ស្ទឹងត្រែងៈ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ស្ទឹងត្រែង​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការចងក្រង​ឯកសារ​ផ្លូវការ​នៃ​នំអន្សម​ជ្រូក មុខម្ហូប និង​បង្អែម​ផ្សេងៗ សម្រាប់​សម្គាល់​អាហារ​ប្រចាំ​តំបន់​នេះ ដើម្បី​រក្សា​នូវ​មរតក​ដូនតា និង​ទុក​បន្ត​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។


ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​លោក អ៊ុក ធារី បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ថ្មីៗ​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​បាន​ចុះ​តាម​មូលដ្ឋាន​ដើម្បី​ចងក្រង​នំអន្សម​ជ្រូក និង​មុខម្ហូប ដូចជា ឡាប ភ្លា ដែល​សុទ្ធសឹង​តែ​ជា​មរតក ប្រចាំ​ខេត្ត​ស្ទឹងត្រែង​។ ​លោក​បន្ត​​ថា នំ និង​មុខម្ហូប​ទាំងនេះ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការសិក្សា​នៅឡើយ ដោយ​មិនទាន់​ចងក្រង​ឯកសារ​ជា​ផ្លូវការ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​មិនទាន់​បាន​ចុះ​កំណត់ត្រា​ ឬ​ចងក្រង​នំអន្សមជ្រូក​នោះ​ជា​មរតក​ប្រចាំ​​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ​គ្រាន់តែ​ចុះ​ដើរ​សួរ​ពិនិត្យមើល ហើយ​មិន​ទាន់​ចេញ​ជា​រូបរាង​ឯកសារ​ជាក់លាក់​ថា​ម្ហូប​ណា នំ​ណា ដែលជា​ម្ហូប​មរតក​សម្រាប់​ប្រជាជន​ខេត្តស្ទឹងត្រែង​នៅឡើយ​ទេ​»​។

លោក​បាន​បន្តថា បន្ទាប់ពី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​បាន​ចុះ​សិក្សា​រួចមក គឺ​គាត់​ចាប់​អារម្មណ៍​តែ​លើ​នំអន្សមជ្រូក​ទេ​។ លោក​ថា​៖ «​គាត់​វេច​នំអន្សមជ្រូក​លក់​មាន​ដាក់​ពង​ទាប្រៃ​ ហើយ​ល្បី​​តៗ​គ្នា ព្រោះ​នំ​នេះ​កំពុង​ល្បី​លក់​​នៅតាម​អនឡាញ ហើយ​លក់​ដល់​ភ្នំពេញ​ថែម​ទៀតផង​»​។


លោក​បាន​បញ្ជាក់ថា តាមពិត​​ទៅ​នំអន្សមជ្រូក នៅ​ខេត្ត​ណា​ក៏មានដែរ ប៉ុន្តែ​ការចងក្រង​នំអន្សម​នេះ ឬ​មុខម្ហូប​ផ្សេងទៀត​គឺ​សម្រាប់​សម្គាល់​អ្វី​ដែល​ជា​ស្នាដៃ​បងប្អូន​នៅ​ខេត្ត​ស្ទឹងត្រែង​។


នំអន្សម​ដែល​ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា​កាលពីពេល​កន្លងមក​។ហេង ជីវ័ន

លោក​បាន​បន្ថែមថា​៖ «​គ្រាន់តែ​ចង់បង្ហាញ​ថា នំអន្សម​ប្រភេទ​នេះ​មកពី​ខេត្តស្ទឹងត្រែង​ជា​ស្នាដៃ​របស់​បងប្អូន​នៅ​ខេត្ត​ស្ទឹងត្រែង ព្រោះ​នំអន្សមជ្រូក​នេះ នៅ​ខេត្ត​ស្ទឹងត្រែង​គាត់​ធ្វើ​ឆ្ងាញ់​»​។

