ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ប្រកាស​នៅ​ថ្ងៃទី ២៥ ខែកញ្ញា​នេះ​ថា រយៈពេល​ជាង ១ ឆ្នាំ​កន្លងទៅនេះ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា ១ ៧៦៣ ២៤៧ ០៤៦ ០០០ រៀល ស្មើនឹង ៤៤០,៨១ លាន​ដុល្លារ​អាមេរិក ជូន​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។


យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​នៅ​ថ្ងៃទី ២៥ ខែកញ្ញា​នេះ បង្ហាញថា ចាប់ពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ ១ ៧៦៣ ២៤៧ ០៤៦ ០០០ រៀល ស្មើនឹង ៤៤០,៨១ លាន​ដុល្លារ​អាមេរិក ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩។

សេចក្តី​ជូនដំណឹង​ដដែល​បានឱ្យដឹងថា កាលពី​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ហើយ​ក្រសួង​ក៏បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កម្មវិធី​នៅ​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ ២០២០ មកដល់​បច្ចុប្បន្ន​បាន​ចំនួន ៦ ជុំ មាន ១៥ លើក​រួចមក​ហើយ។

ក្រសួង​សង្គមកិច្ច​បញ្ជាក់ថា៖ «សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី ៦ លើក​ទី ៣ មាន​រយៈពេល ៣០ ថ្ងៃ និង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ រហូត​ដល់​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១»។


បើតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​គិត​ត្រឹម​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ វេលា​ម៉ោង ៦ ល្ងាច ការបើក​ផ្តល់​ជុំ​ទី ៦ លើក​ទី ២ ត្រូវបាន​បញ្ចប់។ ក្នុងនោះ សរុប​គ្រួសារ​ដែល​ត្រូវបាន​ទទួល​សេវា​ឧបត្ថម្ភ​មានគ្រួសារ ក្រ ១ ចំនួន ២៤៩ ៣០៤ និង គ្រួសារ​ក្រ ២ មាន​ចំនួន ៤២៤ ១៨៣ មាន​សមាជិក​ចំនួន ២ ៦៦០ ៧២៦ រាជរដ្ឋាភិបាល​បាន​ចំណាយ​ទឹកប្រាក់​សរុប ១២០ ១៨៤ ០៦០ ០០០ រៀល៕