ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ចំនួន​វត្ត​ស្ទើរតែ​ពាក់កណ្តាល​នៅ​រាជធានី​ភ្នំពេញ​ត្រូវបាន​រកឃើញថា មាន​អ្នក​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បានចុះ​យក​សំណាក​គ្រប់​វត្ត​ទាំងអស់​។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រកាន់យក​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​។


ក្រុមគ្រូពេទ្យ​បាន​ចុះ​យក​សំណាក​រក​វីរុស​កូវីដ​ ១៩ នៅ​វត្ត​អារាម​ទាំងអស់​ជាង ១៥០ ​វត្ត​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី​ ២៥ កញ្ញា បន្ទាប់ពី​វត្ត​មួយចំនួន​មាន​ការផ្ទុះ​ការឆ្លង​រាលដាល​នូវ​វីរុស​កូវីដ​ ១៩ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ថ្ងៃទី​ ១ និង​ទី​ ២​។

តាមរយៈ​សារ​ជា​សំឡេង​នា​ថ្ងៃទី​ ២៥ ខែកញ្ញា លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ម្សិលមិញ​នេះ​ [២៤ កញ្ញា​] ខាង​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​នៅ​គ្រប់​វត្ត​។ ស្ទើរតែ​ពាក់កណ្តាល​នៃ​វត្ត​នៅក្នុង​ទីក្រុង​ភ្នំពេញ​នេះ​គឺមាន​ឆ្លង​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

លោក​បន្តថា​៖ «​នៅក្នុងពេល​ជំងឺ​រាតត្បាត​នេះ​កើតឡើង ខ្ញុំព្រះករុណាខ្ញុំ​បែរជា​មាន​ការធ្វេសប្រហែស​ដោយ​យល់យោគ​ទៅលើ​សភាពការណ៍​ដែល​ឃើញ ថា​មាន​ការស្រុតចុះ​បន្តិច​នៃ​ជំងឺ​កូវីដ​នេះ យើង​ក៏បាន​ចាប់ផ្តើម​ឱ្យមាន​ការធ្វើ​បុណ្យ​ធ្វើ​ទាន​ទៅតាម​ទំនៀមទម្លាប់​ឡើងវិញ​»​។


លោក ហ៊ុន សែន ថ្លែងថា ក៏ប៉ុន្តែ​ត្រឹមតែ​រយៈពេល​ ៣ ​ថ្ងៃ​តែប៉ុណ្ណោះ​ចំនួន​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅតាម​វត្ត​អារាម​មួយចំនួន​បាន​កើតឡើង​។ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​ដែលមាន​ត្រឹមតែ​ចន្លោះ​ប្រមាណ ៤០០ ​នាក់ ទៅ ៦០០ នាក់​ ក្នុង​ ១ ​ថ្ងៃ កើន​លើសពី ៨០០ ​នាក់ និង​ចំនួន​អ្នកស្លាប់​កើនឡើង​ជាង ២០ ​នាក់​ក្នុង​ ១ ​ថ្ងៃ​ ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ​។


លោក​រំឭក​ឡើងវិញ​ថា វ៉ាក់សាំង ជំងឺ​កូវីដ​ ១៩ តែ​ ១ ​មុខ គឺ​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ទប់ស្កាត់​ជំងឺ​នេះ តែ​វា​គ្រាន់តែ​កាត់បន្ថយ មិន​ឱ្យមាន​ការវិវឌ្ឍ​ទៅរក​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​កាត់បន្ថយ​ការស្លាប់​​តែប៉ុណ្ណោះ​។ លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រកាន់យក​វិធានការ​សុខាភិបាល គឺ ៣ ការពារ និង ៣ ​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ចំណុច​នេះ​គឺជា​ចំណុច​ដើម្បី​រក្សា​នូវ​ជីវិត​របស់​ប្រជាជន​រក្សា​នូវ​សុខភាព​របស់​ប្រជាជន​។ ដូច្នេះហើយ បើសិន​ជា​យើង​រក្សាបាន​ជីវិត យើង​នៅមាន​ឱកាស​ធ្វើបុណ្យ​ធ្វើ​ទាន​រាប់សិប​ឆ្នាំ​តទៅទៀត​សម្រាប់​អ្នក​ដែល មាន​វ័យក្មេង និង​រាប់​ឆ្នាំ​ទៅទៀត​សម្រាប់​អ្នក​ដែលមាន​វ័យ​ចំណាស់ ដូច្នេះ​វា​មិនមែនជា​ការងាយស្រួល​សម្រាប់​ការសម្រេចចិត្ត​មួយ​ដែល​ត្រូវធ្វើ​បែបនេះ​នោះទេ​»​។

លោក ហ៊ុន សែន កាលពី​យប់​ថ្ងៃទី​ ២៣ កញ្ញា បានចេញ​សេចក្តី​សម្រេច​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ ៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្រោយ​ពិនិត្យឃើញ​មាន​ការជួបជុំ និង​ប្រមូលផ្តុំ​មនុស្ស​ជាច្រើន​នៅតាម​បណ្តា​វត្តអារាម​។

