ភ្នំពេញៈ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ​នឹង​បន្ត​រៀបចំ​កម្មវិធី ​MPWT LIVE SHOW ​ក្រោម​ប្រធានបទ​ ការស្វែងយល់​ពី​ស្លាកលេខ​ពិសេស​ និង​ពិសេស​ផ្ទាល់​ខ្លួន​ សម្រាប់​រថយន្ត ​នៅ​ថ្ងៃទី ៣០​ ខែកញ្ញា ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ចម្ងល់​អាច​ចោទសួរ ​និង​ទទួល​បាន​ព័ត៌មាន​លម្អិត​ពី​ក្រសួង។


លោក​ ហ៊ាង សុទ្ធាយុទ្ធ ​អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២១​ កញ្ញា​ ថា​ កម្ម​វិធី​លើក​ទី២​ នេះ ​នឹង​ត្រូវ​ចូល​រួម​ពី​វាគ្មិន​កិត្តិយស ​លោក​ស្រី កុយ​ សុដានី​ រដ្ឋលេខាធិកា​រ និង​ជាប្រធាន​គណៈកម្មការ​អន្តរក្រសួង​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត។ កម្មវិធី​នេះ ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ​គ្រប់រូប​អាច​ធ្វើការ​សួរសំណួរ ​ដោយ​ទម្លាក់​ចូល​ក្នុង​ខមមិន ​(Comment)​ ដើម្បី​ឱ្យ​លោកស្រី​វាគ្មិន​ឆ្លើយ​តប​ជូន​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​។

លោក​ថ្លែងថា​៖ «កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ឡើង ​ដើម្បី​ធ្វើការ​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ ​និង​បណ្តា​សារព័ត៌មាន ​លើកជា​សំណួរ​ជុំវិញ​វឌ្ឍនភាព​ការងារ​ក្នុង​វិស័យ​សាធារណការ ​និង​ដឹកជញ្ជូន ​ដែល​ត្រូវគ្នា​នឹង​ប្រធានបទ​នៃ​វគ្គ​នីមួយៗ»។

លោក​ ប៉ិច ពិសី ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​(TI) ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២២ ​កញ្ញាថា​ នេះ​គឺជា​រឿង​ល្អ​មួយ​របស់​ក្រសួង​សាធារ​ណការ​និង​ដឹកជញ្ជូន ​ដើម្បី​ឱ្យ​មាន​ប្រជាពលរដ្ឋ​អាច​ចោទសួរ ​និង​ឆ្លងឆ្លើយ​រវាង​មន្ត្រី​អ្នកផ្តល់​សេវា ​និង​ប្រជា​ពលរដ្ឋ​អ្នកទទួល​សេវា​សាធារណៈ​ តាមរយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​បណ្តាញ​សង្គម។


លោក​ថា ​ការឡាយ​តាម​ហ្វេសប៊ុក​នេះ ​វា​កាន់តែ​ល្អ ​ព្រោះ​អាច​ឆ្លើយ​សំណួរ​របស់​ប្រជាពលរដ្ឋ​តាម​ស្ថានភាព​ជាក់ស្តែង ​បើសិនជា​ក្រសួង​ផ្តល់​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ផ្តល់​មតិ​ទាក់ទង​នឹង​សេវា ​ដោយ​មិនមាន​ការដាក់​កំហិត​ ឬ​ក៏​មិនមាន​ការព្រួយ​បារម្ភ ​បន្ទាប់ពី​ការសួរ​រួច។ នេះ​បង្ហាញ​ពី​បញ្ហា​ពិត​ដែល​បាន​កើតឡើង​ដល់​ថ្នាក់​ដឹកនាំ​ដែល​ក្រសួង​ផ្សេងៗ ​គួរ​យក​គំរូ​តាម។


លោក​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា ​នេះគឺជា​ការជំរុញ​ឱ្យ​មាន​តម្លាភាព ​និង​ការទទួល​បាន​ព័ត៌មាន​ពី​ក្រសួង។ ខ្ញុំ​ឃើញ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​[ស៊ុន ចាន់​ថុល] ​គាត់​ច្រើន​តែ​ដឹក​មុខ​គេ ​លើ​ការជំរុញ​បញ្ហា​នេះ។ មួយ​ទៀត​ បើ​ក្រសួង​ដទៃ​ធ្វើ​ដូចគ្នា​នេះ​បានទៀត​ វា​កាន់តែ​បង្កើន​ប្រសិទ្ធភាព ​និងប្រសិទ្ធ​ផល​ដល់​សេវា​របស់​គាត់»។

កម្មម្មវិធី​ MPWT Live Show ​លើក​ទី១ ​ត្រូវបាន​រៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃទី ៣០ ​សីហា ​ឆ្នាំ ២០២១ ​ក្រោម​ប្រធានបទ​ «វឌ្ឍនភាព​ការងារ​វិស័យ​សាធារណការ ​និង​ដឹក​ជញ្ជូន» ​ដែល​លោក​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ ធ្វើជា​វាគ្មិន​ ដើម្បី​បង្ហាញ​ជូន​អំពី​វឌ្ឍន​ភាព​សមិទ្ធផល ​និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង ​ក៏ដូចជា ​រាជរដ្ឋាភិបាល​លើ​ការងារ​ស្តារ ​និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​នៅ​កម្ពុជា ​ទៅកាន់​ប្រជាពលរដ្ឋ។

កម្មវិធី​ MPWT Live Show ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ និង​សម្បូរបែប​ជូន​ប្រជា​ពល​រដ្ឋ​អំពី​បេសកកម្ម ​ចក្ខុវិស័យ ​កិច្ចខិតខំ​ប្រឹងប្រែង ​សមិទ្ធផល ​និង​វឌ្ឍនភាព​ការងារ​របស់​ក្រសួង ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​និង​ឆ្លើយ​តប​រាល់​ចម្ងល់​នានា​របស់​សាធារណជន​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ ​និង​ដឹកជញ្ជូន​ ផង​ដែរ។

ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​ពលរដ្ឋ ​ពាក់ព័ន្ធ​នឹង​ផ្លូវថ្នល់ ​វឌ្ឍនភាព​ការងារ​ផ្លូវ​ជាតិ​មួយចំនួន ​ផ្លូវ​ក្នុង​ក្រុង ​បច្ចេកទេស​ផ្លូវ​ថ្នល់​ជាដើម ​លោក ​ស៊ុន​ ចាន់ថុល​ បានបញ្ជាក់​អំពី​សារៈសំខាន់​ នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ ថ្នល់​ ស្ពាន​ ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យមាន​ការរីក​ចម្រើន ​ជាពិសេស ​ការធ្វើ​សមាហរណកម្ម​ផ្ទៃ​ប្រទេស ​ការដឹក​ជញ្ជូន​ទំនិញ ​និង​ទេសចរណ៍​ជាដើម៕

វីដេអូ៖