បាត់ដំបងៈ មន្ត្រី​យោធា​ម្នាក់​បាន​និយាយថា កម្លាំងយោធា​ផ្នែក​សឹក​រង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង និង​កម្លាំង​នគរបាល​វរៈការពារ​ព្រំដែន​លេខ​ ៨១៩ បាន​ប្រទះឃើញ​គ្រាប់កាំភ្លើង​ជាង​ ៥០០ ​គ្រាប់​ និង​បង់​កាំភ្លើង​ជាង​ ៤០ ក្នុង​ការដើរល្បាត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-ថៃ កាលពី​ល្ងាច​ថ្ងៃទី​ ១៩ តុលា ឆ្នាំ​ ២០២១​។


មន្ត្រី​យោធា​ផ្នែក​សឹក​រង​ស្រុក​កំរៀង​ម្នាក់ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា នៅវេលា​ម៉ោង​ ៥ ​ល្ងាច​ថ្ងៃទី​ ១៩ តុលា កម្លាំងយោធា និង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​ ៨១៩ បានរួម​គ្នា​ចុះ​ល្បាត​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ហើយ​បាន​ប្រទះឃើញ​ការុង​ ១ ​នៅក្បែរ​អូរ ក្នុង​ចំណុច​ភូមិសាស្ត្រ​ឃុំ​ត្រាង ស្រុក​កំរៀង​។ ដោយមាន​ការសង្ស័យ​ក៏បាន​ត្រួតពិនិត្យមើល ក៏​ឃើញ​មាន​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ រួមទាំង​បង់​ដាក់​គ្រាប់​ជាច្រើន​បង់​ទៀត​នៅក្នុង​ការុង​នោះ​។

ប្រភព​ពី​មន្ត្រី​យោធា​រូបនោះ​បញ្ជាក់ថា​៖ «​គ្រាប់កាំភ្លើង​ដែល​ប្រទះឃើញ​នេះ​ជា​ប្រភេទ​គ្រាប់​ ១២,៧ ​ម.ម. ចំនួន​ ៥០៨ ​គ្រាប់ និង​បង់គ្រាប់​ប្រភេទ អាកា​ចំនួន​ ៤២ ​បង់​។ បច្ចុប្បន្ន​គ្រាប់ និង​បង់​កាំភ្លើង​ទាំងនោះ​ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​កងពលតូច​លេខ​ ៥៣ ដើម្បី​បន្ត​ការស្រាវជ្រាវ​តាម​នីតិវិធី​»​។

ជុំវិញ​ករណីនេះ លោក​ រួន ថារី មេបញ្ជាការរង​ផ្នែក​សឹករង​ស្រុក​កំរៀង បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា នៅពេលនេះ​កម្លាំង​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក មុខសញ្ញា​ក្រុម​ជន​ដែល​លួចលាក់​នូវ​គ្រាប់ និង​បង់​កាំភ្លើង​ទាំងនោះ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។ លោក​បាន​ចាត់ទុក​ករណី​នេះ​ថា​៖ «​ជា​អំពើ លួចលាក់​រត់ពន្ធ​អាវុធ​»​។


លោក​ ម៉ង់ ទី មេបញ្ជាការវរៈ ព្រំដែន​លេខ​ ៨១៩ និយាយថា ករណីនេះ​លោក​មិនអាច​ប្រាប់​បានទេ ព្រោះ​ជា​ការសម្ងាត់​៕


វីដេអូ៖