ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបង្ហាញសុទិដ្ឋិនិយមថា អាស៊ាន និងសហរដ្ឋអាមេរិកនឹងបញ្ចប់ការរាតត្បាតជំងឺកូវីដ ១៩ ដើម្បីបើកឱ្យដំណើរការឡើងវិញនូវការធ្វើដំណើរ និងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងអាស៊ាន អាមេរិក និងប្រទេសផ្សេងៗទៀត។
លោកលើកឡើងដូច្នេះក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ ខែកញ្ញា តាមប្រព័ន្ធវីដេអូក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា បញ្ជាក់ថា៖ «ឯកឧត្តម [ប្រាក់ សុខុន] បានសម្តែងនូវសុទិដ្ឋិនិយមថា អាស៊ាន និង សហរដ្ឋអាមេរិកនឹងបញ្ចប់ជំងឺរាតត្បាតកូវីដ ១៩ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអាចចាប់ផ្តើមឡើងវិញនូវការធ្វើដំណើរដោយសុវត្ថិភាព ការផ្លាស់ប្តូរធុរកិច្ច និងសេដ្ឋកិច្ច ដោយមិនត្រឹមតែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និង ស.រ.អា ព្រមទាំងជាមួយនឹងប្រទេសនានាក្នុងសកលលោកផងដែរ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា លោក ប្រាក់ សុខុន បានចែករំលែកការព្រួយបារម្ភអំពីផលអវិជ្ជមានដែលបណ្តាលមកពីភាពស្មុគស្មាញដែលកំពុងតែកើនឡើង និងភាពធ្ងន់ធ្ងរនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់ ហើយអាមេរិកបានប្តេជ្ញាចិត្តធ្វើការជាមួយអាស៊ាន ដើម្បីជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់។
ប្រភពដដែលបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ និងផលប៉ះពាល់ដ៏ធំធេងរបស់ជំងឺនេះ និងធានាការស្តារសេដ្ឋកិច្ចឡើងវិញឱ្យរឹងមាំ។
កិច្ចប្រជុំនេះបានគាំទ្រសំណើសេចក្ដីប្រកាសថ្នាក់ដឹកនាំអាស៊ាន-សហរដ្ឋអាមេរិកស្តីពីការអភិវឌ្ឍឌីជីថល ដែលនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី ៩ នៅខែតុលា ខាងមុខនេះដែលអាចនឹងពង្រឹងការត្រៀមខ្លួនរបស់អាស៊ានសម្រាប់បដិវត្តន៍ឧស្សាហកម្មទី ៤ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការតភ្ជាប់ទំនាក់ទំនងឌីជីថល និងគម្លាតការអភិវឌ្ឍព័ត៌មានវិទ្យានៅក្នុងអាស៊ាន។
អាស៊ានបានសរសើរដល់ការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះសកម្មភាពគ្រប់ជ្រុងជ្រោយឆ្ពោះទៅរកការបញ្ចប់ជំងឺរាតត្បាតសកលក៏ដូចជាការផ្តល់វ៉ាក់សាំងចំនួនជាង ២៣ លានដូស និងទឹកប្រាក់ជិត ១៦០ លានដុល្លារក្នុងក្របខ័ណ្ឌជំនួយសម្រាប់សង្គ្រោះបន្ទាន់ផ្នែកសុខាភិបាល និងមនុស្សធម៌ដល់ប្រទេស ជាសមាជិកអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីជួយដល់អាស៊ានក្នុងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលភាពបន្ទាន់ផ្នែកសុខភាពសាធារណៈអាស៊ាន។
អាស៊ាន និងសហរដ្ឋអាមេរិកលើកឡើងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ មិនគួរយកមកធ្វើជាឧបករណ៍នយោបាយ និងបានជំរុញការចាក់វ៉ាក់សាំងដល់ប្រជាជនជុំវិញពិភពលោកឱ្យបានឆាប់រហ័សបំផុត។
អាស៊ានបានស្វាគមន៍ចំពោះសំណើសហរដ្ឋអាមេរិកក្នុងការពង្រីកទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ក្នុងវិស័យដឹកជញ្ជូន សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាចស្ត្រី ថាមពល ការការពារបរិស្ថាន និងបម្រែបម្រួលអាកាសធាតុហើយរំពឹងថានឹងធ្វើសកម្មភាពរួមគ្នានាពេលដ៏ខ្លីខាងមុខ៕