តាកែវៈ អាជ្ញាធរខេត្តតាកែវសម្រេចបិទខ្ទប់ភូមិចំនួន ៨ ថែមទៀត ក្នុងស្រុកអង្គរបុរី ដើម្បីការពារការឆ្លងមេរោគបំប្លែងថ្មីដែលតា ខណៈខេត្តសៀមរាបបិទផ្សារបន្ទាយស្រី និងបន្តបិទផ្សារដំដែករយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ២១ ខែកញ្ញា រហូតដល់ថ្ងៃទី ៤ ខែតុលា។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ នៅថ្ងៃទី ២១ ខែកញ្ញា បានសម្រេចបិទខ្ទប់ភូមិចំនួន ៨ ដែលមានភូមិសាមគ្កី ភូមិស្ទឹងកំបុត ភូមិព្រៃសំបូរ ភូមិទួលសាំងក ភូមិទួលសាំងខ ឃុំអង្គរបុរី និងបិទខ្ទប់ផ្នែកខ្លះនៃភូមិធ្លកយុល ភូមិអម្ពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។
ការបិទខ្ទប់នេះធ្វើឡើងក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតានៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ចាប់ពីម៉ោង៤រសៀល ថ្ងៃទី ២១ ខែកញ្ញា រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងលិខិតលោក អ៊ូច ភា បានលើកឡើងថា អំឡុងពេលនៃការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវហាមឃាត់ការធ្វើដំណើរចេញចូល លំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន និងហាមឃាត់ការជួបជុំ ឬប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់។ លោកថារាល់ការលើកលែង បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាលនិងអនុវត្តតាមវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ។
លោកថ្លែងថា៖ «ប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកអង្គរបុរី និងរដ្ឋបាលឃុំអង្គរបូរី ឃុំពន្លៃ ឃុំគោគធ្លក ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្រដែលត្រូវបិទខ្ទប់សម្រាប់ទទួលការអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តវិធានការសុខាភិបាល ការផ្តល់សេវាសុខាភិបាលទូទៅក្នុងភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់» ។
លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបុរី ថ្លែងនៅថ្ងៃទី ២២ ខែកញ្ញាថា មន្ត្រីសុខាភិបាលកំពុងតាមដាន និងបន្តយកសំណាកជាបន្តបន្ទាប់នៅទីតាំងភូមិដែលត្រូវបានបិទខ្ទប់។ លោកថា ភូមិដែលត្រូវបានបិទខ្ទប់កើនដល់ ១១ ភូមិហើយ បើបូករួមជាមួយភូមិចំនួន ៨ ដែលទើបត្រូវបានប្រកាសបិទខ្ទប់នេះ ។
លោកថ្លែងថា៖ «ដែលតាយើងធម្មតាយើងត្រូវបិទ ២១ ថ្ងៃ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងយើងអត់ដាក់ ២១ ថ្ងៃទេ។ បិទហើយយើងយកសំណាក បើមានអ្នកវិជ្ជមានអាហ្នឹងយើងតាមដានទៀត បើសិនជានៅមានទៀត អាហ្នឹងយើងវាយតម្លៃតាមភាគរយហ្នឹងត្រូវបិទបន្តក្នុងរយៈពេលណាមួយតាមជាក់ស្តែង អ៊ីចឹងទៅ»។
នៅថ្ងៃជាមួយគ្នានោះអាជ្ញាធរខេត្តសៀមរាប ក៏បានសម្រេចបិទផ្សារបន្ទាយស្រី នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី ៤ ខែតុលាផងដែរ។
លិខិតរបស់លោកទៀ សីហា អភិបាលខេត្តនេះបានឲ្យដឹងថា ផ្សារដែលត្រូវបិទនោះជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយការបិទនេះធ្វើឡើង ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានឱ្យដឹងនៅថ្ងៃទី ២២ ខែកញ្ញាថា មានអាជីវករក្នុងផ្សារបន្ទាយស្រី២៤នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ ក្នុងចំណោមជាង ២០០ នាក់ ដែលបានធ្វើតេស្តពីថ្ងៃទី ២១ ខែកញ្ញា។ លោកថា មន្ត្រីសុខាភិបាលកំពុងបន្តយកសំណាកជាង ១០០ នាក់ទៀត ដែលជាប់ពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានកូវីដទាំងនោះ។
លោកបញ្ជាក់ថា អ្នកដែលពាក់ព័ន្ធផ្ទាល់ត្រូវធ្វើចត្តាឡីស័កទាំងអស់ ដោយឡែកអ្នកអ្នកពាក់ព័ន្ធដោយប្រយោល និងអាជីវករផ្សេងទៀតទោះបីអវិជ្ជមានក៏ដោយ ប៉ុន្តែមានពាក់ព័ន្ធដោយផ្ទាល់ហើយនៅតែចង់លក់ដូរ។ អាជ្ញាធរស្រុកកំពុងរៀបចំទីតាំងថ្មីស្ថិតនៅចម្ងាយជាង ២០០ មែត្រ ពីផ្សារដែលត្រូវបានបិទ ដើម្បីឲ្យពួកគាត់អាចលក់ដូរបាន ។
លោកថ្លែងថា៖ «កន្លែងលក់ថ្មីហ្នឹងយើងរៀបតែ ២២ តូបទេ សម្រាប់បន្លែ ត្រី សាច់ ពីព្រោះតម្រូវការប្រចាំថ្ងៃយើងមិនអាចអត់ផ្សារបានដែរ។ អ៊ីចឹងដើម្បីឲ្យមានសុវត្ថិភាពគឺយើងរៀប កន្លែងលំហ ទីវាល មានរក្សាគម្លាតសុវត្ថិភាព ហើយអ្នកលក់ទាំងអស់ សុទ្ធតែធ្វើតេស្តមានលទ្ធផលអវិជ្ជមានទើបលក់បាន» ។
ក្រៅពីផ្សារបន្ទាយស្រីអាជ្ញាធរខេត្តសៀមរាប បានសម្រេចបន្តបិទផ្សារដំដែកស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាបណ្តោះអាសន្នរយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទី ២១ ខែកញ្ញា រហូតដល់ថ្ងៃទី ៤ ខែតុលា ផងដែរ។
ដោយឡែកអាជ្ញាធរខណ្ឌទួលគោករាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា បានសម្រេចបិទវត្តនាគវ័នដែលស្ថិតនៅសង្កាត់បឹងកក់ ១ ខណ្ឌទួលគោកជាបណ្ដោះអាសន្ន បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ចំនួន ៣ នាក់។ បើតាមអាជ្ញាធរខណ្ឌទួលគោគ អ្នកវិជ្ជមានទាំង ៣ នាក់នោះ មានតាអាចារ្យម្នាក់ និងនិស្សិតស្នាក់នៅក្នុងវត្តចំនួន ២ នាក់៕