បន្ទាយ​មាន​ជ័យៈ តំណាង​អយ្យការ​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី ​២៤ ​តុលា កំពុង​សាកសួរ​បុរស​បង់​ក្លា​ដែស ២ នាក់​ ​ដែលជា​បក្ខពួក​ជនជាតិ​ចិន ២ នាក់​ ពាក់ព័ន្ធ​ការ​បង្ខាំង​បុរស​ខ្មែរ ២ នាក់​ ដើម្បី​ជម្រិត​យក​ប្រាក់​​ កាល​ពី​ថ្ងៃទី១៨ តុលា​នៅភូមិ​គីឡូ​លេខ៤ សង្កាត់ ផ្សារ កណ្តាល ក្រុង​ប៉ោយប៉ែត។


លោកស្រី ឌី សុជាតិ​ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី២៤តុលា​ថា​ បុរស​ឈ្មោះ មៀ ហា​ប៊ឹ​ប អាយុ ២៧ ឆ្នាំ និង ឈ្មោះ អ៊ី ស្លាម អ៊ែល​សា​រុល ភេទ ប្រុស អាយុ ៣១ ឆ្នាំ​ កំពុង​ត្រូវ​តំណាង​អយ្យការ​សាកសួរ​។

លោកស្រី​បន្តថា​ ជនសង្ស័យ​ទាំង ២ នាក់​នេះ​ សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ តាំងពី​ថ្ងៃទី ២៣ តុលា។

ប៉ុន្តែ​ដោយ​ពួកគេ​ជា​ជនបរទេស ​ហេតុ​ដូច្នេះហើយ ​ទើបត្រូវ​ការឱ្យ​មាន​អ្នកបកប្រែ។ លោកស្រី​​បញ្ជាក់​ថា៖​ «​ បុរស​បង់​ក្លា​ដែស ២ នាក់​នោះ​ កំពុង​ត្រូវ​បាន​សួរ​នៅ​អយ្យការ​នៅឡើយ​ទេ។ យូរ​ដោយសារ​ត្រូវ​បកប្រែ​ភាសា​ទៀត»។

លោកស្រី​សុជាតិ ​រំឭកថា​ កាលពី​ថ្ងៃទី១៨តុលា​ កម្លាំង​សមត្ថកិច្ច​របស់លោក​ស្រី​ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន ២ នាក់​ ពាក់ព័ន្ធ​បង្ខាំង​បុរស​ខ្មែរ ២ នាក់។


នៅពេលនោះ​ជនសង្ស័យ​ បាន​ឆ្លើយថា​ ពួកគេ​នៅមាន​បក្ខពួក ២ នាក់​ទៀត​ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​ផ្ទះ ជួល​លេខ​ ៦E ផ្លូវ ៣១២ ភូមិ ៥ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។

បន្ទាប់មក​សមត្ថកិច្ច​បានមក​រាជធានី​ភ្នំពេញ​ ដោយ​សុំ​សហ​ការណ៍​ជាមួយ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ។

លោកស្រី​បន្ថែមទៀតថា​ ក្រោយពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បើក​ការស្រាវជ្រាវ​មក ​ក៏​​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅវេលា​ជាង ៤ រសៀល​ ថ្ងៃទី ២២ តុលា​ នៅ​រាជធានី​ភ្នំពេញ និង​នាំខ្លួន​ពួកគេ​ទៅ​​ខេត្តបន្ទាយមានជ័យ​តែម្តង។

ភ្នំពេញ​ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​សុំការ​បញ្ជាក់​បន្ថែម ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​​គ្មាន​អ្នកទទួល៕