ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ឡើយ សម្រាប់​អ្នកដំណើរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​មិនតិចជាង​ ១៤ ​ថ្ងៃ​ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០២១​ខាងមុខនេះ សម្រាប់​អ្នក​ដែល​ចូល​តាមផ្លូវ​អាការ​តែប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​។


ប្រទេស​ថៃ​បាន​លើកលែង​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​ប្រជាពលរដ្ឋ​មកពី​ប្រទេស​ ឬ​ដែនដី​មាន​ចំនួន​ ៤៦ ​ប្រទេស​ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​។

ស្ថានទូត​កម្ពុជា​បានបញ្ជាក់​ពី​នីតិវិធី​នៃ​ការចូល​ប្រទេស​ថៃ សម្រាប់​ប្រទេស​លើកលែង​ចត្តាឡីស័ក​ថា មុនពេល​ធ្វើដំណើរ​អ្នក​ដំណើរ​ត្រូវមាន​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ពេញលេញ​មិនតិចជាង​ ១៤ ​ថ្ងៃ​, មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ដែល​មាន​ប្រាក់​ធានា​មិនតិចជាង ៥ ​ម៉ឺន​ដុល្លារ​។

សេចក្តី​ជូនដំណឹង​បាន​បន្ថែមថា៖ «​អ្នកដំណើរ​ត្រូវមាន​ឯកសារ​កក់ SHA+ ឬ​សណ្ឋាគារ AQ (​ត្រូវមាន​បញ្ជាក់​អំពី​ការបង់ប្រាក់​) ដើម្បី​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​រក​ជំងឺ​កូវីដ​ ១៩ ពេល​ទៅ​ដល់​ប្រទេស​ថៃ និង​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់ថា គ្មាន​ជំងឺ​កូវីដ​ ១៩ មិន​លើស​ ៧២ ​ម៉ោង មុនពេល​ធ្វើដំណើរ (RT-PCR Covid-19)»​។


ប្រភព​ដដែល​បានបញ្ជាក់​ផងដែរ​ថា អ្នកដំណើរ​ទាំងនេះ ត្រូវ​រស់នៅក្នុង​ប្រទេស​ដែល​លើកលែង​ចត្តាឡីស័ក​រយៈពេល​ ២១ ​ថ្ងៃ​ជាប់ៗ​គ្នា​។


ស្ថានទូត​កម្ពុជា​បាន​បន្ថែមថា នៅពេល​ដែល​មកដល់​ប្រទេស​ថៃ អ្នកដំណើរ​ត្រូវ​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​នោះ ហើយ​ត្រូវ​ធ្វើតេស្ត RT-PCR រក​ជំងឺ​កូវីដ​ ១៩ ​មួយទៀត និង​ត្រូវ​រង់ចាំ​លទ្ធផល​ ១ ​យប់​នៅ​សណ្ឋាគារ ដែល​បាន​កក់​ហើយ​។

ស្ថានទូត​កម្ពុជា​ថា៖ «​ប្រសិនបើ​ទទួលបាន​លទ្ធផល​វិជ្ជមាន​ត្រូវ​បញ្ជូនទៅ​ព្យាបាល​ ដោយ​ប្រើប្រាស់​ធានារ៉ាប់រង ហើយ​ប្រសិនបើ​លទ្ធផល​អវិជ្ជមាន អ្នកដំណើរ​នោះ​អាចធ្វើ​ដំណើរ​ក្នុង​ប្រទេស​ថៃ​បាន​ធម្មតា​»​។

គួរបញ្ជាក់​ផងដែរ​ថា SHA+ សំដៅលើ​សណ្ឋាគារ​ដែល​ទទួល​វិញ្ញាបនបត្រ​ដែល​ចេញ​ដោយ Amazing Thailand Safety និង​រដ្ឋបាល​សុខាភិបាល​ថៃ​។ ចំណែក AQ សំដៅលើ​សណ្ឋាគារ​សម្រាប់​ចត្តាឡីស័ក​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ថៃ​៕