កែបៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​បរិស្ថាន​បានដាក់​ឡ​ដុត​សំរាម​នៅ​តាម​បណ្ដា​ស្រុក និង​អង្គភាព​នានា ចំនួន​ ៥៤ ​ទីតាំង នៅ​ ២០ ​រាជធានី-ខេត្ត​សម្រាប់​ដុត​សំណល់​សល់​ពី​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ហើយនឹង​បន្ត​ដាក់​តាម​ទីតាំង​មួយ​ចំនួន​ទៀត​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទីលាន​ចាក់សំរាម ឬ​តម្រូវ​ការចាំបាច់​។


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ឡដុត​សំរាម​សំណល់​រឹង សំណល់​គ្រោះថ្នាក់​ពី​មណ្ឌល​ចត្តាឡីស័ក មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ឬ​សំណល់​វេជ្ជសាស្ត្រ​ពី​មន្ទីរ​ព្យាបាល​ និង​មណ្ឌល​សុខភាព​នៅក្នុង​ខេត្ត​កែប​។

លោក​ថ្លែងថា​៖ «​ឡដុត​សំណល់​រឹង​សំរាម​ដែល​បាន​ដំឡើង​រួច បាននិង​កំពុង​ចូលរួម​ដុត​កម្ទេច​សំណល់​វេជ្ជសាស្ត្រ​ពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ និង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ខណៈ​ឡ​ទាំងនេះ គឺជា​ជំនួយ​បន្ថែម​លើ​ឡដុត​សំណល់​វេជ្ជសាស្ត្រ​ដែលមាន​ស្រាប់​នៅតាម​មន្ទីរពេទ្យ និង​តាម​មណ្ឌល​សុខភាព​នានា​ទូទាំងប្រទេស​កម្ពុជា​»​។

លោក នេត្រ ភក្ត្រា ថ្លែងថា ការគ្រប់គ្រង និង​វេចខ្ចប់​សំណល់​រឹង​សំរាម​ពី​មណ្ឌល​ចត្តាឡីស័ក និង​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ និង​ពី​អ្នកជំងឺ​ព្យាបាល​តាម​ផ្ទះ​រួម​នឹង​ការបាញ់​អាល់កុល​សម្លាប់​មេរោគ​ផង​នោះ​នឹង​ចូលរួម​បង្ការ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​បាន​យ៉ាង​ល្អប្រសើរ​។ ប៉ុន្តែ​ចំពោះ​សំណល់​វេជ្ជសាស្ត្រ បើ​គ្រប់គ្រង​មិនបាន​ល្អ​ទេ វា​នឹង​ក្លាយជា​គ្រាប់បែក​មេរោគ​បំផ្លាញ​សុខភាព​ពលរដ្ឋ​។


លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ថ្លែង​ថា ការរៀបចំ​ឡដុត​សំរាម​នេះ គោលបំណង​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​សំរាម សំណល់​រឹង​ចេញពី​មណ្ឌល​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ និង​សំណល់​វេជ្ជសាស្ត្រ​ផ្សេងទៀត​។


លោក​ថ្លែងថា​៖ «​ឡដុត​សំរាម​សំណល់​រឹង​នេះ​ពិតជា​មាន​ភាពចាំបាច់​សម្រាប់​ខេត្ត​កែប​ ដើម្បី​ប្រើប្រាស់​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​មកពី​មណ្ឌល​​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ដោយ​មិន​ឱ្យមាន​ការបោះចោល​ពាសវាល​ពាសកាល​ឡើយ​»​។

លោក នេត្រ ភក្ត្រា ថ្លែងថា ត្រូវធ្វើការ​រៀបចំ​ឱ្យមាន​ការបញ្ជ្រាប​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ គោលការណ៍ និង​វិធានការ​នានា​ស្តីពី​ការថែរក្សា​បរិស្ថាន រួមទាំង​វិធីសាស្ត្រ​នៃ​ការរក្សា​សុខភាព អនាម័យ សុវត្ថិភាព​ចំណីអាហារ​ជាដើម​។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​​វេចខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ញែក​សំរាម​តាម​ប្រភេទ ជាពិសេស​ត្រូវ​វេចខ្ចប់​សំណល់​សំរាម​ពី​មណ្ឌល​ព្យាបាល​អ្នកជំងឺ​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​ការបោះ​សំរាម​ចោល​ផ្តេសផ្តាស​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​ផាសុកភាព​។

លោក នេត្រ ភក្ត្រា ថា៖ «​ដើម្បី​គ្រប់គ្រង​កាកសំណល់​ឱ្យបាន​ត្រឹមត្រូវ និង​បង្ការ​ការឆ្លង​សូមអ្នក​ជំងឺ​ដែល​ព្យាបាល​នៅតាម​ផ្ទះ ត្រូវដាក់​សំរាម​នៅក្នុង​ស្បោង​ពណ៌​លឿង ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង និង​ដាក់​ដាច់ដោយឡែក​ពី​សំរាម​របស់​អ្នកដទៃ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​។ ត្រូវ​បាញ់ថ្នាំ ឬ​អាល់កុល សម្លាប់​មេរោគ​កូវីដ​ ១៩ នៅលើ​សំរាម​ទាំង​ក្នុង និង​ក្រៅ​ស្បោង ហើយ​ទុក​សំរាម​ដោយឡែក​មុនពេល​បញ្ចេញ​មក​ខាងក្រៅ​»​។

របាយការណ៍​ពី​មន្ទីរបរិស្ថាន​បានឱ្យដឹងថា សំរាម​សំណល់​រឹង​ដែល​បាន​បង្កើតឡើង​នៅតាម​មណ្ឌល​ចត្តាឡីស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំងប្រទេស​មាន​ប្រមាណ ១០០ ​តោន​ក្នុង​ ១ ​ថ្ងៃ​នាពេល​បច្ចុប្បន្ន តែ​ចំនួន​នេះ​អាច​មាន​ការធ្លាក់ចុះ​៕