បន្ទាយមានជ័យៈ ស្នងការ​នគរបាលខេត្ត​បន្ទាយមានជ័យ​លោក សិទ្ធិ ឡោះ បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​នគរបាល​ណា ដែល​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ និង​ការ​ល្មើស​ជួញដូរ​គ្រឿងញៀន។


ការ​ព្រមាន​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី ២១ ខែតុលា​ម្សិលមិញ ក្នុង​ខណៈពេល​លោក សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្ត​បន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ។

លោក​ក៏បាន​ធ្វើការ​បើក​កិច្ចប្រជុំ​មួយ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ និង​មេបញ្ជាការ​វរការពារព្រំដែនគោក​ទាំង ៤ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន នៅ​ទីបញ្ជាការ​វរនគរបាល​ការពារ​ព្រំដែនគោក ៨០៧ ច្រក​បឹងត្រកួន ស្ថិត​ក្នុង​ស្រុកថ្មពួក ខេត្ត​បន្ទាយមានជ័យ​ផងដែរ។ នេះ​បើយោង​តាម​នគរបាលជាតិ។

ក្នុង​ឱកាសនោះ​លោក សិទ្ធិ ឡោះ បាន​ព្រមាន​ចំៗ​ចំពោះ​មន្ត្រី​នគរបាល​ដែល​ឈរជើង​តាម​បន្ទាត់ព្រំដែន​កម្ពុជា-ថៃ​ថា៖«ក្នុង​នាម​ជា​នគរបាលជាតិ​ដាច់ខាត​មិនត្រូវ​ពាក់ពន្ធ័​ជាមួយ​ឈ្មួញ ឬ​បទល្មើស​ជួញដូរ​គ្រឿងញៀន និង​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់​ឡើយ។ បើ​រកឃើញ​បទ​ល្មើស​នៅ​គោលដៅ​ណា លោក​នឹង​មាន​វិធានការ​តាមច្បាប់ ឬ​បញ្ជូនទៅ​តុលាការ​តែប៉ុណ្ណោះ»។


កងកម្លាំង​ទាំងអស់​ត្រូវ​បាន​ជំរុញ​ឱ្យ​រួមគ្នា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន ពិសេស​គឺ​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់, បទល្មើស​សេដ្ឋកិច្ច​ដូចជា​ទំនិញ​គេចពន្ធ និង​រថយន្ត​ចង្កូតស្តាំ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ជាដើម។


ក្រៅពីនោះ​លោក សិទ្ធិ ឡោះ ក៏បាន​ជំរុញ​ឱ្យ​គ្រប់​មេបញ្ជាការវរៈ​ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង ពង្រឹង​ប្រសិទ្ធភាព​កម្លាំង សហការ​ជាមួយ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគីថៃ​ឱ្យ​បានល្អ ដើម្បី​បង្ក​លក្ខណ:​ងាយស្រួល​ក្នុងការ​ធ្វើការងារ។

លើសពីនោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឱ្យ​កម្លាំង​នគរបាល​ព្រំដែន​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​ពង្រឹង​ប្រសិទ្ធភាព​ការងារ ត្រៀម​កម្លាំង​ប្រចាំការ ២៤ម៉ោង កសាងប៉ុស្តិ៍ ជម្រក សម្ភារ​បរិក្ខារ​ទ័ព គ្រប់គ្រង​គ្រាប់ អាវុធ បង្កបង្កើន​ការ​ដាំ​ដំណាំ ចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដើម្បី​ទ្រទ្រង់​ដល់ការ​ហូបចុក​ប្រចាំថ្ងៃ ក៏ដូចជា ដើម្បី​លើកស្ទួយ​ជីវភាព​នគរបាល​តាម​ព្រំដែន​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ផងដែរ៕