ដំណើរការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​មាន​សម្ទុះ​លឿន​ ដែល​អាច​​នឹង​បញ្ចប់​មុន​ផែនការ

Content image - Phnom Penh Post
គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ដល់​កុមារ​។ ហេង ជីវ័ន

ភ្នំពេញៈ លទ្ធផល​នៃ​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ សម្រាប់​ក្រុមមនុស្ស​ទាំង​ ៣ ​ប្រភេទ គឺ​ពី​អាយុ​ ១៨ ​ឆ្នាំ​ឡើង អាយុ​ពី​ ១២ ​ឆ្នាំ​ឡើង និង​ក្រុមមនុស្ស​អាយុ​ពី​ ៦ ​ឆ្នាំ​ឡើង មាន​វឌ្ឍនភាព​លឿន ដែល​គួរ​ជា​ទីមោទនៈ ហើយ​ការចាក់​វ៉ាក់សាំង​នេះ​នឹង​បញ្ចប់​មុន​ផែនការ​ដែល​បានកំណត់​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា មកដល់​ពេល​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជូន​ប្រជាពលរដ្ឋ​សម្រេចបាន​ចំនួន​ ៩៨,៧០% ​ហើយ ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ ១០ ​លាននាក់​សម្រាប់​មនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​។ រីឯ​ក្រុមមនុស្ស​អាយុ​ពី​ ១២ ​ឆ្នាំ ទៅ​ក្រោម​ ១៨ ​ឆ្នាំ​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ចំនួន​ ៨៨,៨៧% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​។ កុមារ​អាយុ​ពី​ ៦ ​ឆ្នាំ​ដល់​ក្រោម​ ១២ ​ឆ្នាំ​ចាក់​បាន​ចំនួន ៧០,២១% ធៀប​នឹង​ប្រជាជន​គោលដៅ​ជាង​ ១,៨ ​លាន​នាក់​។

លោកស្រី​ ឱ វណ្ណឌីន មន្ត្រី​នាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​ថ្លែង​កាលពី​ថ្ងៃទី ២៥ កញ្ញា ក្នុងពេល​បិទបញ្ចប់​ការចាក់​វ៉ាក់សាំង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​ថា ប្រសិនបើ​អ្វីៗ​ប្រព្រឹត្ត​ទៅតាម​ការគ្រោង​ទុក រួម​នឹង​ការខិតខំ​ប្រឹងប្រែង​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ផងនោះ លោកស្រី​រំពឹងថា ការចាក់​វ៉ាក់សាំង​ជូន​ក្រុមមនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុង​ខែ​តុលា​ខាងមុខនេះ​។

លោកស្រី​ថ្លែងថា​៖ «​បើ​ធៀប​ជាមួយនឹង​ផែនការ គឺ​យើង​អាច​បញ្ចប់​ការចាក់​វ៉ាក់សាំង​មុន​ផែន​ការដែល​បានដាក់ចេញ​។ ចំណែក​កុមារ​ដែលមាន​អាយុ​ពី​ ៦ ​ឆ្នាំទៅ​ក្រោម​ ១២ ​ឆ្នាំ និង​ក្រុម​អាយុ​ពី​ ១២ ​ឆ្នាំ ដល់​ក្រោម​ ១៨ ​ឆ្នាំ យើង​ក៏​សម្រេចបាន​នូវ​ល្បឿន​មួយ​លឿន​ដែល​អាច​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះដែរ​»​។

លោកស្រី ឱ វណ្ណឌីន បន្តថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​ស្វះស្វែង​ដើម្បី​រក​វ៉ាក់សាំង​កូវីដ​ ១៩ ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ​ទេ​។ រហូតមកដល់​ពេលនេះ​កម្ពុជា​បានទទួល​វ៉ាក់សាំង​ជាង​ ៣៥ ​លាន​ដូស​ហើយ ទាំង​វ៉ាក់សាំង​ជា​ការបញ្ជាទិញ​របស់​រាជរដ្ឋាភិបាល និង​វ៉ាក់សាំង​ជា​ជំនួយ​ពី​ភាគី​ផ្សេងៗ​ផងដែរ​។

កាលពី​ថ្ងៃទី​ ២៤ ខែកញ្ញា វ៉ាក់សាំង​កូវីដ​ ១៩ ​ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន ៣ ​លាន​ដូស ដែលជា​ការបញ្ជា​ទិញ​របស់​រាជរដ្ឋាភិបាល​បាន​ដឹក​មកដល់​កម្ពុជា ហើយ​វ៉ាក់សាំង ៣ ​លាន​ដូស​បន្ថែមទៀត ក៏​នឹង​ដឹក​មកដល់​នៅ​ថ្ងៃទី​ ២៨ ខែកញ្ញា​ខាងមុខនេះ​ផងដែរ​។ ​លោក​ ហ៊ុន សែន បានលើកឡើង​នា​ថ្ងៃនោះ​ថា វ៉ាក់សាំង ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​មក​នៅពេលនេះ គឺ​សម្រាប់​បម្រើ​ដល់​ការចាក់​ជូន​កុមារ​អាយុ​ ៦ ​ឆ្នាំ ទៅ​ ១២ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ការចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គឺជា​យុទ្ធសាស្ត្រ​លើ​សមរភូមិ​សង្គ្រាម ជាមួយ​នឹង​សត្រូវ​ឥត​ស្រមោល​កូវីដ​ ១៩ ​នេះ​។ ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​អង្គ​បដិបក្ខ​រឹងមាំ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។ កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ឥទ្ធិពល​មេរោគ ហើយក៏​ជួយ​កាត់បន្ថយ​ការរីករាលដាល​ជំងឺ​ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា លទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​លើ​ការងារ​ចាក់​វ៉ាក់សាំង​នេះ​បាន​ធ្វើឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានភាព​នៃ​ការរីករាលដាល​មេរោគ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​។ ជាពិសេស​ជួយ​កាត់បន្ថយ​នូវ​អត្រា​ទទួលមរណភាព​របស់​ប្រជាពលរដ្ឋ​ពី​ឥទ្ធិពល​ជំងឺ​កូវីដ​ ១៩​។

គួរបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ រាជធានី-ខេត្ត​ចំនួន​ ១៦ ​ហើយ ដែល​បាន​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ជុំ​ទី​ ១ សម្រាប់​មនុស្ស​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​។ រាជធានី-ខេត្ត​ទាំងនោះ​មាន រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ព្រះសីហនុ កែប ប៉ៃលិន កោះកុង ស្វាយរៀង ឧត្តរមានជ័យ ពោធិ៍សាត់ តាកែវ កំពង់ចាម រតនគិរី កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តសៀមរាប​៕

ព័ត៌មានថ្មីៗ