សមត្ថកិច្ច​ឃាត់ខ្លួន​បុរសម្នាក់​ ករណី​បាញ់​អ្នករើស​អេតចាយ​ដែល​សង្ស័យ​លួចដែក​បណ្ដាល​ឱ្យ​ស្លាប់​

Content image - Phnom Penh Post
សពបុរសដែលស្លាប់ក្រោយដឹកយកទៅមន្ទីរពេទ្យ។ រូបថត BKN

ភ្នំពេញៈ នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​បាញ់​យុ​វជន​រើស​អេត​ចាយ​ម្នាក់​បណ្ដាល​ឱ្យស្លា​ប់ និង​ចាប់​បាន​បក្ខ​ពួក​ជនរ​ង​គ្រោះ​ម្នាក់ ​ករណី​សង្ស័យ​លួចដែក​ កាល​ពី​ទៀបភ្លឺ​ថ្ងៃទី ​២៤​ កញ្ញា​ នៅ​ភូមិ​ចាក់​ជ្រូក​ សង្កាត់​ត្រពាំង​ក្រ​សាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ។

លោក​ សាន សុខ​សីហា អ្នក​នាំពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ថ្ងៃទី ២៦​ កញ្ញា​ថា ករណី​​បាញ់​មនុស្ស​ស្លាប់​នេះ​គឺ​សមត្ថ​កិច្ច​ជំនាញ​កំពុង​ស៊ើប​អង្កេត​បន្ត​ទៀត​ ប៉ុន្តែ​លោក​មិន​បង្ហាញ​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​ទេដោយ​គ្រាន់​ឆ្លើយ​យ៉ាង​ខ្លីថា​៖ «ជំនាញ​កំពុង​សហ​ការ​ធ្វើ​កិច្ច​នេះ»​​។

ទោះ​ជាយ៉ាង​ណា​ មន្ត្រី​នគ​របាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ២៦ កញ្ញា​ថា​ ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​ ខឿន វ៉ាន់​ឌឿ​ន ភេទ​ប្រុស អាយុ ១៨ ឆ្នាំ។ រីឯ​ជន​សង្ស័យ​ឈ្មោះ​ម៉ា ច័ន្ទ​រិទ្ធី អាយុ ២៦ ឆ្នាំ​រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំពេញ។

មន្ត្រី​រូបនេះបាន​បន្តថា៖ «ករណី​នេះ ​ខាង​ការិយាល័យ​ព្រហ្មទ​ណ្ឌ​រាជធានី​ភ្នំពេញ​ជា​អ្នក​កាន់​សំណុំ​រឿង​នេះ​។ ប៉ុន្តែ​ខាង​ខណ្ឌ​យើង​ក៏​សហការ​ដែរ»។

លោកបាន​​រៀប​រាប់​ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា កាលពី​ម៉ោង​ជាង​១រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃទី ២៤ កញ្ញា ​មាន​បុរស​ចំនួន ៤ នាក់ ​បាន​ដើរ​អូស​រទេះ​អេត​ចាយ​ហើយ​បាន​លួច​ដែក​ពី​ផ្ទះ ១​ កន្លែង។ពេលនោះ​ម្ចាស់​ដែក​ទាន់​ហើយ​បាន​ដេញ​ក្រុម​ជន​ទាំង​នោះ​ តែ​ត្រូវ​ជន​ទាំង​ ៤ នាក់​យក​ដែក​ត្បែង​ដេញ​វាយ​ម្ចាស់​ដែក​វិញ។

ប្រភព​ដដែល​បាន​បន្តថា​ដោយ​ឃើញ​ជន​ទាំង៤នាក់​ដេញ​វាយ​ឪពុក​ក្មេក​ក៏​ស្រាប់តែ​បុរស​ជា​កូន​ប្រសា​(ជនសង្ស័យ)យក​កាំភ្លើងខ្លី​បាញ់​ត្រូវ​ជនរងគ្រោះ​ឈ្មោះ​ខឿន វ៉ាន់​ឌឿ​ន ចំ​គល់​ក្លៀក​ខាងស្តាំ១គ្រាប់​របួសធ្ងន់​ ហើយ​ត្រូវ​អ្នក​នៅជិត​កន្លែងកើតហេតុ​នាំគ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តែ​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ត្រី​ពេទ្យ​បាន​បន្តិច​។

មន្ត្រី​នគរ​បាលរូប​នោះបាន​បន្ត​ដោយផ្អែក​តាម​សម្តី​ម្ចាស់​ដែកដែរ​ថា​ តា​មពិតទៅ​ក្រុម​អ្នកដើរ​រើស​អេត​ចាយ​នោះធ្លាប់បាន​លួច​ដែក​កាលពី​ថ្ងៃទី២៣កញ្ញា​ម្តង​ហើយ​ ប៉ុន្តែ​ម្ចាស់​គេ​ទើប​តាម​ទាន់​នៅ​យប់​ថ្ងៃទី២៤កញ្ញា។លុះ​ថ្ងៃទី ២៥ កញ្ញា​ សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែន​ជ័យ​សហ​ការ​ជាមួយ​នគរបាល​ព្រហ្ម​ទណ្ឌ​ស្នងកា​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានស្រាវជ្រាវ​ឃាត់ខ្លួន​បក្ខពួក​ជនរងគ្រោះ​បាន​ម្នាក់។ ចំណែក​ខ្មាន់​កាំភ្លើងក៏​ចាប់បា​ននៅ​ថ្ងៃនោះ​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖ «អ៊ីចឹង​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ទាំង​អ្នក​បាញ់​គេ​បាន​ទាំង​បក្ខ​ពួក​ចោរ​ម្នាក់​ផង»។

លោកបាន​បន្ត​ទៀត​ថា ចំពោះ​ជន​សង្ស័យ​ទាំង ២​ នាក់​ ដែល​ម្នាក់​ជា​អ្នក​បាញ់​សម្លាប់​ជនរង​គ្រោះ និង​ម្នាក់ទៀត​ជា​បក្ខ​ពួកចោរ​គឺ​សមត្ថ​កិច្ច​​កំពុង​បន្ត​ស៊ើប​​មុន​ពេល​បញ្ជូន​ពួកគេ​ទៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់​ការ​តាមបន្ត​តាម​នីតិ​ច្បាប់៕

វីដេអូ៖

ព័ត៌មានថ្មីៗ