ភ្នំពេញៈ តុលាការ​ខេត្ត​តាកែវ ​បាន​ឃុំខ្លួន​បុរស​ម្នាក់​ នៅ​ពន្ធនាគារ​ខេត្ត​ កាលពី​ថ្ងៃទី ២៦ ​កញ្ញា ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជិត​ ១ គីឡូក្រាម ​ដែល​ឃាត់ខ្លួន​នៅ​ភូមិ​ត្រាំត្បាល់​ ឃុំ​ក្រាំងលាវ ​ស្រុក​បាទី ​ខេត្ត​តាកែវ។


លោក​ ង៉ែត ដាវុធ ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​តាកែវ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៧ ​កញ្ញាថា ​ជន​ត្រូវចោទ​ ឈ្មោះ ​លិន តូច ​អាយុ​ ៤៧ ឆ្នាំ ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ ​ហើយ ​កាលពី​ថ្ងៃ​ទី ២៦​ កញ្ញា។

លោក​ថ្លែងថា​៖ «ករណី​នេះ​ ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំ​ហើយ ​ពី​ថ្ងៃម្សិលមិញ ​ក្នុង​បទ​ចោទ​ជួញដូរ​គ្រឿងញៀន ​តាម​មាត្រា ​៤០ ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន»។

លោក​ អុិន សុង ​នាយករង​មន្ទីរ​គ្រឿងញៀន ​នៃ​ក្រសួង​មហាផ្ទៃ ​កាលពី​ថ្ងៃទី ២៦ ​កញ្ញា ​ប្រាប់​ថា​ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​នៅ​ភូមិត្រាំ​ត្បាល់ ​ឃុំ​ក្រាំងលាវ ​ស្រុក​បាទី ​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី ២៤​ កញ្ញា​ ឆ្នាំ ២០២១។ ការឃាត់​ខ្លួន​ជនសង្ស័យ ​គឺ​មាន​ការសម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​តាកែវ។


បើ​តាម​លោក​ អុិន សុង ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ពី​ជនសង្ស័យ​មាន​ម្សៅ​ស​ថ្លា​សង្ស័យ​មេតំហ្វេតា​មីន ​(ICE)​ ទម្ងន់​ ៨៥៤.៣៦ ​ក្រាម៕