ព្រះវិហារៈ កម្ពស់​ទឹកស្ទឹង​សែន​នៅ​ខេត្ត​​ព្រះវិហារ​ហក់​ឡើងដល់​ជិត ១១,៤ ម៉ែត្រ​គឺ​នៅ​កៀក​នឹង​កម្រិត​ប្រកាសអាសន្ន ១១,៥ ម៉ែត្រ ហើយ​អាជ្ញាធរខេត្ត​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀម​បង្ការ​គ្រោះមហន្តរាយ​ជាយថាហេតុ​ដោយ​ទឹកជំនន់។


រដ្ឋបាលខេត្ត​ព្រះវិហារ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី ២៥ ខែកញ្ញា នេះ ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ប្រុងប្រយ័ត្ន និង​ត្រៀម​បង្ការ​នូវ​គ្រោះមហន្តរាយ​ជាយថាហេតុ​ដោយ​ទឹកជំនន់។ យោងតាម​របាយការណ៍​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ព្រះវិហារ គិត​ត្រឹម​វេលា​ម៉ោង ៦.២៧ ព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ទឹកស្ទឹងសែន​នៅ​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ទឹក​មាន​កម្ពស់ ១១,៣៨ ម៉ែត្រ ហើយ​កម្ពស់​ទឹកស្ទឹងសែន​ដែល​ត្រូវ​ប្រកាសអាសន្ន​គឺ ១១,៥០ ម៉ែត្រ»។

រដ្ឋបាលខេត្ត​នេះ​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី ២៤ ខែកញ្ញា​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​ទាំងមូល​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​កំពុងតែបន្ត​ភ្លៀង ដែល​ធ្វើឱ្យ​ទឹកស្ទឹងសែន​ហក់​ឡើង​ខ្លាំង លឿន និង​អាចឈាន​ទៅដល់​កម្រិត​មួយ​បង្កឱ្យមាន​ការលិចលង់ និង​ត្រៀម​បង្ការ​សង្គ្រោះ។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា៖ «ដើម្បី​ធានា​សុវត្ថិភាព និង​បង្ការ​នូវ​គ្រោះមហន្តរាយ​ជាយថាហេតុ សូម​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ ជាពិសេស​បងប្អូន​ដែល​កំពុង​រស់នៅ​តាម​ដង​ស្ទឹងសែន និង​មាត់​ទន្លេមេគង្គ ព្រមទាំង​បងប្អូន​ដែល​កំពុងតែ​រស់នៅ​តាម​តំបន់​ងាយ​រងគ្រោះ​ ដោយសារ​ទឹកជំនន់​មួយចំនួន មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព​ដែល​នៅ​ជិត ចៀសវាង​កើតមានឡើង​នូវ​គ្រោះថ្នាក់ផ្សេង»៕