លោក​នាយក​រដ្ឋមន្ត្រី៖ ចំនួន​វត្ត​ស្ទើរ​តែ​ពាក់​កណ្តាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ថា មាន​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់​​ពី​ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក

Content image - Phnom Penh Post
គ្រូពេទ្យកំពុងយកសំណាកព្រះសង្ឃដែលគង់នៅក្នុងវត្តចាក់អង្រែលើ ថ្ងៃទី ២៤​ ខែកញ្ញា។ រូបភាព យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា ចំនួន​វត្ត​ស្ទើរ​តែ​ពាក់​កណ្តាល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​រក​ឃើញ​ថា មាន​អ្នក​បានឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​គ្រប់​វត្ត​ទាំងអស់ និង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រកាន់​យក​វិធានការ​សុខាភិបាល ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺនេះ។

ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​រក​វីរុស​កូវីដ១៩ នៅ​វត្ត​អារាម​ទាំង​អស់​ចំនួន​ជាង ១៥០​វត្ត​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល ២ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​២៤ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា បន្ទាប់​ពី​វត្ត​មួយ​ចំនួន​មាន​ការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​នូវ​វីរុស​កូវីដ ១៩ ក្នុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ថ្ងៃ​ទី​១ និង​ទី ២។

តាម​រយៈសារ​ជា​សំឡេង​នៅ​ថ្ងៃ​ទី​ ២៥ ខែកញ្ញា នេះ លោក ហ៊ុន សែន ថ្លែងថា៖«ម្សិលមិញ​នេះ ខាង​ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​នៅគ្រប់​វត្ត។ ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​វត្ត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​គឺ​មាន​ឆ្លង​នៃ​ជំងឺ​កូវីដ​១៩ នេះ»។

លោកបន្តថា៖ «នៅក្នុង​ពេល​ជំងឺ​រាតត្បាត​នេះ​កើត​ឡើង ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​បែរ​ជា​មាន​ការ​ធ្វេស​ប្រហែស ដោយ​យល់​យោគ​ទៅ​លើ​សភាពការណ៍ ដែល​ឃើញ​ថា​មាន​ការ​ស្រុត​ចុះ​បន្តិច​នៃ​ជំងឺ​កូវីដនេះ យើង​ក៏​បាន​ចាប់​ផ្តើម​ឱ្យ​មាន​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ទៅ​តាម​ទំនៀម​ទម្លាប់​ឡើង​វិញ»។

លោក ហ៊ុន សែន ថ្លែងថា ក៏​ប៉ុន្តែ​ត្រឹម​តែ​រយៈពេល ៣ ថ្ងៃ​តែ​ប៉ុណ្ណោះ ចំនួន​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​បាន​កើត​ឡើងដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ដែល​មាន​ត្រឹម​តែ​ចន្លោះ​ប្រមាណ ៤០០ នាក់​ទៅ ៦០០ នាក់​ក្នុង​មួយ​ថ្ងៃ កើន​លើស​ពី ៨០០ នាក់ និង​ចំនួន​អ្នកស្លាប់​កើន​ឡើង​ជាង ២០ នាក់​ក្នុង​មួយ​ថ្ងៃ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ។

លោករំឭក​ឡើង​វិញ​ថា វ៉ាក់សាំង​ជំងឺ​កូវីដ១៩ តែ​មួយ​មុខ គឺ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ទប់​ស្កាត់​ជំងឺ​នេះ តែ​វា​គ្រាន់តែ​កាត់​បន្ថយ​ ​មិន​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់​បន្ថយ​ការ​ស្លាប់​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រកាន់​យក​វិធានការ​សុខាភិបាល គឺ ៣ ការពារ និង ៣​កុំ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺនេះ។

លោក​ថ្លែង​ថា៖ «ចំណុច​នេះ គឺ​ជា​ចំណុច​ដើម្បី​រក្សា​នូវ​ជីវិត​របស់​ប្រជាជន រក្សា​នូវ​សុខភាព​របស់​ប្រជាជន។ ដូច្នេះ​ហើយ បើ​សិន​ជា​យើងរក្សា​បាន​ជីវិត យើង​នៅ​មាន​ឱកាស​ធ្វើ​បុណ្យ​ធ្វើ​ទាន​រាប់​សិប​ឆ្នាំ​តទៅ​ទៀត​សម្រាប់​អ្នក​ដែល​មាន​វ័យ​ក្មេង និង​រាប់​ឆ្នាំ​ទៅ​ទៀត​សម្រាប់​អ្នក​ដែលមាន​វ័យ​ចំណាស់។ ដូច្នេះ វា​មិនមែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​ការ​សម្រេច​ចិត្ត​មួយ​ដែល​ត្រូវ​ធ្វើ​បែប​នេះ​នោះ​ទេ»។

