ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​គ្រោង​នឹង​នាំយក​វត្ថុ​បុរាណ​មុន​សម័យអង្គរ​ចំនួន ៨ ទៅ​តាំងពិព័រណ៍​នៅ​សារមន្ទីរ​សិល្បៈ​ក្លេវើឡេន រដ្ឋ​អូហៃយ៉ូ​នៃ​សហរដ្ឋអាមេរិក ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២២ ក្រោម​ចំណងជើង​ថា «Revealing Krishna: Journey to Cambodias Sacred Mountain»​។


លោក ឆាយ វិស្សុត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សារមន្ទីរជាតិ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែតុលា ថា​៖ «​ចំពោះ​ការតាំងពិព័រណ៍​នេះ​គឺជា​ការសហការ​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង សារមន្ទីរ​សិល្បៈ ក្លេវើឡេន របស់​អាមេរិក មិនមែន​ជា​ការតាំងពិព័រណ៍​អន្តរជាតិ ដែល​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​នោះទេ​។

សារមន្ទីរ​សិល្បៈ​ក្លេវើឡេន គេ​នឹង​ជួយ​ជា​ថវិកា​ខ្លះ​ទៅ​ក្រសួង ដើម្បី​អភិវឌ្ឍ និង​អភិរក្ស​បេតិកភណ្ឌ​ជាតិ ប៉ុន្តែ វា​មិន​ច្រើន​ទេ ព្រោះ​ជា​គម្រោង​សហការ វា​មិនមែន​ជា​ការខ្ចី​យក​ទៅ​ដាក់​តាំង​រហូត​ទេ ពេល​ចប់​យក​ត្រឡប់មកវិញ​»​។

លោក​បាន​បន្តថា សម្រាប់​ការតាំង​ពិព័រណ៍​នេះ សារមន្ទីរ​ជាតិ​បាន​ជ្រើសរើស​រូប​សិល្បៈ​មុន​សម័យអង្គរ​ចំនួន ៨ យក​ទៅ​ដាក់តាំង​បង្ហាញជូន​ភ្ញៀវទេសចរ ព្រោះ​វា​ឆ្លើយតប​ទៅនឹង​ចំណងជើង ពិព័រណ៍ ថា «Revealing Krishna: Journey to Cambodias Sacred Mountain» ដែល​មានន័យថា «​ព្រះក្រឹស្ណា៖ ដំណើរ​ទៅកាន់​ភ្នំ​ពិសិដ្ឋ​របស់​កម្ពុជា​» ជាពិសេស​សិល្បៈ​នៅ​ភ្នំដា ពាក់ព័ន្ធ​នឹង​ព្រះ​នារាយណ៍ និង​លិង្គ ព្រះឥសូរ​ ១​។

លោក ឆាយ វិស្សុត ថ្លែង​ថា ចាប់តាំងពី​ឆ្នាំ​ ១៩៩៦ សារមន្ទីរ​ជាតិ​បាន​យក​វត្ថុ​សិល្បៈ​ជាច្រើន​ប្រភេទ​ទៅ​តាំងបង្ហាញ​នៅក្នុង​ប្រទេស​ជាច្រើន ទាំង​នៅក្នុង​អាមេរិក​ខាងជើង អឺរ៉ុប អាស៊ី អូស្ត្រាលី អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី ជប៉ុន និង​សិង្ហបុរី ជាដើម ព្រោះ​ដោយសារ​ភាពទាក់ទាញ​នៃ​សិល្បៈ​វប្បធម៌​របស់​កម្ពុជា​។


លោក​ថ្លែងថា​៖ «​មាន​ប្រទេស​ជាច្រើន​បាន​ទាក់ទង​មក​សារមន្ទីរ​ឱ្យ​យក​វត្ថុសិល្បៈ​ទៅ​ដាក់តាំង​បង្ហាញ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​សហរដ្ឋអាមេរិក​។ ប្រទេស​អាមេរិក គឺជា​ទីតាំង​ ១ សម្បូរ​សារមន្ទីរ​ច្រើនជាង​បណ្តា​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​។ អ៊ីចឹង ហើយ​កិច្ចសហការ​ប្រតិបត្តិ​ការបញ្ជូន​រូប​សិល្បៈ​ទៅ​តាំងនៅ​អាមេរិក​មាន​ច្រើនដង​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៦ មក​»​។

