ភ្នំពេញៈ ក្រសួង​សុខាភិបាល​ហាមឃាត់​ម្ចាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាង​ ១០ ​គណនី​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព ផ្សព្វផ្សាយ​ផលិតផល​របស់​ខ្លួន រួមមាន ផលិតផល​អាហារ​បំប៉ន​សុខភាព ឱសថ និង​អាល់កុល​ដែល​គ្មាន​លេខ​បញ្ជិកា​ត្រឹមត្រូវ​តាមច្បាប់​។


សេចក្តី​ជូនដំណឹង​ដាច់​ដោយឡែក​ពីគ្នា​របស់​ក្រសួង​សុខាភិបាល​ដែល​បាន​ផ្សាយ​នា​ថ្ងៃទី ​២៦ តុលា បាន​ហាមឃាត់​ម្ចាស់​គណនី ហ្វេសប៊ុក​ឈ្មោះ WPL Online Store កំពុង​ផ្សាយ​លក់​អាល់កុល​ ៩៧ ​ដឺក្រេ គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២១​។ ហាមឃាត់​គណនី​ហ្វេសប៊ុក​ឈ្មោះ Futurebiotics.KH កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល រួមមាន ទី​១-DAILY ENZYME COMPLEXTM ទី​២-NATURE MADE SUBLINGUAL B12 1000mcg៣-OMEGA ទី​៣-FISH OIL CONCENTRATE និង​ទី​៤-INFLAMMOTION Joint inflammation complex គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១១ ខែ តុលា ឆ្នាំ​ ២០២១​។

ហាមឃាត់​គណនី​ហ្វេសប៊ុក​ឈ្មោះ Doctor Health Cambodia Plush កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព Doctor''s Health គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ឡើយ គិត​ត្រឹម​ថ្ងៃទី​ ១ ខែ តុលា ឆ្នាំ​ ២០២១​។ ហាមឃាត់​គណនី​ហ្វេសប៊ុក​ឈ្មោះ Joint-Soft Cambodia ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ Joint-Soft គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​ តុលា ឆ្នាំ​ ២០២១​។

ហាម​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Dara Phachapoir កំពុង​ផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព Fiber Capsules MM USA គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ផលិតផល គិត​ត្រឹម​ថ្ងៃទី​ ២០ ​កញ្ញា ២០២១​។


សេចក្តី​ជូន​ដំណឹង​បន្តថា ក្រៅពីនេះ​ក្រសួង​ក៏​ពិនិត្យឃើញ គណនី​ហ្វេសប៊ុក​ចំនួន​ ៨ ​ទៀត ដែល​កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព​ឈ្មោះ PURTIER PLACENTA ដែល​គ្មាន​លេខ​បញ្ជិកា គិត​ត្រឹម​ថ្ងៃទី ៤ ខែតុលា​។ ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំង​ ៨ ​នោះ រួមមាន ១-Purtier Placenta- New Zealand ២-Purtier Placenta Supplements Cambodia ៣-Purtier Placenta Cambodia ៤-Purtierplacenta_kh ៥-PurtierPacenta Cambodia-Official ៦-Cambodia Purtier Placenta ៧-TPH Purtier Placenta Cambodia និង​ ៨-Holistic Therapy​។


ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទាក់ទង​ទៅ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Joint-Soft Cambodia ដែល​កំពុង​ផ្សាយ​លក់​ផលិតផល Joint-Soft ហើយ​មាន​បុរស​ម្នាក់​លើក​ទូរស័ព្ទ​ឆ្លើយថា ខ្លួន​គ្រាន់តែ​ជា​អ្នកលក់​ឱ្យគេ​ប៉ុណ្ណោះ មិនទាន់​ដឹងថា ផលិតផល​នោះបាន​ចុះ​បញ្ជិកា​នោះទេ​។

លោក​ថា​៖ «​ខ្ញុំ​ជា​អ្នកលក់​ឱ្យគេ​ដែរ​បង ហើយ​ផលិតផល​នេះ​នាំចូល​ពី​ប្រទេស​ជប៉ុន​។ រឿង​ចុះ​បញ្ជិកា​ខ្ញុំ​អត់​ដឹង​ទេ តែ​ពេល​ឃើញ​ក្រសួង​សុខាភិបាល​គេ​ប្រកាស​ហាមឃាត់ ខ្ញុំ​នឹង​ឈប់​ផ្សព្វផ្សាយ​នៅ​បណ្តាញ​សង្គម​ទៀតហើយ​»​។

ក្រសួង​សុខាភិបាល​ឱ្យដឹងថា ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង ឱសថ តម្រូវ​ឱ្យ​រាល់​ការចរាចរ​ឱសថ គ្រប់​ប្រភេទ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​។ រាល់​ការផ្សព្វផ្សាយ​ផលិតផល​ឱសថ​នេះ​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា​៖ «​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល​ឱសថ គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា ពី​ក្រសួង​សុខាភិបាល​ខាងលើ​ជា​បន្តទៀត ព្រោះ​ផលិតផល​នេះ​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​បានឡើយ​»​។

តាមរយៈ​សេចក្តី​ជូន​ដំណឹង​នេះ ក្រសួង​សុខាភិបាល​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាងលើ​ស្ដីពី​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន បើ​នៅតែ​បន្ត​ផ្សព្វផ្សាយ​ផលិតផល​ទាំងនោះ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្នុងករណី​បងប្អូន​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសម្អាង​នៃ​ក្រសួង​សុខាភិបាល សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២ និង​ ០១២ ៥៦២ ៤៤៦៕

វីដេអូ៖