ត្បូងឃ្មុំៈ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល និង​ដាក់ពិន័យ​ទៅលើ​ប្រជាពលរដ្ឋ និង​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ ដែល​បាននិង​កំពុង​ចាក់​បំពេញ​អាចម៍ដី និង​បើកផ្លូវ ដី​នៅក្នុង​តំបន់​ប្លង់គោល​នៃ​​ទី​រួម​ខេត្ត សម្រាប់​ធ្វើជា​ច្រកចេញចូល​ ដែល​ធ្វើឱ្យ​មាន​ការបាត់បង់​នូវ​សោភណភាព និង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​។


លោក ម៉ៅ ឌុង នាយក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៦ ខែកញ្ញា ឆ្នាំ​ ២០២១ ថា​ការព្រមាន​ចាត់វិធានការ​នេះ​ត្រូវ​បាន​រដ្ឋបាលខេត្ត​ពិនិត្យ​ឃើញ​ថា​មាន​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍​នៅ​តំបន់​សាលាខេត្ត មិន​បាន​គោរព​តាម​ស្តង់ដា និង​រំលោភ​ទៅលើ​ប្លង់គោល​ប្រើប្រាស់​ដី​របស់​ខេត្ត ចាក់ដី​បំពេញ​បិទមុខ​លូ និង​ចាក់ដី​បិទ​នៅមុខ​ចុង​ប្រឡាយ​ជាដើម​។

លោក​ថ្លែងថា​៖ «​រដ្ឋបាល​ខេត្ត​នឹងមាន​វិធានការ ឬក៏​មាន​ការដាក់​ពិន័យ និង​ណែនាំ​ឱ្យ​ពួកគាត់​គោរព​តាម និង​អនុវត្តតាម​រដ្ឋបាល​។ ជាធម្មតា​ទេ ការងារ​គ្រប់គ្រង តែងតែ​ដាក់ចេញ​វិធានការ​រដ្ឋបាល​ឱ្យ​ពលរដ្ឋ​គោរព​។ ប៉ុន្តែ អ្វីដែល​សំខាន់​យើង​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ត្រូវតែ​គោរព​ច្បាប់​តាម​ការណែនាំ​របស់​អាជ្ញាធរ​។ តែ​ប៉ុណ្ណឹង​ទេ​»​។

លោក​ថា កន្លងមកនេះ រដ្ឋបាលខេត្ត​មិនដែល​ធ្លាប់​ចេញ​លិខិត​ព្រមាន ឬក៏​ដាក់ពិន័យ​ដល់​ប្រជាពលរដ្ឋ ឬក៏​អ្នក​អភិវឌ្ឍន៍​ដី​ណាមួយ​នៅក្នុង​ខេត្ត​នេះ​ទេ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​បានចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​ពួកគាត់​បានដឹង​ជាមុន និង​កែសម្រួល​ឱ្យស្រប​ទៅនឹង​ការអភិវឌ្ឍ កុំឱ្យ​អាជ្ញាធរ​ចុះទៅ​ផ្អាក ឬ​មាន​វិធានការ​ណាមួយ​ពលរដ្ឋ​ចោទថា គ្មាន​ច្បាប់ ​ឬ​មិនបាន​ជូនដំណឹង​ដល់​​ពួកគេ​ជាមុន​។


លោក នោ ស៊ី អ្នក​អភិវឌ្ឍន៍​គម្រោង​ដីឡូត៍​ខេត្ត​ត្បូងឃ្មុំ បាន​ឱ្យ​ដឹងថា រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ស្នើសុំ​ឱ្យ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ រួម​ជាមួយ​នឹង​ប្រជាពលរដ្ឋ​ត្រូវ​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ មាន​ស្តង់ដា និង​ដាក់​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ​នៅពេលដែល​ខេត្ត​ត្រូវការ​ក្នុងការ​អភិវឌ្ឍ​ទៅ​ថ្ងៃក្រោយ​មាន​ការលំបាក​។


លោក​ថ្លែងថា​៖ «​គាត់​ទាមទារ​ឱ្យ​យើង​ដាក់ពាក្យ​សុំ​ទៅ​គាត់​ទាក់ទង​នឹង​ការសាងសង់ ចាក់ដី និង​រៀបចំ​ប្រព័ន្ធ​លូ​នៅក្នុង​គម្រោង​ដីឡូត៍​។ មើលទៅ​វា​អត់​ស្តង់ដា វា​ប៉ះពាល់​ដល់​ថ្ងៃក្រោយ សម្រាប់​ការអភិវឌ្ឍ​របស់​ខេត្ត​»​។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​បានចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ ឱ្យដឹងថា ដោយ​ពិនិត្យឃើញថា ដី​នៅក្នុង​តំបន់​ប្លង់គោល​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ មាន​តំបន់​ខ្លះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន បាន​កំពុង​ដាក់​អាចម៍ដី គ្រោង​នឹង​សាងសង់​សំណង់ និង​កន្លែង​មួយចំនួន​ទៀត​កំពុង​តែមាន​ការបើក​ផ្លូវ សម្រាប់​ធ្វើជា​ច្រកចេញចូល ធ្វើឱ្យ​មាន​ការបាត់បង់​នូវ​សោភណភាព និង​ប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បានកំណត់​ដោយ​គណៈកម្មាធិការរៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ កាលពីថ្ងៃ​ទី​ ១០ ខែតុលា ឆ្នាំ​ ២០១៤ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ប្លង់គោល ប្រើប្រាស់​ដី និង​ផែនការ​ប្រើប្រាស់​ដី​ក្រុង​នៃ​ទីរួម​ខេត្ត​ត្បូងឃ្មុំ​។

លោម ជាម ច័ន្ទសោភ័ណ បន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ក៏ដូចជា​រដ្ឋបាលខេត្ត​បាននិង​កំពុង​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ ដូចជា សំណង់​អគារ ផ្លូវថ្នល់ លូ ស្ពាន អាងទឹក អគ្គិសនី ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូ បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​។​ល​។ ទៅតាម​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ក្នុង​ទីតាំង​នានា​នៃ​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន សុវត្ថិភាព សោភណភាព និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​នេះ ស្របតាម​គោលការណ៍​ប្លង់គោល​ប្រើប្រាស់​ដីធ្លី និង​ផែនការ​ប្រើប្រាស់​ដី​ក្រុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ឱ្យបាន​ល្អប្រសើរ​។

លោក ច័ន្ធសោភ័ណ ថ្លែងថា​ប្រជាពលរដ្ឋ ឬ​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដែលមាន​កម្មសិទ្ធិ​ដីធ្លី​នៅក្នុង​តំបន់ រដ្ឋបាលខេត្ត​ត្រូវ​ធ្វើការ​ស្នើសុំ​លិខិត​អនុញ្ញាត​មក​រដ្ឋបាល​ខេត្ត​រាល់​ការសាងសង់ ការបើកផ្លូវ ការបំពេញ​អាចម៍ដី និង​ការពុះដីឡូត៍ ស្របតាម​នីតិវិធី​។ ក្នុងករណី​មិន​គោរព​តាម​ការណែនាំ​រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​មិន​ទទួល​ខុសត្រូវ​រាល់​ការខាត​បាត់បង់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដែល​កើតមានឡើង​ពី​ការប្រព្រឹត្ត​ផ្ទុយ​នឹង​ការណែនាំ​នេះនោះ​ទេ​៕