ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសម្រេចចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដល់កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដើម្បីផ្តល់លទ្ធភាពក្នុងការបើកសាលារៀនថ្នាក់បឋមសិក្សា ហើយលោកនឹងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ នៅថ្ងៃសុក្រ ទី ១៧ ខែកញ្ញា ខាងមុខនេះ។
លោក ហ៊ុន សែន បានថ្លែងដូចនេះ តាមរយៈសារសំឡេងរបស់លោកនាថ្ងៃទី ១៥ ខែកញ្ញានេះ ដោយបានបញ្ជាក់ថា កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ បន្តសម្រាប់កុមារដែលមានអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ ឆ្នាំ ឈានជិតបញ្ចប់ផងដែរ។
លោកមានប្រសាសន៍ថា៖ «ការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់កុមារនេះនឹងត្រូវធ្វើក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឯថ្នាក់ជាតិយើងនឹងបើកវិមានសន្តិភាពដូចកាលយើងបើកដំណើរការចាក់លើកមុនដែរ ហើយខ្ញុំនឹងធ្វើសន្និសីទសារព័ត៌មានផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុគណៈកម្មការចាក់វ៉ាក់សាំងនៅតាមបណ្តារាជធានីខេត្តត្រូវប្រុងប្រៀបដើម្បីរៀបចំការបែងចែកវ៉ាក់សាំង និងរៀបចំក្រុមគ្រូពេទ្យ ដើម្បីអនុវត្តនូវការចាក់វ៉ាក់សាំងសម្រាប់កុមារដែលមានអាយុពី ៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ដែលមានចំនួនសរុបជាង ១,៨ លាននាក់៕