ក្រសួង​ការបរទេស កែសម្រួល​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​ធ្វើដំណើរ និង​ការធ្វើ​ចត្តាឡីស័ក

Content image - Phnom Penh Post
អ្នកដំណើរចូលមកកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ១៦ មិថុនា។ ហេង ជីវ័ន

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ធ្វើការ​កែសម្រួល​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ លក្ខខណ្ឌ​ធ្វើដំណើរ និង​ការធ្វើ​ចត្តាឡីស័ក ដោយ​បើក​ឱ្យមាន​ការផ្តល់​ឡើងវិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍ ដែល​ត្រូវបាន​ផ្អាក ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស ភ្ញៀវទេសចរ​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption)​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ លើកឡើង​ក្នុង​លិខិត​ផ្ញើជូន​ឯកអគ្គរាជទូត អគ្គកុងស៊ុល និង​កុងស៊ុល​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​បរទេស​ថា យោង​លើ​ការវិវឌ្ឍ​កាន់តែ​ប្រសើរឡើង​នៃ​ស្ថានភាព​ទប់ទល់​នឹង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា រាជរដ្ឋាភិបាល​បានសម្រេច​បើក​ប្រទេស​កម្ពុជា​ឡើងវិញ​ជា​បណ្តើរៗ និង​តាម​ដំណាក់កាល​ជាមួយនឹង​ភាពប្រយ័ត្នប្រយែង និង​ការទទួល​ខុសត្រូវ​ខ្ពស់​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោក ប្រាក់ សុខុន បាន​បញ្ជាក់ថា៖ «​រាជរដ្ឋាភិបាល​បាន​សម្រួល​លក្ខខណ្ឌ​គោលការណ៍​នៃ​ការផ្តល់​ទិដ្ឋាការ និង​របប​នៃ​ការធ្វើ​ចត្តាឡីស័ក សម្រាប់​អ្នកដំណើរ​មក​កម្ពុជា ដោយ​បើក​ឱ្យមាន​ការផ្តល់​ឡើងវិញ​នូវ​ទិដ្ឋាការ​ទេសចរណ៍ ដែល​ត្រូវបាន​ផ្អាក ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​អាច​ទទួលភ្ញៀវ​បរទេស និង​ភ្ញៀវទេសចរ​ទូទៅ និង​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គោលការណ៍​លើកលែង​ទិដ្ឋាការ (Visa Exemption)»​។

លោក​បាន​បន្ថែមថា រាជរដ្ឋាភិបាល​ក៏បាន​ដាក់​ដំណើរការ​ឡើងវិញ​នូវ​ការស្នើសុំ​ទិដ្ឋាការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (e-Visa) ដើម្បី​សម្រួល​ដល់​អ្នកដំណើរ​ក្នុង​ការស្នើសុំ​ទិដ្ឋាការ​ចូលមក​កម្ពុជា ប៉ុន្តែ​នៅ​បន្ត​ផ្អាក​ការផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់ (Visa on Arrival)​។

គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​កែសម្រួល​លក្ខខណ្ឌ​ធ្វើដំណើរ ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​នៅ​កម្ពុជា សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​ផងដែរ​៕

ព័ត៌មានថ្មីៗ