ភ្នំពេញៈ របាយការណ៍​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) បានឱ្យ​ដឹងថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ និង​ ៦ ​ខែ​កន្លងមកនេះ ពលករ​ចំណាកស្រុក​កម្ពុជា​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​មាន​ចំនួន​ជាង​ ២៥ ​ម៉ឺន​នាក់ ដែល​ក្នុងនោះ អ្នក​ឆ្លង​ជំងឺ​កូវីដ​​ ១៩ ​មាន​ជិត​ ២ ​ម៉ឺន​នាក់​។


របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ២២ ខែតុលា បញ្ជាក់​ថា​គិត​ចាប់​តាំង​ខែមីនា ឆ្នាំ​ ២០២០ រហូតដល់​ខែកញ្ញា ឆ្នាំ​ ២០២១ ពលករ​កម្ពុជា​ដែល​បាន​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​មាន​ចំនួន​ ២៥២ ៩៥៦ ​នាក់​ដែល​ក្នុងនោះ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ មាន​ចំនួន​ ១៨ ៩៨៣​ នាក់​។

របាយការណ៍​បន្តថា ពលករ​កម្ពុជា​ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​វិញ ក្នុង​ខែកញ្ញា​មាន​ចំនួន​ ១០ ៨០៥ ​នាក់​ដែល​ក្នុងនោះ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​មាន​ចំនួន​ ៣ ៨៣១ ​នាក់​។

បើតាម​របាយការណ៍​ក្នុង​រយៈពេល​ ៩ ​ខែ​ឆ្នាំនេះ គិត​ចាប់ពី​ខែមករា​ដល់​ខែកញ្ញា ពលករ​កម្ពុជា​ដែល​ត្រឡប់​ពី​ថៃ​វិញ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​គឺ​មាន​ចំនួន​ ១៨ ៤៦១ ​នាក់​៕