បុរស​អាយុ ៣៣ ឆ្នាំម្នាក់ ត្រូវ​ជាប់​ឃុំ​បណ្ដោះអាសន្ន​ ក្នុង​ពន្ធនាគារ​ខេត្ត​តាកែវ​ រឿង​អំពើ​ឃាតកម្ម

Content image - Phnom Penh Post
ជនត្រូវចោទនៅក្នុងការិយាល័យនគរបាល មុនពេលបញ្ជូនទៅតុលាការខេត្តតាកែវ។ រូបថត នគរបាល

​តាកែវៈ តុលាការ​ខេត្ត​តាកែវ​បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ឈ្មោះ ​សុះ អា​ម៉ី ភេទ​ប្រុស អាយុ​ ៣៣ ​ឆ្នាំ ដាក់​ពន្ធនា​គារ​ខេត្ត​កាលពី​ថ្ងៃទី​ ២៣ ​តុលា ​ជា​បណ្ដោះ​អាសន្ន ​រឿងអំ​ពើឃាត​កម្ម ​ដែល​បាន​កើត​ឡើង​ក្នុង​បឹង​មួយ​ នៅ​ភូមិ​អ្នកតា​ត្បាល់​ ឃុំ​គោក​ពោធិ​ ស្រុក​អង្គរ​បូរី។​ យោង​តាម លោក​ង៉ែត ដា​វុ​ធ អ្នក​នាំពាក្យ​តុលាការ​ខេត្តតាកែវ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៤​ តុលា។

លោក ដាវុធ ​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​ត្រូវ​តំណាង​អយ្យការ​ចោទ​បទ​ឃាតកម្ម​គិតទុក​ជាមុន​។ បទ​ចោទ​នេះ​តាម​មាត្រា ​២០០​ នៃ​ក្រមព្រហ្មទណ្ឌ​​ (ហើយ) ​ប្រសិនបើ​តុលាការ​រកឃើញថា​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនា​គារ​អស់​មួយ​ជីវិត»​។

លោក​ផាន ផល អធិការ​នគរបាល​ស្រុក​បូរី​ជលសារ​ឱ្យដឹង​នៅ​ថ្ងៃទី ​២៤ ​តុលា​ ថា ​កាលពី​ថ្ងៃទី ​១៩ ​ខែតុលា ឆ្នាំ​ ២០២១ ​នគរបាល​ប៉ុស្តិ៍​ឃុំ​គោក​ពោធិ​បាន​រាយការណ៍​​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស​នៅ​ចំណុច​ក្នុង​បឹង​មួយ​នៅ​ភូមិ​អ្នកតា​ត្បាល់​ ឃុំ​គោក​ពោធិ​។ ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ សុះ អា​ម៉ី ភេទ​ប្រុស អាយុ ​៣៣​ ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​ពី​ការ​ស្រាវជ្រាវ​នៃក​ង​កម្លាំង​សមត្ថកិច្ច​​។

លោក​បន្តថា៖ «​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូបគេ​មាន​គំនុំ​ជាមួយ​បុរស​ឈ្មោះ​តឿ ពុធ ភេទ​ប្រុស អាយុ ​៣៤ ​ឆ្នាំ​រស់នៅ​ភូមិ​ស្ទឹង​កំបុត ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ​ដោយសារ​បុរស​ម្នាក់នេះ​បាន​ទាក់ទង​ស្នេហា​ជាមួយ​នារី​ឈ្មោះ សុខ ស្រី​ល័​ក្ខ អាយុ ២៥​ ឆ្នាំ​ដែល​ខ្លួន​ស្រឡាញ់​ដែរ​»។

លោក​ ផល ​បាន​ថ្លែង​ដោយ​យោង​តាមសម្តី​ សារភាព​របស់​ជន​ត្រូវ​ចោទ​បាន​ឱ្យដឹងថា ​នៅ​ថ្ងៃ​កើត​ឈ្មោះ​សុះ អា​ម៉ី និង​បុរស ​៥​ នាក់​ទៀត​បាន​បើកទូក​ម៉ា​ស៊ីន​​បុក​ស្ត្រី​ឈ្មោះ សុខ ស្រី​ល័​ក្ខ និង​ឈ្មោះ តឿ ពុធ​ ពេលដែលពួកគេ​កំពុង​ជិះទូក​រួមគ្នា​ ​បណ្តាលឱ្យ​ស្ត្រីម្នាក់ស្លាប់ ​នៅក្នុង​ទឹក ​រីឯ​បុរស​ឈ្មោះ តឿ ពុធ របួសធ្ងន់​ត្រូវ​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​។

លោក​ប្រាប់ថា​៖ «​តាម​ចម្លើយ​ពី​បុរស​រងគ្រោះ​ដែល​រងរបួស​ថា​រឿង​នេះ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ​។​ បុរស​រង​គ្រោះ​ថា​ជន​សង្ស័យ​ស្រឡាញ់​នារី​រងគ្រោះ​ដែរ​។​ពួកគេ​ស្រឡាញ់​គ្នា​តែ​មិនទាន់​រៀបការ​ទេ​»​។

លោក​ផាន ផល​ ថ្លែងថា ​សមត្ថកិច្ច​​កំពុងធ្វើការ​ស្រាវជ្រាវរ​ក​ជន​សង្ស័យ​៥​នាក់​ទៀត​ជា​បក្ខពួក​របស់​ជន​ឈ្មោះ​ សុះ អា​ម៉ី​៕

ព័ត៌មានថ្មីៗ