ភ្នំពេញៈ អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​អង្គការ​ដៃគូ​កំពុង​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា តាម​ខេត្ដ​មួយចំនួន​ធ្វើ​យុទ្ធនាការ​ជំរុញ​ដល់​កុមារ ពិសេស​កុមារី​ឱ្យចូល​រៀន​វិញ និង​បន្ត​រៀន​ជា​បណ្ដុំ​តូច​នៅតាម​ភូមិ និង​សហគមន៍​តាម​គន្លង​ថ្មី ព្រោះ​សិស្ស​ជនបទ​ប្រឈម​នឹង​ការមិន​ចូលរៀន និង​បោះបង់​ការសិក្សា​។


តំណាងរង​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លោក យី គឹមថាន ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ១៤ ខែកញ្ញា​នេះ​ថា អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា និង​អង្គការ​សុវណ្ណភូមិ​នឹង​ធ្វើ​យុទ្ធនាការ​នេះ​ចាប់ពី​ខែកញ្ញា រហូត​ដល់​ចុងឆ្នាំ​ ២០២១ នៅ​ខេត្ដ​រតនគិរី ខេត្តស្ទឹងត្រែង និង​ជំហាន​បន្ត​នៅ​ខេត្ដ​សៀមរាប ដើម្បី​ជំរុញ​កុមារ ពិសេស​កុមារី​ឱ្យចូល​រៀន​វិញ​។

លោក គឹមថាន បាន​ថ្លែងថា ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រកាស​បើក​សាលា​ឡើងវិញ​។ ប៉ុន្ដែ​ការបើក​សាលា​នេះ គឺ​អាស្រ័យ​ទៅលើ​រដ្ឋបាល​រាជធានី-ខេត្ដ ជា​អ្នកសម្រេច​ចិត្ដ​អនុញ្ញាត​ឱ្យ​សាលារៀន​នៅ​តំបន់​ណា​គួរ​បើក និង​តំបន់​ណា​មិន​គួរ​បើក អាស្រ័យ​លើ​ហានិភ័យ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ តិច​ ឬ​ច្រើន​។

លោក គឹមថាន បាន​បញ្ជាក់ថា​៖ «​យើង​គិតថា​បើសិន​ជា​យើង​មិន​ធ្វើជា​យុទ្ធនាការ​ប្រមូល​សិស្ស​ឱ្យមក​ចូលរៀន​វិញ​ទេ ប្រហែល​យើង​មិនមាន​សិស្ស​ចូលមក​រៀន​វិញ​ទេ​ ដោយសារ​ពួកគេ​ខាន​ចូលរៀន​ច្រើន​ខែ ហើយ​ទៅធ្វើ​ស្រែចម្ការ​ជាមួយ​ឪពុកម្ដាយ ជាពិសេស​កុមារី​អាច​នឹង​ឈប់រៀន​ទៅ​រក​ការងារ​ធ្វើ​ ឬ​រៀបការ​តែម្ដង​»​។


លោក យី គឹមថាន បានឱ្យដឹងថា តាមរយៈ​យុទ្ធនាការ​នេះ អង្គការ​ភ្លែន និង​អង្គការ​ដៃគូ​នឹង​ជួយ​ជំរុញ​ដល់​មន្ទីរអប់រំ ខេត្ត ឱ្យ​ជំរុញ​សិស្ស​ត្រឡប់​ចូលរៀន​វិញ​ផង និង​ជំរុញ​ឱ្យ​មាន​ការបង្រៀន និង​ការរៀន​ពី​ចម្ងាយ​ជា​បណ្ដុំ​ដល់​កុមារ តាមរយៈ​ការចែក​សន្លឹក​កិច្ចការ​ទៅដល់​សិស្ស​នៅតាម​ផ្ទះ​នៅ​តាម​ភូមិ ឬ​សហគមន៍​។


សកម្មភាព​របស់​អង្គការ​បើក​គោយន្ត ធ្វើ​យុទ្ធនាការ​ឱ្យ​កុមារា កុមារី ចូលរៀន​វិញ​។ រូបថត PIC

