ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាព នៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្ត្រទូទាំងរាជធានី-ខេត្តទាំងអស់ ចាប់ពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាបរួចមក។
នេះបើយោងតាមសេចក្តីណែនាំដែលចុះហត្ថលេខា ដោយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នាថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២១។
លោកបានលើកឡើងថា៖ «ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំងការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និង វិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន»។
ក្រសួងបានបញ្ជាក់ថា បន្ទាប់ពីការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយ បានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំ ការចូលរួមតាមគ្រប់រូបភាពពីសំណាក់ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។
ក្រសួងក៏សង្កេតឃើញទៀតថា ការបើកដំណើរការ គ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្ដាច់ការឆ្លងរាលដាលបានល្អប្រសើរ។
ករណីវិជ្ជមានកូវីដ ១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។
ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ ១៩ ក្នុងអត្រាខ្ពស់។ នេះបើតាមការបញ្ជាក់របស់សេចក្តីណែនាំនេះ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ បានធ្វើការណែនាំនូវគោលការណ៍សំខាន់ៗស្តីពី ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន ដោយការបើកដំណើរការគ្រឹះស្ថានឡើងវិញនេះ នៅតាមក្រុង ស្រុក ខណ្ឌដែលជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀននិងរៀនតាមបណ្ដុំពី ១៥ ទៅ ២០ នាក់ និងផ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព។
ក្រសួងក៏បានណែនាំឱ្យបង្កើតគណៈកម្មការសុខភាពសិក្សា ដោយមានការចូលរួមពីមាតាបិតា បុគ្គលិក សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មាន ត្រួតពិនិត្យ តាមដាន សុខភាពរបស់បុគ្គលិកអប់រំ និងអ្នកសិក្សាជាប្រចាំ។
ចំពោះគ្រូបង្រៀនដែលមិនទាន់បានចាក់វ៉ាក់សាំង ការពារកូវីដ ១៩ ក្រសួងមិនទាន់អនុញ្ញាតឱ្យបង្រៀន នៅក្នុងសាលារៀនឡើយ និងត្រូវជំរុញ ឬលើកទឹកចិត្ត ឱ្យទៅទទួលវ៉ាក់សាំងការពារកូវីដ ១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។
ប៉ុន្តែក្រសួងក៏មានការលើកលែង ចំពោះករណីដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំង គ្រូបង្រៀននៅតែអាចបង្រៀននៅក្នុងសាលារៀនបាន ប៉ុន្តែត្រូវមានវិធានការការពារ ឬប្រើប្រាស់ថ្នាំព្យាបាល ដើម្បីកុំឱ្យមានការចម្លង នៅក្នុងគ្រឹះស្ថានសិក្សា។
យ៉ាងណាមិញ ក្នុងករណីរកឃើញមានការឆ្លងវីរុសកូវីដ ១៩ នៅក្នុងក្រុមសិស្ស ឬថ្នាក់រៀន មន្ទីរអប់រំ យុវជន និងកីឡាត្រូវផ្អាកដំណើរការតែក្រុមសិស្ស ឬថ្នាក់រៀននោះប៉ុណ្ណោះ និងត្រូវចាត់ចែងយកអ្នកវិជ្ជមាន និងអ្នកដែលមានការពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។
ក្រសួងបានបញ្ជាក់ថា ដោយឡែកគ្រឹះស្ថានសិក្សាទាំងមូល ឬក្រុមសិស្ស ឬថ្នាក់រៀនដទៃទៀត នៅបន្តដំណើរការធម្មតា៕