កំពតៈ វិទ្យុទាក់ទង​ចំនួន ៤០ ​គ្រឿង​ ត្រូវបាន​ក្រសួង​បរិស្ថាន​ប្រគល់ជូន​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត​ដែល​កំពុង​បំពេញភារកិច្ច​ការពារ និង​អភិរក្ស​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​កាលពី​ថ្ងៃទី​ ១៣ ខែកញ្ញា ដើម្បី​ងាយស្រួល​ឱ្យ​មន្ត្រី​ទាក់ទង​គ្នា​បាន​លឿន​ក្នុងពេល​ចុះ​បំពេញការងារ​ល្បាត​ព្រៃ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​គូសបញ្ជាក់​ក្នុងអំឡុងពេល​ប្រគល់​នោះ​ថា វិទ្យុ​ទាក់ទង​ ៤០ ​គ្រឿង​នោះ ​ត្រូវ​បាន​ផ្តល់ជូន​មន្ត្រី​ឧទ្យានុរក្ស​បន្ថែម​លើ​សម្ភារ​មួយចំនួន​ដែល​បានប្រគល់​កាលពី​ចុងខែ​សីហា​កន្លងទៅ ដែល​ក្នុងនោះ​មាន​ឧបករណ៍​ដ្រូន និង​សម្ភារ​ផ្សេងទៀត​ដែលជា​តម្រូវ​ការចាំបាច់​របស់​មន្ត្រី​ឧទ្យានុរក្ស​។

លោក​បាន​បន្ថែមថា បច្ចេកវិទ្យា​ព័ត៌មាន និង​ឧបករណ៍​សម្រាប់​ទំនាក់ទំនង​នានា ​គឺជា​ជំនួយ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​។ ​វិទ្យុទាក់ទង និង​ឧបករណ៍​ផ្សេងៗ​ទៀត​នឹង​ជួយ​សម្រួល​ដល់​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការទំនាក់ទំនង​គ្នា​ពេល​ចុះ​ល្បាត​ក្នុងព្រៃ និង​អាច​ទំនាក់ទំនង​គ្នា​លឿន ដើម្បី​ស្នើសុំ​អន្តរាគមន៍​សម្រាប់​ការទប់ស្កាត់​បទល្មើស​។

លោក​ថ្លែងថា​៖ «​កិច្ចការ​នេះ​គឺជា​កិច្ចការងារ​ចាំបាច់​បំផុត​សម្រាប់​យើង​ព្រោះថា ប្រសិនបើ​យើង​មិនមាន​បច្ចេកវិទ្យា​ទំនើប​ស្របទៅនឹង​ការរីកចម្រើន​បច្ចេកវិទ្យា​របស់​ពិភពលោក​ទេនោះ យើង​ប្រាកដជា​មិនអាច​ដើរ​តាម​ទាន់​ជនល្មើស​នោះទេ ពីព្រោះ​ជនល្មើស​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ផងដែរ​ក្នុង​ការផ្តល់​ព័ត៌មាន​ទៅវិញ​ទៅមក​ ដើម្បី​គេច​ចេញពី​សំណាញ់​ច្បាប់​»​។


ក្នុង​ឱកាស​នោះ​លោក​ក៏បាន​ជំរុញ​ និង​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​មន្ត្រី​ឧទ្យានុរក្ស​បន្ត​សិក្សា​រៀនសូត្រ​បន្ថែមទៀត​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ធ្វើ​ទំនើបកម្ម​ខ្លួនឯង និង​ធ្វើ​បច្ចុប្បន្នភាព​ខ្លួនឯង​ស្របតាម​ដំណើរការ​វិវឌ្ឍន៍​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​។


រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​រូបនេះ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២៦០ ​នាក់ ​ដែល​បាននិងកំពុង​ការពារ និង​អភិរក្ស​ទៅលើ​ផ្ទៃដី​ប្រមាណ ៧,៣ ​លាន​ហិកតា​ស្មើ​ប្រមាណ​ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា​ ដែល​ក្នុង​មន្ត្រី​ឧទ្យានុរក្ស ១ ​នាក់​ ជា​មធ្យម​ត្រូវការពារ និង​អភិរក្ស​ផ្ទៃដី​ជិត​ ៦ ​ពាន់​ហិកតា​។ ហេតុនេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នឹង​អាចឱ្យ​​មន្ត្រី​ឧទ្យានុរក្ស​ប្រតិបត្តិការ​ការងារ​បាន​ឆាប់រហ័ស និង​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ជាមួយ​គ្នា​នេះ លោក​រដ្ឋលេខាធិការ​បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត តស៊ូ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ និង​បំពេញការងារ​ដោយ​វិជ្ជាជីវៈ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​៕