លោក​ថ្លែង​តាមរយៈ​សារ​ជា​សំឡេង​នេះ​ថា​៖ «​ខ្ញុំព្រះករុណា​ខ្ញុំ​សង្ឃឹមថា បងប្អូន​ជនរួមជាតិ ព្រះសង្ឃ ក៏ដូចជា​បងប្អូន​ជន​រួមជាតិ​របស់​យើង​ដែលជា​ពុទ្ធបរិស័ទ ពុទ្ធសាសនិក ពិតជា​នឹង​យោគយល់​បាន​នូវ​ការសម្រេច​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​ ដើម្បី​ធានា​ដល់​ជីវិត​របស់​ប្រជាជន​យើង​។ ព្រោះថា ​ប្រសិនបើ​មាន​ការរីករាលដាល វត្ត​ដែលមាន​ឆ្លង​ប្រមាណ​ជា​ពាក់កណ្តាល​ចំនួន​វត្ត​នៅ​ទីក្រុង​ភ្នំពេញ នេះ​ត្រូវបាន​បន្ត​នៅថ្ងៃនេះ​ហើយ​រហូត​ទៅដល់​ថ្ងៃ​ភ្ជុំ​។ តើ​យើង​នឹងមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប៉ុន្មាន​ទៀត​ទៅ​ដែល​ត្រូវ​ឆ្លង​»​។

អ្វីដែល​គួរឱ្យ​បារម្ភ​បំផុត​នោះ​គឺ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ចាប់ផ្តើម​ចេញពី​វត្ត​ជា​ទី​ដែល​ប្រជាពលរដ្ឋ​បាន​មក​ធ្វើបុណ្យ​ហើយ​បានធ្វើ​ដំណើរ​ចេញពី​វត្តអារាម​ដោយ​នាំ​ជំងឺ​ទៅកាន់​ក្នុងផ្ទះ​របស់​ពួកគេ​។ ជំងឺ​នេះ​មិន​ត្រឹមតែ​កើតឡើង​នៅ​ភ្នំពេញ​នោះទេ តែ​វា​រាលដាល​ដល់ទី​ជនបទ​។ លោក​ ហ៊ុន សែន ​បន្ត​។

លោក​ថ្លែងថា​៖ «​ដូច្នេះ សភាពការណ៍​នេះ​ជា​សភាពការណ៍​ដ៏អាក្រក់​សម្រាប់​ការព្យាករ​ទុក​របស់​ខ្ញុំព្រះករុណាខ្ញុំ​។ ពិត​ហើយ គឺ​យើង​មិនឱ្យ​ព្រះសង្ឃ​របស់​យើង​ដាច់​ចង្ហាន់​នោះទេ​។ ខ្ញុំ​នៅក្នុង​ការបញ្ជា​ទាក់ទិន​នឹង​ការដាក់ចេញ​នូវ​វិធាន​ការបិទ [​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​] ត្រូវធ្វើ​ទាំងយប់​ ដើម្បី​ធានាថា អនុញ្ញាត​ឱ្យ​បន្ត​កាន់បិណ្ឌ​ទី​ ៣»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ប៉ុន្តែ​បិណ្ឌ​ទី​ ៤ ​ត្រូវបាន​ផ្អាក តែ​ប្រជាជន​យើង​ក៏​នៅមាន​ឱកាស​ចាត់តាំង​ ដើម្បី​ជាមួយនឹង​អាជ្ញាធរ សម្របសម្រួល​គ្នា​ដើម្បី​នាំ​ចង្ហាន់ ឬក៏​នាំ​ទេយ្យវត្ថុ​ដើម្បី​យកទៅ​ប្រគេន​ព្រះសង្ឃ​បាន​ដដែល​»​។

ព្រះសង្ឃ និង​អ្នកស្នាក់នៅ​វត្ត​ចំនួន​ ១៤១ ​អង្គ​/​នាក់ ​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​ក្នុងនោះ​ព្រះសង្ឃ​វិជ្ជមាន​ជំងឺ​នេះ​មាន​ ៩៧ ​អង្គ ក្រោយពី​ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​ទាំង​ ១៥១ ​វត្ត​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ បន្ទាប់ពី​វត្ត​មួយចំនួន មាន​ការផ្ទុះ​ការឆ្លង​រាលដាល​វីរុស​កូវីដ​ ១៩ ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ថ្ងៃទី​ ១ និង​ទី​ ២​។

លោក​ ទេព គង្គា ប្រធាន​មន្ទីរធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ប្រាប់​នា​ថ្ងៃទី​ ២៦ កញ្ញា ថា​៖ «​សរុប ទាំងអស់​ ១៤១ [​អ្នក​វិជ្ជមាន​កូវីដ​] ប៉ុន្តែ​ព្រះសង្ឃ​តែ​ ៩៧ ​អង្គ​ទេ​»​។

លោក​ថា ក្រុមការងារ​ប្រយុទ្ធ​ជំងឺ​នេះ​កំពុង​ដើរ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទូទាំង​ ១៥១ ​វត្ត ហើយ​ការកាន់បិណ្ឌ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ទេ រង់ចាំ​ការសម្រេច​ពី​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ជាមុនសិន​។

លោក​ថ្លែងថា​៖ «​យើង​បិទ​ការកាន់បិណ្ឌ ប៉ុន្តែ​យើង​អត់​បិទ​វត្ត​ទេ ដោយសារ​ថា​យើង​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដូចថា​យើង​កាន់​វេន អ៊ីចឹង​ ១ ​វេន​ ៥០ ​នាក់​ ៦០ ​នាក់​។ អ៊ីចឹង យើង​ធ្វើ​ចង្ហាន់​វន្ទា​ទៅ​ដឹក​ទៅ​តែ​ ២ ​នាក់​អី​ទៅបាន​ហើយ ដាក់​នៅមុខ​វត្ត​នៅតាម​តំបន់​ទីតាំង​សុវត្ថិភាព​អ៊ីចឹង ដូចជា​បាញ់​អាល់កុល បាញ់​អី​ឱ្យ​លោក​វេរ​ហ្នឹង​ឱ្យទៅ​»​។

បើតាម​លោក​ គង្គា ការចុះ​យក​សំណាក​នៅ​ ១៥១ ​វត្ត​ធ្វើ​តែ​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃទី​ ២៤ កញ្ញា​៕