ភ្នំពេញ៖ វ៉ាក់សាំង​កូវីដ១៩ ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ជាង ១២​ម៉ឺន​ដូស ដែល​ផ្តល់​មក​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​យន្តការ កូវ៉ាក់ (COVAX Facility) បាន​ដឹក​មក​ដល់​កម្ពុជា​ដោយ​ជោគជ័យ នា​ល្ងាច​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ ២០២១។


លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​ពេល​ចុះ​ទទួល​វ៉ាក់សាំង​នា​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ថា ជំនួយ​សរុប​វ៉ាក់សាំង​ចំនួន​ប្រមាណ ២,៥ លាន​ដូស​ហើយ​ដែល​កម្ពុជា​បាន​ទទួល​ពី​យន្តការ​កូវ៉ាក់​ក្នុង​ចំណោម​វ៉ាក់សាំង​ចំនួន ៦,៦ លាន​ដែល​យន្តការ​កូវ៉ាក់​បាន​ប្តេជ្ញា​ជួយ​មក​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ។

លោកស្រីថា៖ «វ៉ាក់​សាំង​ប្រមាណ​ជាង ៤ លាន​ដូស​ទៀត មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ថា​នឹង​ផ្តល់​មក​កម្ពុជា​នៅ​ពេល​ណាទៀត​នោះ​ទេ»។

តំណាង​អង្គការ​យូនីសេហ្វ (UNICEF) ប្រចាំ​កម្ពុជា លោកស្រី Foroogh Foyouzat បាន​ធ្វើការ​លើក​ឡើង​ដោយ​បាន​កោត​សរសើរចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ទៅ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ។


លោកស្រី​បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​យន្តការ​កូវ៉ាក់ នៅ​ក្នុង​ផែនការ​យើង​មាន​ចំនួន ៦,៦ លាន​ដូស​ដែល​យើង​មាន​គម្រោង​ក្នុង​ការ​ផ្តល់​មក​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​នេះ យើង​បាន​ផ្តល់​មក​បាន​ចំនួន ២,៥ លាន​ដូស​ហើយ​រួម​នៅ​ថ្ងៃនេះ ហើយ​សម្រាប់​វ៉ាក់សាំង​ដែល​នៅសល់​យើង​នឹង​ធ្វើ​ការ​ដឹក​មក​ជា​បណ្តើរៗ​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា»។


ទន្ទឹមនឹងនេះដែរ លោកស្រី Foroogh Foyouzat បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ជូនដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​រហូត​ដល់​កម្រិត​មួយ​ដែល​ហៅថា​កម្រិត​ខ្ពស់​និង​សម្រេច​បាន​មុន​ផែនការ​ផងដែរ ដែល​មនុស្ស​ម្នាក់​យ៉ាង​ហោចណាស់​ចាក់​បាន​ ២​ដូស​ដែរ។

លោកស្រីថា ៖ «ការ​ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិនមែន​ជា​ឧបករណ៍​មួយ​ក្នុង​ការ​ចៀស​ផុត​ពី​កូវីដ​នោះ​ទេ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ពិសេស ៣ ការពារ​និង ៣​កុំ ដើម្បី​ឈាន​ទៅ​បើក​ឡើង​វិញ​នូវ​វិស័យ​ជាច្រើន ក្នុង​នោះ​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​សាលារៀន​នឹង​បើក​ឡើង​វិញនៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​នេះ»។

ក្នុង​ពេល​នេះ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ដែល​បាន​ទៅ​ទទួល​វ៉ាក់សាំង​នា​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​នេះ​ដែរ ​ក៏​បាន​ថ្លែង​ផងដែរ​ថា វា​ជា​ដំណឹង​ល្អ​ដែល​រាជរដ្ឋាភិបាល​គ្រោង​នឹង​បើក​វិស័យ​សេដ្ឋកិច្ច​ឡើង​វិញ​ដោយសារ​គ្រប់​គ្នាមាន​ការ​នឿយ​ណាយ​ជាមួយ​នឹង​ជំងឺ​កូវីដ​១៩​នេះ​យូរ​ដែរ​ហើយ ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​តែ​រក្សា​នូវ​តុល្យភាព​ក្នុង​ការ​បើក​ឡើង​វិញ​នេះ។

លោកស្រី លី អៃឡែន បាន​មាន​ប្រសាស​ន៍ថា ៖ «យើង​ត្រូវ​ប្រយ័ត្ន​ទុក​ជា​មុន​ផងដែរ សម្រាប់​គ្រប់​គ្នា​ក៏​ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់​ថា ប្រសិន​បើ​យើងបើក​ឡើង​វិញ​យើង​ត្រូវ​តែ​មាន​ការ​គ្រប់គ្រង​ហានិភ័យ​មួយ​ច្បាស់​លាស់ ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ការ​ត្រលប់​មក​វិញ​នូវ​ការ​កើនឡើង​នៃ​ជំងឺ​កូវីដ១៩»។

គិតត្រឹម​ថ្ងៃទី២១ ខែតុលា កម្ពុជា ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់​ពី ៦​ឆ្នាំ​ឡើង បាន​ចំនួន​ជាង ១៣,៦​លាន​នាក់ ​ឬ​ស្មើ​នឹង៨៥,២៧% ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​សរុបប្រ​មាណ ១៦ លាននាក់៕