កំពង់ឆ្នាំងៈ តំណាង​ពលរដ្ឋ​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា បាននាំគ្នា​មកជួប​អភិបាលខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ស្នើសុំ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដី​អាស្រ័យ​ផល ហើយ​ត្រូវបាន​អាជ្ញាធរខេត្ត​ទទួលយក​សំណើ​នេះ​ និង​បានសម្រេច​រៀបចំ​លិខិត​ស្នើសុំ​ក្រសួងមហាផ្ទៃ​ ដើម្បី​ជួយ​អន្តរាគមន៍​។


លោក នួន សុជាតិ តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ក្បាលដំរី​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែ​​កញ្ញា​ថា ក្រោយពី​ពលរដ្ឋ​បាន​បិទ​ផ្លូវជាតិ​លេខ​ ៥ ដើម្បី​តវ៉ា​ឱ្យ​អាជ្ញាធរ​ស្រុក​ជួយ​រក​ដំណោះស្រាយ​កាលពី​ថ្ងៃទី​ ១៩ ខែ​​កញ្ញា​មិន​ទទួលបាន​លទ្ធផល នៅ​ព្រឹក​ថ្ងៃទី​ ២០ ខែកញ្ញា ពលរដ្ឋ​មាន​គ្នា​ ៨ ​នាក់​បាន​នាំគ្នា​ទៅ​ជួប​អភិបាលខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ស្នើសុំ​ឱ្យ​មានការ​អន្តរាគមន៍​ដោះស្រាយ​ចំពោះ​ដី​អាស្រ័យផល​នៅ​ភូមិ​ក្បាលដំរី​ថ្មី ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក សុជាតិ បាន​អះអាងថា ដី​នៅ​ទីនោះ​ពលរដ្ឋ​បាន​អាស្រ័យផល​យូរណាស់​មកហើយ ពោលគឺ​តកូនតចៅ​តាំង​ពីមុន​សម័យ​ប៉ុលពត​មក​ម្ល៉េះ​។ ​ក្រោយមក​ទើប​អាជ្ញាធរខេត្ត​ពោធិ៍សាត់​កាត់​យក​ដី​នៅ​ទីនោះ​ដោយ​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ ១ ​គ្រួសារ​គឺ​ដី​ក្បាល​ ៥០ ​និង​បណ្តោយ​ ១០០ ​ម៉ែត្រ​ធ្វើឱ្យ​ពួកគាត់​មិនមាន​ដី​គ្រប់គ្រាន់​សម្រាប់​ធ្វើស្រែ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ខាង​ពោធិ៍សាត់​គេ​ធ្លាប់​កាត់​ឆ្វៀល​ដី​ឱ្យ​ពលរដ្ឋ​យើង​ប្រហែល​ ៥០០ ​ហិកតា ប៉ុន្តែ​ដី​ ៥០០ ​ហិកតា​ហ្នឹង បើ​យកមក​ចែក​ពលរដ្ឋ​យើង​នៅ​ខេត្តកំពង់ឆ្នាំង​នេះ​វា​អត់​ទាំងគ្រប់​គ្នា​ផង បើ​និយាយ​ពី​ក្បាល​ ៥០ ​បណ្តោយ​គុណ​នឹង​ ១០០ ​ហ្នឹង ព្រោះ​ពលរដ្ឋ​មាន​ជាង​ ៤០០ ​គ្រួសារ​ឯណោះ​»​។

លោក​បន្ថែមថា ក្នុង​រយៈពេល​ប្រមាណ​ ១៥ ​ថ្ងៃ​ចុងក្រោយ​នេះ​អាជ្ញាធរខេត្ត​ពោធិ៍សាត់​បាន​ដាក់​គ្រឿងចក្រ​មក​ឈូសឆាយ​លើ​ស្រែប្រាំង​របស់​ពួកគាត់​ដោយ​លើក​ជា​ផ្លូវ ដាក់​បង្គោល​ភ្លើង ធ្វើឱ្យ​ប៉ះពាល់​ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​ទៀតផង​។


