ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា នឹង​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី ៣០ នៃ​ការ​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅថ្ងៃទី​២៣ ខែតុលា នៅ​វិមាន​សន្តិភាព។


សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ នឹង​ថ្លែង សុន្ទរកថា ក្នុងពិធីនេះ តំណាង​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

តំណាង​មក​ពី​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និង​ការិយាល័យ​អង្គការ សហប្រជាជាតិ នៅ​រាជធានី​ភ្នំពេញ នឹង​ចូលរួមក្នុង​ពិធី​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «នៅ​ក្នុង​ពិធី ឯកឧត្តម Jean-Yves Le Drian រដ្ឋមន្រ្តី​កិច្ចការ​អឺរ៉ុប និង​ការ​បរទេស​បារាំង និង​លោកជំទាវ Retno L.P. Marsudi រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី នឹង​ផ្ញើសារ​អបអរសាទរ មក​ចូលរួម ខណៈ​ឯកឧត្តម Mikami Masahiroឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាង​ឱ្យ​អង្គទូត​ទាំងអស់»៕