លោក ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការ​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់​ពី​បិណ្ឌ៤ រហូត​ដល់​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្រោយ​ពិនិត្យ​ឃើញ មាន​ការ​ជួបជុំ និង​ប្រមូល​ផ្តុំ​មនុស្ស​ជាច្រើន​នៅ​តាមបណ្តា​វត្តអារាម។

លោក​ថ្លែង​តាម​រយៈសារ​ជា​សំឡេង​នេះ​ថា៖ «​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​សង្ឃឹម​ថា បងប្អូន​ជនរួម​ជាតិ ព្រះសង្ឃ ក៏​ដូចជា​បងប្អូន​ជន​រួមជាតិ​របស់​យើងដែល​ជា​ពុទ្ធបរិស័ទ ពុទ្ធសាសនិក​ពិត​ជា​នឹង​យោគ​យល់​បាន​នូវ​ការ​សម្រេច​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ​ដើម្បី​ធានា​ដល់​ជីវិត​របស់​ប្រជាជន​យើង ព្រោះ​ថា​ប្រសិន​បើ​មាន​ការ​រីករាលដាល​វត្ត​ដែល​មាន​ឆ្លង​ប្រមាណ​ជា​ពាក់​កណ្តាល​ចំនួន​វត្ត​នៅ​ទីក្រុង​ភ្នំពេញ​នេះ ត្រូវ​បាន​បន្ត​នៅ​ថ្ងៃនេះ​ហើយរហូត​ទៅ​ដល់​ថ្ងៃភ្ជុំ តើ​យើង​នឹង​មាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប៉ុន្មាន​ទៀត​ទៅ​ដែល​ត្រូវ​ឆ្លង»។

លោកនាយករដ្ឋមន្ត្រីបន្តថា អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត​នោះគឺ​ការ​ឆ្លង​ជំងឺកូ​វីដ១៩ ចាប់​ផ្តើម​ចេញ​ពី​វត្តអារាម ជា​ទី​ដែល​ប្រជាពលរដ្ឋ​បាន​មក​ធ្វើបុណ្យ​ហើយ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​វត្តអារាម​ដោយ​នាំ​នូវ​ជំងឺ​ទៅ​កាន់​ក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​ជំងឺនេះ​មិនមែន​ត្រឹម​តែ​កើតឡើង​ក្នុង​រាជធានីភ្នំពេញ​នោះ​ទេ តែ​វា​រាលដាល​ដល់​ទី​ជនបទ។

លោកថ្លែងថា៖ «ដូច្នេះ សភាពការណ៍នេះ​ជា​សភាពការណ៍​ដ៏​អាក្រក់​សម្រាប់​ការ​ព្យាករ​ទុក​របស់​ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ។ ពិត​ហើយ គឺ​យើង​មិន​ឱ្យ​ព្រះ​សង្ឃ​របស់​យើង​ដាច់​ចង្ហាន់​នោះ​ទេ។ ខ្ញុំ​នៅ​ក្នុង​ការ​បញ្ជា​ទាក់​ទិន​នឹង​ការ​ដាក់​ចេញ​នូវ​វិធានការ​បិទ [ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ] ត្រូវ​ធ្វើ​ទាំងយប់​ដើម្បី​ធានា​ថា​អនុញ្ញាត​ឱ្យ​បន្ត​កាន់​បិណ្ឌ​ទី​៣ ប៉ុន្តែ​បិណ្ឌ​ទី៤ ត្រូវ​បានផ្អាក តែ​ប្រជាជន​យើង​ក៏​នៅ​មាន​ឱកាស​ចាត់​តាំង​ដើម្បីជាមួយ​នឹង​អាជ្ញាធរ​សម្រប​សម្រួល​គ្នា​ដើម្បី​នាំ​ចង្ហាន់ ឬ​ក៏​នាំ​ទ័យ​វត្ថុ​ដើម្បី​យក​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​ដដែល»៕

វីដេអូ៖

ព័ត៌មានថ្មីៗ