ប៉ុន្តែ​រដ្ឋបាល​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​បានត្រឹមតែ​ចុះ​សម្របសម្រួល​ជាច្រើន​លើក​ច្រើនសា​តែប៉ុណ្ណោះ​។

លោក លាស់ ចន្ថា តំណាង​ពលរដ្ឋ​ម្នាក់ទៀត​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ដែរ​ថា រូបលោក និង​ពលរដ្ឋ​មាន​គ្នា​សរុប​ ១៣ ​នាក់​បាន​យក​របាយការណ៍​ និង​ពាក្យស្នើសុំ​អន្តរាគមន៍​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​សុំឱ្យ​មាន​ការចុះ​ជួយ​អន្តរាគមន៍​ផងដែរ​។

លោក​ ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង​ថ្លែង​កាលពី​ថ្ងៃ​ទី​ ២០ ខែកញ្ញា​ថា លោក​បាន​ជួបប្រជុំ​ផ្ទាល់​ជាមួយ​តំណាង​ពលរដ្ឋ និង​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​រាយការណ៍​តាមរយៈ​អាជ្ញាធរ​ស្រុក​ ដើម្បី​ធ្វើ​របាយការណ៍​មក​អាជ្ញាធរខេត្ត​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។

ជាមួយ​គ្នា​នោះ​លោក​អភិបាល​ខេត្ត​ក៏បាន​សម្រេច​ឱ្យ​ក្រុម​​ការងារ​ខេត្តកំពង់ឆ្នាំង​បន្ត​សហការ​គ្នា​ធ្វើ​ការងារ​ជាមួយ​ក្រុម​ការងារ​ខេត្តពោធិ៍សាត់ ព្រោះ​កន្លងមក​ដោះស្រាយបាន​ត្រឹម​កម្រិត​ ៥០០ ​ហិកតា ប៉ុន្តែ​តាមរយៈ​ការធ្វើជំរឿន​ប្រជាជន​ឃើញថា មាន​ដី​រហូត​ដល់ ១ ០៦១ ហិកតា​ឯណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ឥឡូវ​​នេះ អាជ្ញាធរ​ស្រុក​កំពុងតែ​ធ្វើ​ជំរឿន​ឱ្យ​ច្បាស់​ថែមទៀត​ ចំពោះ​​អ្នក​ដែល​មិនទាន់​បានធ្វើ​ជំរឿន​ហ្នឹង ដើម្បី​ឱ្យដឹង​តួលេខ​ច្បាស់​ហើយ​យើង​ធ្វើ​ការជួប​ជាមួយ​ពួកគាត់​ដើម្បី​ស្នើសុំ​ឯកឧត្តម​អភិបាលខេត្ត​ពោធិ៍សាត់​ឱ្យជួយ​ដោះស្រាយ​បន្ត​»​។

ម្យ៉ាងវិញទៀត​ករណីនេះ លោក​អភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​សម្រេច​ឱ្យ​រដ្ឋបាលខេត្ត​ធ្វើ​លិខិត​សុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ ព្រោះ​បញ្ហាដីធ្លី​នេះ​ពាក់ព័ន្ធ​នឹង​ព្រំប្រទល់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​។ លោក​ថ្លែងថា​៖ «​បញ្ហា​នៅ​ព្រំប្រទល់​យើង​អត់​ហ៊ាន​សម្រេច​ទេ ទាល់តែ​ក្រសួង​ទើប​អាច​សម្រេចបាន អ៊ីចឹង​យើង​កំពុង​ធ្វើលិខិត​ទៅ​ក្រសួង​។ ប៉ុន្តែ​ទំនាស់​ពលរដ្ឋ​យើង​ក៏​កំពុង​ខិតខំ​ដោះស្រាយ​រវាង​ខេត្ត និង​ខេត្ត​តទៀត​ដែរ​»៕

វីដេអូ៖