ភ្នំពេញៈ រយៈពេលជិត ២ ឆ្នាំមកនេះ គ្រូបង្រៀនប្រមាណ ៦០០ នាក់ បានឆ្លងជំងឺកូវីដ ១៩ ក្នុងនោះ ២០ នាក់បានស្លាប់ ដោយសារមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប៉ុន្ដែក្រោយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ គឺមិនមានគ្រូបង្រៀនស្លាប់ដោយសារជំងឺកូវីដ ១៩ ទៀតទេ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្ដី ក្រសួងអប់រំ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានបញ្ជាក់បែបនេះ តាមរយៈវេទិកា ការដាក់ចេញគោលនយោបាយផ្អែកលើភ័ស្តុតាង រៀបចំដោយ អង្គការ Save the Children ប្រចាំប្រទេសកម្ពុជាជាមួយក្រសួងអប់រំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី ២៧ កញ្ញា។ វេទិកានេះមានអ្នកពាក់ព័ន្ធមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមប្រមាណ២៧០នាក់។
លោករដ្ឋមន្រ្ដីថ្លែងថា៖ «ក្នុងរយៈពេល២ឆ្នាំនេះ គឺយើងមានគ្រូប្រមាណជា ៦០០ នាក់ ដែលឆ្លងជំងឺកូវីដ ១៩ ហើយនៅក្នុងនោះ ២០ នាក់បានបាត់បង់ជីវិត ដោយសារតែនៅពេលនោះនៅមិនទាន់មានវ៉ាក់សាំង»។
លោកបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្ដេច [ហ៊ុន សែន] នាយករដ្ឋមន្រ្ដីលោកក៏បានផ្ដល់អាទិភាព ការចាក់វ៉ាក់សាំងដល់គ្រូបង្រៀន។ យើងក៏សង្កេតឃើញថា បន្ទាប់ពីបានចាក់វ៉ាក់សាំងចំនួន៣ខែ រួចមក ដូសទី២ គឺមិនមានគ្រូបង្រៀនណាម្នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ទេ ហើយសិស្សប្រមាណជា ៤ ពាន់នាក់ ឈឺជំងឺកូវីដ ១៩ ប៉ុន្ដែមិនមានសិស្សណាម្នាក់ស្លាប់ទេ»។
លោកឱ្យដឹងថា ក្នុងរយៈពេលជិត ៨ ឆ្នាំ ក្រសួងអប់រំបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងគុណភាពនិងប្រសិទ្ធភាពសេវាអប់រំ។ ជាពិសេសការបណ្ដុះធនធានមនុស្សប្រកបដោយគុណភាព និងជំនាញច្បាស់លាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចក្នុងបរិបទថ្មី ពោលគឺសេដ្ឋកិច្ចបែបឌីជីថល។
លោកថ្លែងថា កម្មវិធីកំណែទម្រង់ដែលបានដាក់ចេញ រួមមាន អាទិភាព ៨ ចំណុច និងសសរស្ដម្ភចំនួន ៥ ក្នុងនោះជាពិសេស គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការធ្វើកំណែទម្រង់គ្រូបង្រៀន។ លោកបន្តថា ឈរលើលទ្ធផលនៃការប្រឡងនេះ បញ្ហាក្នុងវិស័យអប់រំបាននិងកំពុងជួបប្រទះ គឺចាំបាច់ ការពង្រឹងនិងបង្កើនគុណវុឌ្ឍិគ្រូ ក៏ដូចជាការពង្រឹងការគ្រប់គ្រងតាមសាលារៀន។ ដូច្នេះក្នុងអាណត្តិទី៦ នេះ ក្រសួងផ្ដោតលើកំណែទម្រង់សាលារៀន និងកំណែទម្រង់សាលាគរុកោសល្យ។
