​ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការបិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​ពី​ពេលវេលា​បញ្ចេញ និង​ប្រមូល​សំរាម​នៅតាម​ដងផ្លូវ​ចំនួន​ ៤៧ ​ខ្សែ ​ក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ដឹកជញ្ជូន​សំរាម​តាម​ពេលវេលា​កំណត់​។​


លោក អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ​នៅ​ថ្ងៃទី​ ២៣ ខែតុលាថា នាពេល​កន្លងមក រដ្ឋបាល​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM បាន​ប្រជុំពិភាក្សា​ជាច្រើនលើក​ដើម្បីឱ្យ​ក្រុមហ៊ុន​រៀបចំ​បង្កើត​ប័ណ្ណ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ពេលវេលា​បញ្ចេញប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម និង​ពេលវេលា​ដែល​ក្រុមហ៊ុន ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ សម្រាប់​លើក​ទី​១ ចំនួន ​៤៧ ​ខ្សែ​ផ្លូវ ដែលជា​ខ្សែ​ផ្លូវ​អាទិភាព​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី ​២៣ ខែតុលា​។​

​លោក​បន្តថា ក្នុងចំណោម​ផ្លូវ​ ៤៧ ​ខ្សែ​នេះ មាន​ផ្លូវ​ចំនួន​ ២៧​ ខ្សែ​ មាន​ប័ណ្ណ​សម្គាល់​ពណ៌​ក្រហម ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម​ចាប់ពី​ម៉ោង ៧ ​យប់ ដល់​ម៉ោង​ ៣​ ភ្លឺ ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣ ​ភ្លឺ ដល់​ម៉ោង ៨ ​ព្រឹក​។

​លោក អ៊ី សុខ​ឡេង ថ្លែងថា​៖ «​រីឯ​ផ្លូវ​ចំនួន ​២០ ​ខ្សែ​ទៀត (​មាន​ប័ណ្ណ​សម្គាល់​ពណ៌​ខៀវ​) គឺ​ប្រជាពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម​ចាប់ពី​ម៉ោង ៧ ​យប់ ដល់​ម៉ោង​ ៣ ​ភ្លឺ ហើយ​ក្រុមហ៊ុន​ត្រូវ​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចាប់ពី​ម៉ោង ៣​ ភ្លឺ ដល់​ម៉ោង ​១០ ​ព្រឹក​»​។


​រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​បញ្ចេញ​សំរាម​ខុសពេល​វេលា ដែល​បានកំណត់​នៅក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំង​ ២​ ពណ៌​នេះ ពួកគាត់​នឹងត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចាប់ពី ​២ ​ម៉ឺន​រៀល​ ដល់​ ៤០​ ម៉ឺន​រៀល​។


​ក្នុងករណី​ដែល​ក្រុមហ៊ុនមិនបាន​ទៅ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​តាម​ពេលវេលា ដែល​បានកំណត់​ក្នុង​ប័ណ្ណ​ព័ត៌មាន​ទាំង ​២ ​ពណ៌​នេះ ក្រុមហ៊ុន​នឹងត្រូវ​ទទួល​ការពិន័យ​ដូច​មានចែង​ក្នុង​កិច្ចសន្យា​របស់​រដ្ឋបាល​ក្រុងព្រះសីហនុ​។

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុថ្លែង​ក្នុង​ពិធី​នេះ​ថា ការបើក​យុទ្ធនាការ​នេះ​ គឺ​ដើម្បី​បញ្ចប់​សំរាម​នៅក្នុង​ក្រុងព្រះសីហនុ ដោយសារ​កន្លងមក​សំរាម​មានការ​កកស្ទះ​នៅ​ក្រុងព្រះសីហនុ អ្នក​បញ្ចេញ​សំរាម​មាន​ចំនួន​ច្រើន និង​ការប្រមូល​សំរាម​មិនទាន់​ឆ្លើយតប​។

​លោក​ថ្លែងថា រដ្ឋបាល​ក្រុងព្រះសីហនុ បានទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដោយ​រៀបចំ​កម្មវិធី​ប្រមូល​សំរាម និង​សកម្មភាព​ដឹកជញ្ជូន​សំរាម​ចេញពី​ក្រុងព្រះសីហនុ​។

លោក គួច ចំរើន បន្តថា រដ្ឋបាល​ក្រុងព្រះសីហនុ បានធ្វើ​ការអប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ និង​បាន​ជំ​រុញឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម និង​ដឹកជញ្ជូន​សំរាម ត្រូវ​ជ្រើសរើស​បុគ្គលិក រថយន្ត​ដឹកជញ្ជូន​សំរាម និង​ឧបករណ៍​បំពាក់​បន្ថែម​ទៅតាម​តម្រូវការ​ជាក់ស្តែង​។

លោក​បន្ថែមថា​៖ «​ថ្ងៃនេះ​យើង​ធ្វើ​សកម្ម​ភាពចុះ​បិទ​ផ្សព្វផ្សាយ​ប័ណ្ណ​ព័ត៌មាន​នៅតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​ទីតាំង​អាជីវកម្ម​ ​សេវាកម្ម ដែល​ស្ថិតនៅលើ​ដងផ្លូវ​ទាំង ៤៧ ​ខ្សែ ក្នុង​ក្រុងព្រះសីហនុ ដើម្បីឱ្យ​អ្នកបង្កើត​សំរាម បញ្ចេញ​សំរាម​តាម​ពេលវេលា​កំណត់​»​។​

រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​បន្ត​ពិនិត្យ និង​កែប្រែ​ប័ណ្ណ​ព័ត៌មាន​បញ្ចេញ​សំរាម និង​ប្រមូល​ដឹកជញ្ជូន​សំរាម​ជំហាន​ទី​២ សម្រាប់​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ​បន្តទៀត ដោយ​តម្រូវឱ្យ​បញ្ចេញ​សំរាម​ពី​ម៉ោង ​៧ ​យប់ ដល់​ម៉ោង ១២ ​យប់ ហើយ​ក្រុមហ៊ុន​ចាប់ផ្ដើម​ប្រមូល​ពី​ម៉ោង ១២​ យប់ ដល់​ម៉ោង ៦​ ព្រឹក​។

លោក គួច ចំរើន ថ្លែងថា​៖ «​យុទ្ធនាការ​ថ្ងៃនេះ នឹង​ឈានទៅ​ធ្វើការ​ផាកពិន័យ ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ អ្នកបង្កើត​សំរាម​មិនបាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ក្រុងព្រះសីហនុ និង​ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំរាម​។ ទន្ទឹម​នោះ​យើង​ក៏ត្រូវ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​អ្នកបង្កើត​សំរាម​ឱ្យបាន​ទូលំទូលាយ នូវ​ព័ត៌មាន និងខ្លឹមសារ​នៃ​ការផាកពិន័យ​ដើម្បី​ទីក្រុង​របស់​យើង​ស្អាត មាន​បរិស្ថាន​ល្អ ប្រកបដោយ​ផាសុខភាព និង​សុខុមាលភាព​»​។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បច្ចុប្បន្ន​ការកកស្ទះ​សំរាម​ក្នុង​ខេត្ត​ព្រះសីហនុ​នៅសល់តែ​តំបន់​ទំនប់រលក​ដោយ​សារ​ការបញ្ចេញ​សំរាម​មាន​ទាំង​នៅលើ​គោក និង​សំរាម​មកពី​តំបន់​កោះ​៕​