លោក​បន្តថា ចំពោះ​ការយក​រូប​សិល្បៈ​វប្បធម៌​របស់​កម្ពុជា​ទៅ​ដាក់តាំង​ពិព័រណ៍ នេះ​គឺជា​ឱកាស​ក្នុង​ការផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​លោកខាងលិច​ឱ្យបាន​ស្គាល់ និង​ផលប្រយោជន៍ និង​ជា​ការផ្លាស់ប្តូរ​បទពិសោធ​នៃ​ការរៀបចំ​ពិព័រណ៍ និង​បច្ចេកទេស​វេចខ្ចប់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​វត្ថុ​សិល្បៈ​។ មួយវិញទៀត​គឺ​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​សារមន្ទីរ​ជាតិ​កម្ពុជា និង​សារមន្ទីរ​នៅក្នុង​ប្រទេស​អាមេរិក​ផងដែរ​។

លោក​ថ្លែងថា​៖ «​កន្លងមកនេះ ភាគី​អាមេរិក​ធ្លាប់បាន​បញ្ជូន​រូបចម្លាក់​ឱ្យ​យើង​ដែរ​។ អ៊ីចឹង​ទេ ការដែល​យើង​បញ្ជូន​ទៅ​នេះ ក្រៅតែពី​ការផ្សព្វផ្សាយ គឺ​យើង​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អ ប្រសើរ​រវាង​សារមន្ទីរ​យើង និង​ខាងគេ​»​។ តាម​ការផ្សព្វផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​សារមន្ទីរ​ជាតិ​កាលពី​ថ្ងៃទី​ ១៩ ខែតុលា​ឱ្យ​ដឹងថា សារមន្ទីរ​ជាតិ​មាន​ប្រារព្ធ​ពិធី​បញ្ចប់​ការវេចខ្ចប់​រូប​ចំនួន​ ៨ ដើម្បី​យកទៅ​តាំងពិព័រណ៍​នៅ​សារមន្ទីរ​សិល្បៈ​ក្លេវើឡេន​នា​រដ្ឋ​អូហៃយ៉ូ សហរដ្ឋ-អាមេរិក ដែល​នឹង​រៀបចំ​ឡើង​ពីថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២២​។

សារមន្ទីរ​ជាតិ​បញ្ជាក់ថា រូប​សិល្បៈ ឬ សមុច្ច័យ​ទាំង​ ៨ ដែល​ត្រៀម​យកទៅ​តាំងពិព័រណ៍​នោះ​រួមមាន លិង្គ​មកពី​សារមន្ទីរ​អង្គរបុរី​នៃ​ខេត្តតាកែវ​។ ដោយឡែក​រូបនាង​ទុគ៌ា ព្រះនារាយណ៍ ព្រះក្រឹស្ណៈ​ទ្រភ្នំ​គោវធ៌ន ព្រះពុទ្ធ​ទ្រង់​អភ័យមុទ្រា ស្នានទ្រោណី ពលរាម និង​ដងខ្លួន​ព្រះក្រឹស្ណៈទ្រភ្នំ​គោវធ៌ន​នៅ​សារមន្ទីរ​ជាតិ​ផ្ទាល់​។

ក្រោម​កិច្ចសហប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋ​អាមេរិក​លើ​វិស័យ​វប្បធម៌​កាលពី​ខែមិថុនា ឆ្នាំ ២០២១ កន្លងមក​នេះ​បាន​បញ្ជូន​រូបចម្លាក់​សិល្បៈ​បុរាណ​ចំនួន ២៧ មកកាន់​ប្រទេស​កម្ពុជា​វិញ ដែល​មាន​រូប​ព្រះពុទ្ធបដិមា និង​រូបចម្លាក់​ព្រះវិស្ណុ​៕