ភ្នំពេញៈ កងពលតូច​ដឹកជញ្ជូន​លេខ​ ៩០ ​នៃ​កងទ័ពជើងគោក នៅតែ​បន្ត​ដឹកជញ្ជូន​ពលករ​ខ្មែរ​នៅតាម​បណ្តា​គោលដៅ​ជាប់​ព្រំដែន​ដែល​បានកំណត់ ដើម្បី​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ខេត្ត​នានា​ដែលជា​ស្រុកកំណើត​របស់​ពួកគេ ខណៈ​កាលពី​ថ្ងៃទី ២៦ មាន​ពលករ​ជាង ២០០ នាក់ត្រូវបាន​ចល័ត​។


ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ចេញផ្សាយ​នៅ​ថ្ងៃទី ២៦ កញ្ញា បាន​ឱ្យដឹងថា រថយន្ត​កងទ័ព​របស់​កងពល​តូច​ដឹកជញ្ជូន​លេខ ​៩០ នៅ​ថ្ងៃទី​ ២៦ ខែ កញ្ញា ឆ្នាំ​ ២០២១​ នេះ បាន​ដឹកជញ្ជូន​ពលករ​ចំណាកស្រុក​នៅតាម​ព្រំដែន​កម្ពុជា-​ថៃ មក​ដាក់​នៅតាម​បណ្តា​ខេត្ត​នានា បាន​ចំនួន ២០៦ ​នាក់ ដែល​ស្មើ​នឹង ៣៥ ​ជើង​។

ទំព័រ​ហ្វេ​ស​បុ៊ក​ដដែល បាន​បន្តថា កងពលតូច​ដឹកជញ្ជូន​លេខ​ ៩០ កងទ័ពជើងគោក ជា​អង្គភាព​ជំនាញ​ដឹកជញ្ជូន​សម្ភារ កម្លាំង​ទ័ព​ធានា​បម្រើ​ប្រយុទ្ធ បច្ចុប្បន្នកំពុង​ទទួល​បទបញ្ជា​ដឹក​ពលករ​ចំណាកស្រុក​នៅតាម​ព្រំដែនកម្ពុជា​-​ថៃ មក​ដាក់​នៅតាម​បណ្តា​ខេត្ត​នានា ដែលជា​វិធានការ​មួយ​របស់​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ ចូល​សហគមន៍ តាមរយៈ​ពលករ​ចំណាកស្រុក​ទាំងនោះ​។

ទំព័រ​ហ្វេ​ស​ប៊ុក​នេះ បាន​អះអាងថា​៖ «​តាមរយៈ​បទបញ្ជា​នេះ កងពលតូច​ដឹកជញ្ជូន​លេខ​ ៩០ និង​កងកម្លាំង​ជំនាញ​ដឹកជញ្ជូន ដែល​បាន​ចាត់តាំង​ក្នុង​បេសកកម្ម​នេះ នៅ​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​ការដឹក​ពលករ​ខ្មែរ ទៅ​ដាក់​នៅតាម​បណ្តា​គោលដៅ​ដែល​បានកំណត់ ទាន់ពេលវេលា និង​ប្រកបដោយ​សុវត្ថិភាព​»​។​


លោក ហ៊ុល សំអុន មេបញ្ជាការ​កងពលតូច​​លេខ​ ៩៩ ដែល​ចូលរួម​ក្នុង​ការដឹក​ជ​ញ្ចូ​ន​ពលករ​ខ្មែរ​ដែរនោះ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែម​នៅ​ថ្ងៃទី ២៧ កញ្ញា​ថា កម្លាំង​កងទ័ព​បា​នប​ន្ត​សកម្មភាព​ដឹក​ពលករ​ខ្មែរ ដើម្បី​យកទៅដាក់​កន្លែង​ចត្តាឡីស័ក​នានា ជា​បន្តបន្ទាប់ ហើយ​ចំនួន​នេះ គឺ​នៅតែមាន​ចំនួន​ច្រើន​ក្នុង​មួយថ្ងៃៗ​។​


លោកបាន​បញ្ជាក់ថា​៖ «​សកម្មភាព​របស់​យើង​នេះ គឺ​យើង​ដឹក​តាំងពី​ថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២០​ មក​។ អ៊ីចឹង​យើង​ដឹក​រហូត ​ហើយ​ចំនួន​សរុប គឺ​ច្រើនណាស់ គ្រាន់​យើង​មិន​សរុប​ទេ​។ យើង​ធ្វើ​របាយការណ៍​សរុប​ពី​ចំនួន​នេះ​»​។​

លោក ឌី ថេ​ហូ​យ៉ា ប្រធាន​ផ្នែក​កម្មវិធី​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​លើកឡើងថា ជារួម​ការ​ត្រលប់​មកវិញ​របស់​ព​លករ​ចំណាកស្រុក​ខ្មែរ គឺមាន​ជា​ហូរហែ​ជាប់​មិន​ដាច់ ដោយសារ​ហេតុផល​មិនមាន​ការងារ​ធ្វើការ​ឆ្លង​កួ​វីដ ​១៩ ការព្យាបាល​កូ​វីដ​ ១៩ និង​ការចង់​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​។​

លោក ឌី ថេ​ហូ​យ៉ា ថ្លែងថា ដើ​ម្បី​កុំ​ឱ្យ​មាន​ហានិភ័យ រដ្ឋាភិបាល គួរតែ​ត្រៀម​ការផ្តល់​វ៉ាក់សាំង​ដល់​ពលករ​នៅ​ថៃ​ឬ​រៀបចំ​តាម​ព្រំដែន ក្នុងនោះ​ការដឹកជញ្ជូន​ពី​ព្រំដែន​ត្រូវ​ធានា​ពី​សុវត្ថិភាព កុំ​ឱ្យ​​មាន​ភាព​ចង្អៀត និង​ត្រូវ​រក្សា​គម្លាត​។ នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវ​រៀបចំ​បន្ទប់ទឹក និង​បន្ទប់​ស្នាក់នៅ​ឱ្យ​បាន​ច្រើន និង​ដាច់​ដោយ​ឡែ​ក​ស្របតាម​និយាម​សុវត្ថិភាព ហើយ​រដ្ឋត្រូ​វតែ​ផ្តល់​កិច្ច​គាំពារ​សង្គម និង​ជំនាញ​ការងារ និង​មុខរបរ​សម្រាប់​ពលករ​ដែល​ត្រលប់​មកវិញ ដើម្បី​ធានា​ដល់​ការមិន​វិលត្រឡប់​របស់​ពួកគេ​ផងដែរ​៕