ភ្នំពេញៈ បើទោះជា​ក្នុង​ខណៈ​នេះ ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត ​នៅ​មិនទាន់​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ក៏ដោយ ​ប៉ុន្តែ​ជំនន់​ទឹក​ភ្លៀង​ ហូរ​ធ្លាក់ពី​ខេត្ត​កំពង់​ស្ពឺ ​បានធ្វើ​ឱ្យ​ស្ថានភាព​ទឹក​ស្ទឹង​ព្រែកត្នោត​ជន់​ឡើង​យ៉ាងឆាប់​រហ័ស​គួរឱ្យ​កត់​សម្គាល់​ ដោយ​មានការ​ជន់លិច​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​ទំនាប​សណ្ដរ​ស្ទឹង​ព្រែកត្នោត ​ក្នុង​ភូមិសាស្ត្រ ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ។ ​


លោក​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ ​ក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​កម្ពស់​ទឹក​ស្ទឹង​ព្រែកត្នោត ​ក្នុង​ភូមិសាស្ត្រ​ ខណ្ឌ​ដង្កោ ​នា​ព្រឹក​ថ្ងៃទី ២៤ ​ខែតុលា ​និយាយថា ​ដោយសារ​មាន​ភ្លៀងធ្លាក់​ខ្លាំង​២ថ្ងៃ​ជាប់​គ្នា ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ ​និង​ បណ្ដា​ខេត្ត​មួយចំនួន​ទៀត ​នៅ​ជាប់​ព្រំប្រទល់​នឹង​រាជធានី​នេះ ​ពិ​សេស​ខេត្ត​កំពង់​ស្ពឺ ​ដែលជា​តំបន់​ខ្ពង់​រាប ​បានធ្វើ​ឱ្យ​ទឹក​ហូរ​ធ្លាក់​យ៉ាង​គំហុក​មក​ក្នុង​ដង​ស្ទឹង​ព្រែក​ត្នោត។ ស្ថានភាព​នេះ​ ធ្វើឱ្យ​ទឹក​ស្ទឹង​ជន់​ឡើង​យ៉ាង​ឆាប់​រហ័ស ​និង​គួរឱ្យ​កត់​សម្គាល់។

លោក​ប្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ក្នុង​តំបន់​ទំនាប​ដី​សណ្ដរ​ស្ទឹង​ព្រែកតោ្នត ​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់។ ជាពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​គងនយ ​សង្កាត់​ទៀន ​សង្កាត់​ស្ពានថ្ម ​សង្កាត់​ព្រែក​កំពឹស ​និង​សង្កាត់​រលួស​នៃ​ខណ្ឌ​ដង្កោ។

លោក​បញ្ជាក់ថា​៖«ថ្វីបើ​នៅ​ពេលនេះ ​អាជ្ញាធរ​យើង​បាននិង​កំពុង​ខិតខំ​បង្ការ ​និង​ទប់ស្កាត់​ទឹកជំនន់​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​នេះ ​ហើយ​ស្ថានភាព​ទឹក​កំពុង​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​ក៏ដោយ ​ក៏សូម​ឱ្យ​បងប្អូន​ដែល​រស់នៅ​តាម​សណ្ដរ​ស្ទឹង​ព្រែកត្នោត​នេះ ​មេត្តា​បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​ទឹកជំនន់​ស្ទឹង​ព្រែកត្នោត​នេះ។ ព្រោះ​វា​អាចកើត​មាន​ជាយថា​ហេតុ ​គ្រប់​ពេល​ក្នុង​ករណី​មេឃ​នៅតែ​បន្ត​ភ្លៀងធ្លាក់​ខ្លាំង​បន្ថែម​ទៀត​នោះ»។

កាលពី​ថ្ងៃទី ២៣ ​ខែតុលា ​ឆ្នាំ​ ២០២១ ​អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ ​បានសម្រេច​បើក​ទ្វារទឹក​នៃ​សំណង់​បង្ហៀរ​ទឹក ​ស្ទើរ​គ្រប់​កន្លែង​ ដើម្បី​ការពារ​បាក់​ស្រុត​ទំនប់ ​និង​ជន់លិច​លំនៅឋាន ​និង​ដំណាំ​កសិផល​របស់​ប្រជាពលរដ្ឋ ​បន្ទាប់​ពី​ភ្លៀងធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា។ ពិសេស​នៅ​ស្រុក​សំរោងទង ​បរិមាណ​ទឹកភ្លៀង​បានធ្លាក់​ក្នុង​កម្រិត​ ១០០ ម.ម ​ក្នុង​ ១ ថ្ងៃ ​ធ្វើឱ្យ​ទឹក​នៅ​ទំនប់​បង្ហៀរ​ទឹក​ជណ្ដើរ​កាច់​ ជន់​ឡើង​ពេញ​ប្រៀប ​និង​ហៀរ​លើ​ខ្នង​ទំនប់ ​ដែល​តម្រូវឱ្យ​មន្ត្រី​ជំនាញ​បង្ខំ​ចិត្ត​បើក​ទ្វារ​ទឹក​ធំៗ​ទាំង​អស់​នៃ​ទំនប់នេះ​ ដើម្បី​ការពារ​បាក់ស្រុត ​និង​ជន់លិច​ផ្ទះ​និង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​លោក​ វ៉ី សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ។


