ជន​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ជិត ​១ គីឡូក្រាម​ អាចត្រូវ​បញ្ជូន​ទៅ​តុលាការនា​ថ្ងៃនេះ ​ឬ​ថ្ងៃ​ស្អែក

Content image - Phnom Penh Post
ជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿង​ញៀនជិត ១ គីឡូក្រាម ដែលត្រូវបានឃាត់ខ្លួន ពីថ្ងៃទី ២៤ កញ្ញា នៅខេត្តតាកែវ។ រូបថត ប៉ូលិស

ភ្នំពេញៈ ជនសង្ស័យ​ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ជិត​ ១ គីឡូក្រាម​ម្នាក់ ​អាចត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃនេះ​ឬថ្ងៃ​ស្អែក ​ក្រោយពី​ជននេះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ​និង​ឃាត់ខ្លួន​បាន ​នៅ​ស្រុក​បាទី ​ខេត្តតាកែវ ​កាលពី​ថ្ងៃទី ២៤ ​កញ្ញា។

លោក​ឧត្តមសេនីយ៍​ទោ​ អ៊ិន សុង ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ២៦ ​កញ្ញាថា ​ជនសង្ស័យ​ ឈ្មោះ​ លិន តូច ​អាយុ ​៤៧ ឆ្នាំ។ សមត្ថកិច្ច​របស់​លោក​គ្រោង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ​ទី ២៧ ​កញ្ញា។

លោក​ថ្លែងថា​៖ «បើ​រៀបចំ​ឯកសារ​ទាន់​បញ្ជូន​ទៅ​ល្ងាច​នេះ ​(ថ្ងៃទី ២៦ ​កញ្ញា)។ តែ​បើ​មិនទាន់​ទេ ​គឺ​ថ្ងៃស្អែក​(ថ្ងៃទី ២៧ ​កញ្ញា)»។

លោក​ប្រាប់ថា ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់​ខ្លួន​ នៅ​ភូមិត្រាំ​ត្បាល់ ​ឃុំ​ក្រាំងលាវ ​ស្រុក​បាទី ​ខេត្ត​តាកែវ​ កាលពី​ថ្ងៃទី ២៤ ​កញ្ញា ​ឆ្នាំ ២០២១។ ការឃាត់​ខ្លួន​ជន​សង្ស័យ ​គឺ​មាន​ការសម្រប​សម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​តាកែវ​ផង។

បើ​តាម​លោក​ អ៊ិន សុង ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនសង្ស័យ​មាន​ម្សៅ​ស​ថ្លា​សង្ស័យ​មេតំហ្វេតាមីន ​(ICE)​ ទម្ងន់ ​៨៥៤.៣៦ ក្រាម។

ដោយ​ឡែក​នៅឯ​ខេត្ត​បាត់ដំបង ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​បានឃាត់​ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន ​១២ នាក់ ​(ស្រី​ ៤ នាក់) ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន។ លោក​ស្នងការ​រង​ កុយ ហៀង ​ទទួល​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង ​ប្រាប់​នៅ​ថ្ងៃទី ២៦​ កញ្ញាថា ​ក្រុម​យុវជន​ទាំង​១២នាក់​នេះ​មាន​អាយុ​ចន្លោះ​ពី ១៧ ឆ្នាំ ​ដល់​អាយុ​ ៣៤ ឆ្នាំ។ ពួកគេ​រស់នៅ​ក្នុង​ក្រុង​-ខេត្ត​បាត់ដំបង ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​បន្ទប់​ នៃ​ផ្ទះ​សំណាក់​យី​ហោ​ (មូនហោស្ស) ​ស្ថិត​នៅ​ភូមិ​វត្តគរ ​សង្កាត់​វត្តគរ ​ក្រុង​បាត់​ដំបង។

លោក​ កុយ ហៀង ​បញ្ជាក់ថា​៖«យើង​បានពិនិត្យ​ឃើញ​ថា ​ពួកគេ​សុទ្ធ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ទេ។​ ប៉ុន្តែ​ទៅដល់​តុលាការ​ចោទ​បទល្មើស​អី​ទៀត​ខ្ញុំ​មិនដឹង​ទេ​ព្រោះ​ពួកគេ​ប្រមូល​ផ្តុំ​គ្នា»។

លោក​ប្រាប់ថា ​មុន​ឈាន​ទៅ​ឃាត់ខ្លួន​ក្រុម​យុវជន​ទាំងនេះ ​គឺ​នៅ​យប់​ថ្ងៃទី ២៤​ កញ្ញា​ សមត្ថកិច្ច​របស់​លោក​ទទួលបាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​ថា ​មាន​យុវជន​មួយ​ក្រុម​បាននាំ​គ្នា​ចូល​ផ្ទះ​សំណាក់​ឈ្មោះ​ មូន​ហោស្ស។​ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ កម្លាំង​ជំនាញ​របស់​លោក​បានចុះ​ដល់​ទីតាំង​ខាងលើ​នៅ​វេលា​ម៉ោង​ជាង​១០យប់​ថ្ងៃទី ២៤ ​កញ្ញា។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បានសម្រុក​ចូល​ក្នុង​បន្ទប់ ​និង​ឃាត់​ពួកគេ​ ខណៈ​កំពុង​ជក់​គ្រឿង​ញៀន។ លោក​បញ្ជាក់ថា ​ចំពោះ​គ្រឿងញៀន​មេតំហ្វេតាមីន​ដែល​ចាប់​បាន​នោះ​មាន​ជាង ​២ ក្រាម ​ប៉ុន្តែ​ពួកគេ​ជក់​អស់​ខ្លះ​ហើយ។

លោក​បន្តថា ​ក្រុម​ជនសង្ស័យ ​ត្រូវ​សមត្ថកិច្ច​លោក​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី ២៧ ​កញ្ញា ​ដើម្បី​ឱ្យ​តុលាការ​ចាត់ការ​បន្ត​ថា ​តើ​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ​ឬ​យ៉ាង​ណា​នោះ​អាស្រ័យ​លើ​តុលាការ​ទេ៕

ព័ត៌មានថ្មីៗ