ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះបញ្ចប់ការអនុវត្តវិធានការរដ្ឋបាលក្នុងការប្រយុទ្ធទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ដោយបើកឱ្យដំណើរការរាល់សកម្មភាពមុខរបរ និងអាជីវកម្ម រមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ និងក្លិបហាត់ប្រាណ ប៉ុន្តែ អាជីវកម្មខារ៉ាអូខេ ក្តិបរាំកម្សាន្ត និងអាជីវកម្មម៉ាស្សា ត្រូវបានបន្តបិទ។
លិខិតរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ចេញថ្ងៃទី ២២ ខែតុលា បានឱ្យដឹងថា រដ្ឋបាលខេត្តសម្រេចបញ្ចប់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងវិធានការផ្សេងទៀតដូចមានក្នុងសេចក្តីណែនាំលេខ ០០៩/២១ ស.ណ.ន ចុះថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ របស់រដ្ឋបាលខេត្តក្រចេះ ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នេះតទៅ។
លោកអភិបាលខេត្តនេះបញ្ជាក់ថា រាល់សកម្មភាព មុខរបរ និងអាជីវកម្មរមណីយដ្ឋាន សួនកម្សាន្ត សារមន្ទីរ ក្លិបហាត់ប្រាណអាចដំណើរការឡើងវិញបានដោយតម្រូវឱ្យអនុវត្តវិធានការសុខាភិបាលចាំបាច់នានានិងវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ដោយត្រូវរៀបចំឱ្យមានអាល់កុល ឬជែលសម្រាប់លាងដៃ ធ្វើការវាស់កម្តៅ នៅមុខច្រកចេញចូល ជាពិសេស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងតិចមួយម៉ែត្រកន្លះ។
លោកបញ្ជាក់ថា៖«អាជីវកម្មខារ៉ាអូខេ ក្តិបរាំកម្សាន្ត និងអាជីវកម្មម៉ាស្សា ត្រូវបានបន្តបិទរហូតដល់មានសេចក្តីសម្រចថ្មីមកជំនួស» ។
ជាមួយគ្នានោះ លោក វ៉ា ថន បានប្រាប់ទៅ រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានសុវត្ថិភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