ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី«ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២» ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី ២២ ខែតុលា ខណៈរដ្ឋាភិបាលមានផែនការប្រមូលចំណូលចូលថវិកាជាតិ ឱ្យបានប្រមាណ ៦,៣ ពាន់លានដុល្លារ។


ខ្លឹមសារនៃសេចក្តីព្រាងច្បាប់បានឱ្យដឹងថា នៅឆ្នាំ ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិសរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣៤,៧ ពាន់ពាន់លានរៀល ស្មើប្រមាណ ៨,៥ ពាន់លានដុល្លារ ត្រូវជា ២៧,៩៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៨,៤ ភាគរយ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។ ក្នុងនោះរាជរដ្ឋាភិបាលក៏គ្រោងនឹងប្រមូលចំណូលថវិការដ្ឋឱ្យបាន ២៥,៦ ពាន់ពាន់លានរៀល ស្មើនឹង ៦,៣ ពាន់លានដុល្លារ ត្រូវជា ២០,៦១ ភាគរយនៃ ផ.ស.ស ដែលមានការកើនឡើង ១៩,៣ ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។

បើតាមសេចក្តីព្រាងច្បាប់នេះ ថវិកាឆ្នាំ ២០២២ ត្រូវបានគិតគូរ និងរៀបចំឡើង ដើម្បីតម្រង់ការប្រើប្រាស់ធនធានលើការបន្តប្រយុទ្ធ និងការកសាងសមត្ថភាពរស់នៅជាមួយនឹងជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មី ក៏ដូចជាការទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋមិនឱ្យរាំងស្ទះ ជាពិសេសការស្ដារជីវភាពប្រជាជន និងការស្ដារកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ក្របខ័ណ្ឌថវិកាឆ្នាំ ២០២២ ក៏មានគោលដៅបន្តរក្សាការពារសមិទ្ធផលសង្គមជាតិទាំងឡាយ ដែលសម្រេចបានក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមក ព្រមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីបន្តដោះស្រាយបញ្ហាជាច្រើនទៀតរបស់ប្រទេសជាតិ និងប្រជាជន ក៏ដូចជាដើម្បីទប់ទល់ជម្នះផលប៉ះពាល់អវិជ្ជមាននានា បណ្ដាលមកពីបញ្ហាប្រឈមផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជាអាចឈររឹងមាំ និងធ្វើជាម្ចាស់ផ្ទះលើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។


ក្របខ័ណ្ឌចំណាយថវិកាឆ្នាំ ២០២២ មានចរិកជាការប្រឹងប្រែងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីការពារអាយុជីវិតប្រជាជនផង និងកសាងមូលដ្ឋានសម្រាប់ការរស់នៅជាមួយនឹងជំងឺកូវីដ ១៩ ផង ក្នុងគោលដៅស្ដារសេដ្ឋកិច្ច និងស្ដារជីវភាពប្រជាជនឡើងវិញ តាមរយៈការបន្តអនុវត្តនូវកញ្ចប់អន្តរាគមន៍សង្គមសេដ្ឋកិច្ច សំដៅបន្តគ្រប់គ្រងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការផ្ដល់ការលើកទឹកចិត្ត និងបង្កើនទំនុកចិត្តវិនិយោគិន ការបន្តអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃស្ថាប័នសាធារណៈ ការលើកកម្ពស់សុខុមាលភាពប្រជាជន ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម និងការជំរុញការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការបន្តការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធនានា ដែលជំរុញការធ្វើពពិធកម្មសេដ្ឋកិច្ច និងការលើកកម្ពស់ផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងកម្ពុជា៕