ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩) ​នៃ​ក្រសួង​សុខាភិបាល​បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ដែល​មិន​​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដោយសារ​មូលហេតុ​ផ្សេងៗ អាច​ស្ម័គ្រចិត្ត​ចាក់​ដោយ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង ពិសេស​សម្រាប់​ក្រុម​គោលដៅ​ និង​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាព​ធ្ងន់ធ្ងរ​ជំងឺ​កូវីដ​ ១៩ ​ដែលមាន​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​។


លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩) ​នៅ​ថ្ងៃទី​ ១៩ ​ខែតុលា​បាន​ធ្វើការ​ជូន​ព័ត៌មាន​បន្ថែម​ពី​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដល់​ប្រជាពលរដ្ឋ​ដែលមាន​វ័យចាស់​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​ផ្សេងៗ​រួមទាំង​ជំងឺ​កូវីដ​ ១៩ និង​អ្នកមាន​ជំងឺ​ប្រចាំកាយ​។

លោកស្រី​បាន​លើកឡើងថា រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ (​គ.វ.ក-១៩) ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ និង​កុមារ​ចាប់ពី​អាយុ​ ៦ ​ឆ្នាំ​ឡើង​ បាន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បាន​យ៉ាងច្រើន​ក្នុង​នោះ​ក៏មាន​លោកតា និង​លោកយាយ ដែលមាន​អាយុ​លើសពី​ ១០០ ​ឆ្នាំ​បាន​មក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ប្រកបដោយ​សុវត្ថិភាព​ផងដែរ​។

ទន្ទឹមគ្នា​នេះដែរ​ (​គ.វ.ក-១៩) ​ក៏​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​មិនទាន់​បាន​ស្ម័គ្រចិត្ត​មកចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅឡើយ ដោយសារ​មូលហេតុ​ផ្សេងៗ​។


លោកស្រី ឱ វណ្ណឌីន បាន​បញ្ជាក់ថា​៖ «​ចំពោះ​អ្នក​ជំងឺ​កូវីដ​ ១៩ ដែល​បាន​ស្លាប់​កន្លងមក ភាគច្រើន​ជា​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ដូចនេះ​ដើម្បី​កាត់បន្ថយ​សភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​​កូវីដ​ ១៩ និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​អត្រា​ស្លាប់​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩ (​គ.វ.ក-១៩) សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង ដោយ​បងប្អូន​អញ្ជើញ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​»​។


ប្រធាន គ.វ.ក-១៩ រូបនេះ​ក៏បាន​ប្រាប់​ទៅដល់​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ណែនាំ​បន្ថែម​ដល់​ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី-ខេត្ត ឱ្យ​ជូនដំណឹង​ទៅគ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ទាំងអស់​ឱ្យ​ផ្ដល់​ការចាក់​វ៉ាក់សាំង​នេះ​ដល់​ក្រុម​គោលដៅ​ទាំងនេះ​ឱ្យមាន​ភាពរលូន​នៅ​គ្រប់​ទីតាំង​ចាក់​វ៉ាក់សាំង​ទាំងអស់​។

លោកស្រី​ ឱ វណ្ណឌីន បាន​បន្ថែមថា​៖ «​ប្រធាន​អនុគណៈ​កម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​រាជធានី-ខេត្ត​ ក៏​ត្រូវ​សម្រង់​ចំនួន​ឱ្យបាន​ច្បាស់លាស់​នៅតាម​ផ្ទះ​នីមួយៗ​​នូវ​អ្នក​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង និង​មូលហេតុ​ច្បាស់លាស់​ហើយ​ជំរុញ​ការអប់រំ​ ដើម្បី​ឱ្យ​ពួកគាត់​យល់​ពី​សារៈប្រយោជន៍​របស់​វ៉ាក់សាំង និង​សម្រេចចិត្ត​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា ទោះ​ជាមាន​វ័យចាស់​ក៏ដោយ​»​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ប្រទេស​កម្ពុជា​នេះ​​ដែរ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ថ្លែង​ក្នុង​សារ​សំឡេង​ពិសេស​នា​ថ្ងៃទី​ ១៩ ខែតុលាថា ការចាក់​វ៉ាក់សាំង​បាន​ប្រព្រឹត្តទៅ​យ៉ាង​ប្រសើរ​ដែល​មកទល់​​ពេលនេះ​ពលរដ្ឋ​ជាង​ ១៣,៦ ​លាន​នាក់​ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៃ​ប្រជាជន​ ១៦ ​លាន​នាក់ ដែល​ធ្វើឱ្យ​អ្នក​ឆ្លង​មួយចំនួន​មិន​នាំ​ទៅ​រក​ភាពធ្ងន់ធ្ងរ​បាន​។

លោក​បាន​ថ្លែងថា​៖ «​ស្ថានភាព​ទាំងអស់​នេះ អាច​និយាយ​បាន​ថា វ៉ាក់សាំង​គឺជា​គ្រឹះ​ការពារ​​ដ៏រឹងមាំ​សម្រាប់​ការពារ​អាយុជីវិត​របស់​ប្រជាជន កាត់បន្ថយ​ការឆ្លង​ និង​មិន​នាំ​ដល់​គ្រោះថ្នាក់​»​។

លោក​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ​​ត្រូវខិតខំ​ ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង បើទោះបីជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​តាម​បណ្តា​ខេត្ត​ជាច្រើន​បាន​បិទ​បញ្ចប់​ក៏ដោយ​ក៏​ក្រុមគ្រូពេទ្យ​បាន​ទុក​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​មិនទាន់​បាន​ចាក់​ផងដែរ​។

លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «​យើង​អាចមាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ និង​តាម​ផ្ទះ​តែម្តង​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​របស់​យើង​មិនអាច​ធ្វើដំណើរ​មកកាន់​ទីកន្លែង​ចាក់​វ៉ាក់សាំង​បាន​។ អាជ្ញាធរ​ត្រូវ​ពិនិត្យ​សិក្សា​ភូមិសាស្ត្រ​នៅ​កន្លែង​ដាច់ស្រយាល​ឆ្ងាយ​ដែល​មិនទាន់​បាន​ចាក់ ត្រូវ​ទៅ​ចាក់ឱ្យ​ពួកគាត់​ដល់​ទីកន្លែង​ ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​ភាពស៊ាំ​សហគមន៍​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី​មកទល់​ពេល​នេះ កម្ពុជា​ទទួល​​បាន​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ការបញ្ជា​ទិញ​ និង​ការផ្តល់​ជា​ជំនួយ​ពី​ប្រទេស​ផ្សេងៗ​បាន​ចំនួន​ជាង​ ៣៨ ​លានដូស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​៕

វីដេអូ៖