លោករដ្ឋមន្រ្ដីបញ្ជាក់ថា ដោយចាប់ផ្តើម និងផ្អែកលើលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ ក៏បានធ្វើការវិភាគនិងឆ្លុះបញ្ចាំងដ៏ស៊ីជម្រៅ ស្វែងរកបញ្ហាដើម្បីកែលម្អឱ្យប្រព័ន្ធអប់រំកាន់តែប្រសើរឡើង។ ក្នុងនោះ សមត្ថភាពគ្រូបង្រៀន ជារឿងសំខាន់លើមុខវិជ្ជាឯកទេស វិធីសាស្ត្របង្រៀន និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សបានត្រឹមត្រូវ។
បើតាមលោករដ្ឋមន្រ្ដី មានគ្រូបង្រៀនប្រមាណជា ៣ ០០០ នាក់ ដែលជាគ្រូបង្រៀនអនុវិទ្យាល័យ ហើយបានជួយបង្រៀននៅវិទ្យាល័យដោយសារតែបញ្ហាខ្វះគ្រូបង្រៀនកម្រិតឧត្តម។ ដូច្នេះក្រសួងអប់រំ ក៏បានសម្រេចរៀបចំជាកម្មវិធី ពន្លឿនដល់គ្រូបង្រៀនទាំងនោះ បាន៣ជំនាន់ប្រមាណជា ២ ៦៨៩ នាក់ ៦០ ក្រេឌីត រៀន ២ ដង ក្នុងពេលវិស្សមកាល ផ្តោតលើខ្លឹមសារមេរៀននិងវិធីសាស្ត្របង្រៀនថ្មី។
លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ «ក្រសួងអប់រំ ក៏បានលើកទឹកចិត្តដល់គ្រូបង្រៀន ដោយបានដំឡើងប្រាក់ខែ ការជ្រើសរើសគ្រូបង្រៀនល្អ នាយកសាលាល្អ នាយកសាលាស្អាត។ ការបង្កើនថវិកាដំណើរការសាលារៀននិងការកែលម្អយន្តការ និងនីតិវិធីបើកផ្តល់ប្រាក់ខែថវិកាដំណើរការសាលាតាមប្រព័ន្ធធនាគារ»។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ឱ្យដឹងនៅថ្ងៃទី ២៧ កញ្ញានេះថា លោកគ្រូអ្នកគ្រូភាគច្រើនដែលបានចូលបង្រៀននៅតាមគ្រឹះស្ថានសិក្សា គឺពួកគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសទី៣ រួចហើយ។ ប៉ុន្ដែពួកគាត់នៅមានការបារម្ភចំពោះការឆ្លងមេរោគកូវីដ ១៩ បំប្លែងថ្មីប្រភេទ Delta ដែលមានការឆ្លងលឿន និងកំពុងមានសម្ទុះការឆ្លងកើនឡើងវិញនាពេលបច្ចុប្បន្ន។
លោកស្រីថ្លែងថា៖ «យើងមានការបាម្ភ ដោយសារក្រោយការចូលរៀនវិញបាន ២-៣ ថ្ងៃ សិស្សនៅសាលារៀនរបស់ខ្ញុំ មាន ២-៣ នាក់ បានរកឃើញថា មានផ្ទុកកូវីដ ១៩ ហើយក៏មានអ្នកពាក់ព័ន្ធជាច្រើននាក់ដែរ។ សូម្បីតែខ្ញុំក៏មានការភ័យខ្លាចដែរ ទោះបីមានការពាក់ម៉ាស់ប្រើអាល់កុលលាងដៃក្ដី»។
បើតាមក្រសួងអប់រំ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាទិភាពចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ គ្រូបង្រៀនទាំងក្នុងវិស័យរដ្ឋ និងឯកជន ទូទាំងប្រទេស។ ក្រសួងអប់រំ និងក្រសួងសុខាភិបាល បានចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់បុគ្គលិកអប់រំ និងគ្រូបង្រៀន កាលពីថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២១។ រហូតដល់ពេលនេះមានបុគ្គលិកអប់រំប្រមាណ ៩៥ ភាគរយ បានចាក់វ៉ាក់សាំងរួចរាល់។ ចំណែកអ្នកដែលនៅសេសសល់ដោយសារមានបញ្ហាសុខភាពផ្ទាល់ខ្លួន និងមានផ្ទៃពោះ៕