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ ក៏​តំណាង​សហជីព​ទាំង ១៧ នៅតែ​រក្សា​តួលេខ​ដែល​បាន​ឯកភាព​រួមគ្នា​ចំនួន ២២,២ ដុល្លារ​អាមេរិក ឬ​ ១១,៦ ​ភាគរយ សម្រាប់​ការចរចា​។


លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម GMAC បាន​លើកឡើងថា វិបត្តិ​នាពេល​បច្ចុប្បន្ននេះ គឺ​វា​ច្បាស់​ណាស់​សម្រាប់​គ្រប់ភាគី ហើយ​វា​សំខាន់​ណាស់​ក្នុង​ការគ្រប់គ្រង​ការរំពឹងទុក ជាពិសេស​គឺ​ភាគី​ខាង​សហជីព​។

លោក​បន្តថា គ្រប់គ្នា​គួរ​ដឹងថា​ប្រទេស​ផ្សេងទៀត​គេ​បាន​ផ្អាក​ការពិភាក្សា​ប្រាក់​ឈ្នួល​របស់​ពួកគេ​ដោយ​រង់ចាំ​មើល​ឱ្យ​ច្បាស់លាស់​អំពី​ស្ថានភាព ហើយ​ជាមួយគ្នានេះ ប្រទេស​វៀតណាម​ក៏បាន​ផ្អាក​ការពិភាក្សា​ប្រាក់ឈ្នួល​របស់​ពួកគេ​កាលពី​ឆ្នាំមុន​ហើយ​ឆ្នាំនេះ​ក៏​ពន្យារពេល​ការពិភាក្សា​ណាមួយ​ដល់​ឆ្នាំ​ ២០២២ ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ពេលនេះ ប្រាក់​ឈ្នួល​គោល​របស់​យើង​គឺ​បាន​ខ្ពស់​ជាង​ប្រទេស​វៀតណាម ដែល​ប្រទេស​មាន​ប្រាក់​ឈ្នួល​គោល​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​រួចទៅហើយ​។ សូម​ចងចាំ​ថា យើង​ត្រូវការ​ប្រកួតប្រជែង​សម្រាប់​អ្នក​វិនិយោគិន មិន​ត្រឹមតែ​ក្នុង​វិស័យ​កាត់ដេរ និង​ស្បែកជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាមួយ​គ្នា​នោះដែរ តម្លៃ​ផ្សេងៗ​ក៏​ត្រូវបាន​បន្ថែមទៀត​ផងដែរ​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ភាគី​និយោជិត​នៅ​តែ​រក្សា​គោលជំហរ​ក្នុង​តួលេខ ២២,២ ដុល្លារ​អាមេរិក ឬ​ស្មើ ១១,៦ ​ភាគរយ ដែល​ធ្វើឱ្យ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​និយោជិត សម្រាប់​ឆ្នាំ​ ២០២២ គឺអាច​ឡើង​ប្រមាណ ២១៤,២ ​ដុល្លារ​។

លោក​បន្តថា ចំណែក​ការអះអាង​របស់​ភាគី​និយោជក​បាន​បង្ហាញថា ការកំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ ២០២២ ​នេះ គឺ​មិន​ត្រឹមតែ​មិន​ឡើង​ហើយ គឺមាន​ការថយចុះ​ទៅទៀត គឺ​នៅត្រឹម ១៨៣,៤ ​ដុល្លារ បន្ទាប់ពី​ភាគី​និយោជក បាន​សំអាង​លើ​ការស្រាវជ្រាវ​របស់ខ្លួន​តាម​គោលការណ៍​វិទ្យាសាស្ត្រ​ផ្អែកលើ​កត្តា​សង្គម និង​សេដ្ឋកិច្ច ដែល​ភាគី​នេះ​បាន​រកឃើញ​។ ចំពោះ​តួលេខ​ដែល​បង្ហាញ​ដោយ​ភាគី​ក្រសួង​ការងារ បន្ទាប់ពី​បាន​សិក្សា​តាម​គោលការណ៍​វិទ្យាសាស្ត្រ​ផ្អែកលើ​កត្តា​សង្គម និង​សេដ្ឋកិច្ច ក៏​បាន​កំណត់​តួលេខ​រកឃើញ​មួយ​ផងដែរ គឺ​ចំនួន ១៩១,៩ ​ដុល្លារ​។