លោក​បញ្ជាក់ថា​៖ «​យុទ្ធនាការ​នេះ​យើង​ក៏បាន​ធ្វើ​ការងារ​ជាមួយ​សហគមន៍ និង​សាលារៀន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងណា​ឱ្យ​ឪពុកម្ដាយ​បញ្ជូន​កូន​ត្រឡប់មក​រៀន​ឡើងវិញ ដោយ​ពន្យល់​ពលរដ្ឋ​ថា កូន​របស់​ពួកគាត់​អាច​ចូលរៀន​វិញ​តាម​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ រក្សា​អនាម័យ​ខ្ពស់​ជាដើម​»​។

លោក យី គឹមថាន បានឱ្យដឹងថា សាលារៀន​នីមួយៗ​ដែល​អង្គការ​ភ្លែន​អនុវត្ដ​យុទ្ធនាការ​នេះ អង្គការ​នឹង​បំពាក់​​ម៉ាស៊ីន​វាស់​កម្ដៅ ចែក​ម៉ាស់ អាល់កុល និង​ធ្វើ​កន្លែង សម្រាប់​លាងដៃ បង្គន់​អនាម័យ​ជាដើម ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បានឱ្យដឹងថា បន្ទាប់ពី​ការបិទ​សាលា នាពេល​កន្លងមក​កូន​សិស្ស​ភាគច្រើន​នៅ​ខេត្ដ​រតនគិរី និង​ស្ទឹងត្រែង​គឺ​មិនបាន​រៀន​ពេញលេញ តាមរយៈ​ប្រព័ន្ធ​អនឡាញ​ទេ ដោយសារ​ពួកគេ គ្មាន​បណ្ដាញ អ៊ីនធឺណិត និង​គ្មាន​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​សិក្សា​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​ស្ទើរតែ​ទាំងអស់​ហើយ ដែល​មិនបាន​រៀន​ជាប់លាប់​ពួកគាត់​រៀន​បាន​ខ្លះ​តាមរយៈ​វិទ្យុ និង​គ្រូបង្រៀន​។ ប៉ុន្ដែ​មិនមាន​ការរៀន​ជាប់លាប់​ទេ​។ យើង​ព្រួយបារម្ភ​ណាស់​ថា​ពួកគាត់​អាច​មិនចេះ​អាន​អក្សរ ពួកគាត់​ខ្វះ​ចំណេះដឹង ហើយ​ពេល​សាលារៀន​បើក​ឡើងវិញ មាន​ការលំបាក​ចំពោះ​ការបន្ត​ការសិក្សា​ដែល​អាច​នាំឱ្យមាន​ការបោះបង់​ការសិក្សា​ច្រើន​។ យើង​ត្រូវតែ​ធ្វើ​យុទ្ធនាការ​នេះ​ដើម្បី​ប្រមូល​សិស្ស​ឱ្យចូល​រៀន​តាមរយៈ​គន្លង​ថ្មី​ឡើងវិញ​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​នា​ថ្ងៃទី​ ១៤ ខែកញ្ញា​ថា​៖ «​ក្រសួង​អប់រំ​យុវជន និង​កីឡា ស្វាគមន៍ និង​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍ រួមមាន​អង្គការ​ភ្លែន-អន្តរជាតិ​កម្ពុជា វិស័យ​ឯកជន បុគ្គលិក​អប់រំ មាតាបិតា សិស្សានុសិស្ស និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ និង​ការពង្រឹង​សុវត្ថិភាព​សុខភាព​សិក្សា​សម្រាប់​ការបង្រៀន និង​រៀន​តាម​បណ្តុំ​ក្នុង​បរិបទ​កូវីដ-១៩​ស្របតាម​ស្មារតី​លិខិត​លេខ​ ៤៦ និង​លិខិត​លេខ​ ៥០ ​របស់​ក្រសួង​»​។