លោក​សំណាង​ថ្លែងថា​៖«ទំនប់​ជណ្តើរ​កាច់ ​ជារៀង​រាល់​ឆ្នាំ ​គឺ​មាន​ទឹក​តិចតួច​ប៉ុណ្ណោះ ​តែ​នៅ​ឆ្នាំនេះ​ទឹក​បាន​ពេញប្រៀប​ និង​លើស​ពី​សមត្ថភាព​ដែល​អាច​តម្កល់​ទឹក​ទុក។ យើង​មាន​ការសោក​ស្ដាយ ​ប៉ុន្តែ​បើ​មិន​បើក​ទ្វារ​ទឹក ​នឹង​អាចធ្វើ​ឱ្យ​ទំនប់​បាក់​ធ្លាយ។ ដូច្នេះ​សូម​ពុកម៉ែ​មាមីង​បងប្អូន ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការបើក​ទ្វារ​ទឹក​នៃ​ទំនប់​នេះ ​មេត្តា​យោគ​យល់​ដោយ​ក្តី​អនុគ្រោះ​បំផុត ​ហើយ​មិនយូរ​ទេ​ទឹក​នឹង​ស្រក​វិល​ទៅ​រក​សភាព​ដើម​វិញ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​នេះ» ។

បើ​តាម​លោក​អភិបាល​ខេត្ត ​នៅពេល​នេះ ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយចំនួន​បានស្រក​អស់​ហើយ។ តំបន់​ខ្លះ​នៅ​បន្ត​លិច​បន្តិច​បន្តួច​ ក៏ប៉ុន្តែ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ ចំណែក​ដំណាំ​ស្រូវ​ក៏មិន​ប៉ះ​ពាល់​ដែរ។

ចំណែក​នៅ​ឯ​ខេត្តកំពង់​ឆ្នាំង ​អាជ្ញាធរ​ខេត្ត​បានអំពាវនាវ​ឱ្យ​ពលរដ្ឋ ​ដែល​រស់​នៅ​តាម​តំបន់​ទំនាប​ជាប់​មាត់បឹង​ទន្លេសាប​ បង្កើន​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង ​និង​ទឹក​ដែល​ហូរធ្លាក់​ពី​តំបន់​ជួរ​ភ្នំ​ឱរ៉ាល់​នៃ​ខេត្ត​កំពង់​ស្ពឺ ​ខណៈ​ស្ថាន​ភាព​កម្ពស់​ទឹក​បឹង​ទន្លេសាប​នៅ​រសៀល​ថ្ងៃទី ២៤ ​ខែតុលា ​ឆ្នាំ​ ២០២១ នេះ​បានងើប​ឡើង​ដល់​កម្ពស់​ ៨,១៥ ម៉ែត្រ ​បើ​ធៀប​កម្ពស់​ទឹក​នៅ​ថ្ងៃទី ២៣ ​ខែតុលា ​ឆ្នាំ​ ២០២១ ​កើនឡើង​ ០,២៥ ម៉ែត្រ។ នេះ​បើតាម​លោក​សាន់ យូ ​អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង។ ចំណែក​កម្ពស់​ទឹក​ប្រកាស​អាសន្ន​គឺ ​១១ ម៉ែត្រ។

លោក​ថ្លែងថា​៖«នៅពេល​នេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ស្ពាន​ក្រាំង​ពន្លៃ​ពុំទាន់​ស្រក​ចុះ​ទៅវិញ​នៅ​ឡើយ​ទេ ​ដោយ​សា​តែ​ភ្លៀង​នៅតែ​បន្ត ​ជាប់​នៅ​តំបន់​ជួរភ្នំ​ឱរ៉ាល់ ​នៃ​ខេត្ត​កំពង់​ស្ពឺ។ ទឹក​ដែល​ហូរ​ធា្លក់​ពី​តំបន់​ជួរភ្នំ​ឱរ៉ាល់​នោះ​បានបង្ក​ជន់​លិច​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ចាប់ពី​ចំណុច​ព្រំ​ប្រទល់ ​រវាង​ឃុំស្វាយ ​ស្រុក​សាមគ្គី​មានជ័យ ​និង​ឃុំ​លង្វែក ​ស្រុក​កំពង់​ត្រឡាច​ ខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ»។

លោក​ថ្លែងថា ​នៅពេល​នេះ​មន្ទីរ​សាធារណៈការ ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​បានសហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ ៥ ​ធ្វើការ​ចាក់ថ្ម​ (អងដឺ)​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ៥ ​បន្ថែម​ឱ្យ​ផុត​ពី​ទឹក ​នៅចំណុច​ទឹក​កំពុង​ជន់​លិច​និង​បានបិទ​ផ្លូវ​នៅ​ចំណុច​នោះ​ដោយបាន​តម្រូវឱ្យ​ធ្វើដំណើរ​តាម​ផ្លូវ​វាង​ជំនួស​វិញ ​គឺ​ចាប់ពី​ចំណុច​ផ្លូវ​បំបែក​ផ្សារ​ត្រាច ​ឱ្យ​ឡើង​ទៅ​លើ​ស្រុកថ្ពង ​ខេត្ត​កំពង់​ស្ពឺ ​និង​ឆ្លងកាត់​ស្រុក​ទឹកផុស ​ខេត្ត​កំពង់ឆ្នាំង ​មុន​ចូល​ដល់​ផ្លូវ​ជាតិ​លេខ ៥៕

វីដេអូ៖