លោក​បាន​បញ្ជាក់ថា ដោយសារ​តែ​ការចរចា​មិន​ទៅមុខ ហើយ​ភាគី​នីមួយៗ មិនមាន​អ្នកណា​ឯកភាព​បញ្ចុះ​តួលេខ​រកគ្នា ក៏​ឯកភាព​ឱ្យ​ភាគី​ទាំងអស់ ទៅ​ប្រជុំ​ពិភាក្សា​គ្នា​ផ្ទៃក្នុង ហើយ​និង​ក្នុងករណី​កន្លែង​ណា​មិន​ច្បាស់ គឺ​ត្រូវ​មក​ជជែក​គ្នា​ជាមួយ​អ្នកជំនាញ​ក្រសួង និង​អ្នកជំនាញ​របស់ខ្លួន​នីមួយៗ ដើម្បី​ឈានទៅ​ជួបគ្នា​នៅ​ថ្ងៃទី​ ២១ ខែកញ្ញា​។

ទោះយ៉ាងណា​ក៏ដោយ​លោក អាត់ ធន់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៣ កញ្ញា​ថា ក្រុមការងារ​សហជីព​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​ទៅ​លើ​កត្តា​សង្គម និង​សេដ្ឋកិច្ច​ទាំង ៧ ​ចំណុច ដែល​ក្រសួង​បាន​ឱ្យ​ផ្ទាល់ និង​តួលេខ​ដែល​សហជីព​យោង គឺ​មិនមាន​ភាពស៊ីចង្វាក់​គ្នា​នោះទេ​។

លោក​ថ្លែងថា​៖ «​បើ​យោងតាម​កត្តា​សង្គម និង​សេដ្ឋកិច្ច​របស់​ក្រសួង​ឃើញថា ការគណនា​ដែល​គិត​ជា​ភាគរយ ដែល​អាច​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ គឺមាន​ចំនួន​តិចជាង​ឆ្ងាយ​ណាស់ បើ​ប្រៀបធៀប​នឹង​ភាគរយ​ដែល​ក្រុម​សហជីព​បាន​រកឃើញ និង​ផ្អែក​ទៅលើ​ឯកសារ​ស្ថិតិ​យោង​ផ្សេងៗ ដូចជា​ ILO ធនាគារ​ពិភពលោក ទីផ្សារ​នានា​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​លើកឡើង​ដែរ​ថា ក្នុង​ពេល​បច្ចុប្បន្ន ការសិក្សា​បាន​រកឃើញ​ថា ក្នុង​សមាជិកគ្រួសារ​ ១ ​គ្រួសារ ដែល​មាន​គ្នា ៥ ​នាក់ គឺ​សមាជិក​តែ ២ ​នាក់​ប៉ុណ្ណោះ ដែលមាន​ប្រាក់ចំណូល​សម្រាប់​ទ្រទ្រង់​គ្រួសារ​។

បើសិនជា​ក្នុង​ឆ្នាំ​ ២០២២ ខាងមុខ ការចរចា​ប្រាក់​ឈ្នួល​គោល​កម្មករ មិន​ទទួលបាន​ការដំឡើង ឬ​ឡើង​មិនបាន​សមរម្យ​នោះ​ទេ បានន័យថា ពួកគេ​នឹងត្រូវ​ជួបប្រទះ​នឹង​បញ្ហា​កាន់តែ​លំបាក​ថែមទៀត​ជាមួយ​នឹង​បំណុល ការចាយវាយ​ប្រចាំថ្ងៃ និង​ការឈឺ​ថ្កាត់​។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​កំណត់​កិច្ចប្រជុំ​ជាក់លាក់​នៅ​ថ្ងៃទី​ ១៤ កញ្ញា ដើម្បី​ជួបចរចា​ប្រាក់ឈ្នួល​គោល​របស់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២៕

វីដេអូ៖