ក្រសួង​អប់រំ​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា​នេះ​បានឱ្យដឹងថា តាមរយៈ​យុទ្ធនាការ​នេះ​នឹង​ជំរុញ​ដល់​កុមារ ពិសេស​កុមារី​ឱ្យចូលរួម​រៀន​ពី​ចម្ងាយ​តាមរយៈ​ការបង្រៀន​ជា​ក្រុម​តូច និង​រៀន​ខ្លួនឯង​នៅផ្ទះ​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ និង​ការរៀន​ដោយ​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​។ ជំរុញ​ដល់​មាតាបិតា​ ឬ​អាណាព្យាបាល​សិស្ស​ ដើម្បី​ជំរុញ​កូនៗ​របស់គាត់​បន្ថែម​ក្នុង​ការរៀន​ពី​ចម្ងាយ​តាមរយៈ​ការរៀន​ជា​ក្រុម​តូច និង​ជំរុញ​កូនៗ​រៀន​នៅផ្ទះ និង​ពន្យល់​ណែនាំ​កុមារ​អំពី​អនាម័យ​តាមរយៈ​ការលាងដៃ​ឱ្យបាន​ញឹកញាប់ និង​ពាក់​ម៉ាស់​ការពារ​ជាប្រចាំ​។

លោក យី គឹមថាន ថ្លែងថា តាមរយៈ​យុទ្ធនាការ​នេះ កុមារ ពិសេស​កុមារី​នឹង​ត្រឡប់​ចូលរៀន​វិញ ដោយ​អនុវត្ដ​បានល្អ តាម​វិធានការ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​អប់រំ​។ ការអាច​បន្ត​ការសិក្សា​នេះ ចំណេះដឹង​របស់​សិស្ស​នឹង​មាន​ការកើនឡើង សិស្ស​នឹង​មិន​បោះបង់ចោល​ការសិក្សា​នឹង​បន្ត​រៀន​នៅក្នុង​គន្លង​ថ្មី ដោយ​ពួកគេ​នឹង​រៀន​ថា តើ​ត្រូវ​រៀន​យ៉ាងម៉េច​នៅក្នុង​បរិបទ​កូវីដ​ ១៩ នេះ​។

លោក​ថា​៖ «​យើង​នឹង​អាច​ឃើញ​កុមារ​នៅតាម​ជនបទ ទោះបីជា​នៅ​តំបន់​ដាច់ស្រយាល​យ៉ាងណា ក៏​អាច​ត្រឡប់មក​ចូលរៀន​វិញ តាម​គន្លង​ថ្មី​»​។

ក្រសួង​អប់រំ​យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ៣១ ខែសីហា ឆ្នាំនេះ បានចេញ​សេចក្ដីណែនាំ​ស្ដីពី​ការបង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រសួង​អប់រំ​ពិនិត្យ​លទ្ធភាព​បើក​សាលារៀន​ឡើងវិញ​។

តាមរយៈ​សេចក្ដីណែនាំ​ក្រសួង​អប់រំ​បានដាក់​ចេញ​គោលការណ៍​មួយចំនួន​ដល់​អង្គភាព​ក្រោម​ឱវាទ​វិស័យ​ឯកជន មាតាបិតា​អាណាព្យាបាល​សិស្សានុសិស្ស​ស្ដីពី​ការបង្រៀន និង​រៀន​តាម​បណ្ដុំ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ទាប​។

ក្នុងនោះ​ក្រសួង​អប់រំ​បាន​ស្នើ​ទៅដល់​អភិបាល និង​មន្ទីរអប់រំ​រាជធានី-ខេត្ត​ទាំងអស់​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង​ទៅលើ​សាលា​ដែល​អាច​នឹង​មាន​លទ្ធភាព​បើក​ដំណើរការ​ឡើងវិញ​នៅតាម​តំបន់​ដែលមាន​ហានិភ័យ​ទាប​ និង​តំបន់​ដែល​មិនមាន​ការឆ្លង​មេរោគ​កូវីដ​ ១៩៕