លោក​បន្តថា អ្វីដែល​សំខាន់​គឺ​នំអន្សមជ្រូក​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅតាម​អនឡាញ ហើយ​ក៏​ជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ប្រចាំថ្ងៃ​ស្របពេល​មាន​វិបត្តិ​កូវីដ​ ១៩ ​ផងដែរ​។

លោក​បាន​ឱ្យដឹង​ទៀត​ថា ដោយឡែក​មុខម្ហូប​វិញ គឺ​ក្រុម​ការងារ​កំពុង​ពិចារណា​លើ​មុខម្ហូប ឡាប និង​ភ្លា ដែល​ជា​ម្ហូប​​ពេញនិយម​នៅ​ខេត្ត​ស្ទឹងត្រែង​។

លោក​ថា​៖ «​យើង​ក៏​កំពុង​សិក្សា​ផងដែរ ដូចជា ម្ហូប​ឡាប ព្រោះ​ប្រជាជន​ស្ទឹងត្រែង​តែ​និយម​ចូលចិត្ត​ញ៉ាំ ដោយសារ​ប្រជាជន​នៅ​នេះ​មួយចំនួន​កាត់​ឡាវ អ៊ីចឹង​គាត់​ចូលចិត្ត​ធ្វើ​ម្ហូប​ឡាប​ញ៉ាំ​»​។ ម្ហូប​ឡាប នៅ​ស្ទឹងត្រែង​ខុសពី​ឡាប​នៅ​ភ្នំពេញ ឡាប​នៅ​​ស្ទឹងត្រែង​គេ​ធ្វើ​ពី​ត្រី​ស្លាត គឺ​គេ​កោស​សាច់​ត្រី​មក​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ត​រួច​គេ​យកមក​កូរ ហើយ​ដាក់​គ្រឿងផ្សំ​មាន​ប្រហុក អង្ករលីង និង​គ្រឿងផ្សំ​ផ្សេងទៀត​»​។

លោក​បន្តទៀត​ថា​៖ «​ក្រៅពី​​នោះ​មុខម្ហូប​មួយទៀត គឺ​ភ្លា នៅ​ស្រុក​ស្ទឹងត្រែង​គេ​ហៅ «​កយ​» ​តែ​ភ្លា​នៅ​យើង​នេះ សាច់​គេ​ធ្វើ​មិនសូវ​ឆ្អិន​ទេ ប៉ុន្តែ​នៅ​ខេត្ត​ខ្លះ​ ឬ​នៅ​ភ្នំពេញ​គេ​ធ្វើ​ឆ្អិន​»​។

លោកស្រី ញោច សារឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី​ថា កំពុង​សិក្សា​លើ​រឿងនេះ​។

បើតាម​លោក អ៊ុក ធារី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ស្ទឹងត្រែង ការងារ​នេះ​មិន​ងាយស្រួល​ទេ ព្រោះ នំ ឬ​មុខម្ហូប​ដែល​ត្រូវ​​ចងក្រង​ឯកសារ​ជា​ផ្លូវការ​គឺ​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ​ពី​ភាគី​ពាក់ព័ន្ធ​ជាមុនសិន​។

លោក​បាន​បញ្ជាក់ថា​៖ « មុននឹង​បានចេញ​ជា​ឯកសារ​ចងក្រង​ជា​ផ្លូវការ ទាល់តែ​ត្រូវការ​សិក្សា​ស្រាវជ្រាវ​ពី​មន្ទីរ​វប្បធម៌ ដៃគូ​ពាក់ព័ន្ធ និង​ប្រជុំ​ជាមួយ​អនុគណៈកម្មការ​មួយ ដើម្បី​វាយតម្លៃ​ផ្តល់​មតិ​ថា ម្ហូប ឬ​នំ នោះ​ជា​មរតក​នៅ​ភូមិភាគ​ឦសាន​យើង​ឬ​អត់​? ទើប​យើង​កំណត់​អត្តសញ្ញាណ​បាន​»៕