ភ្នំពេញៈ បេក្ខជន ៥ រូប ក្នុងចំណោមបេក្ខជន ១០ រូប ត្រូវបានប្រកាសឈ្នះការចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតនិយាយសាធារណៈលើប្រធានបទ «ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់» ខណៈបេក្ខជនជំរុញឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់។
នៅថ្ងៃទី ២៦ តុលា បេក្ខជនចំនួន ១០ រូប បានឡើងបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការនិយាយជាសាធារណៈលើប្រធានបទ «ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់» ដើម្បីឈ្នះជយលាភីពីលេខ ១ ដល់លេខ ៣ ដែលនឹងទទួលបានទឹកប្រាក់ចន្លោះពី ២ លានរៀល ដល់ ៨ សែនរៀល និងពានរង្វាន់ ១។
កម្មវិធីប្រកួតនិយាយសាធារណៈលើប្រធានបទនេះរៀបចំឡើងដោយអង្គការចលនា ដើម្បីសុខភាពកម្ពុជាសហការជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាពពិភពលោក។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានលើកឡើងថា កម្មវិធីនេះមានគោលបំណងបំផុសយុវជនឱ្យចូលរួមចំណែកផ្សព្វផ្សាយវិធានការមានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់បង្កឡើងដោយការប្រើប្រាស់ថ្នាំជក់។
លោកបន្តថា ប្រធានបទដែលបេក្ខជនលើកយកមកជជែកក្នុងការប្រកួតប្រជែងនេះ គឺជាវិធានការទោលតែ ១ គត់ ដែលមានប្រសិទ្ធភាពបំផុតដើម្បីកាត់បន្ថយប្រជាពលរដ្ឋ ១៥០ ០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំក៏ដូចជា ការពារកុំឱ្យមានការបង់ខាតសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា៖ «នៅពេលពន្ធលើផលិតផលថ្នាំជក់កើនឡើងនោះ ចំណូលពន្ធរដ្ឋនឹងកើនឡើងហើយការស្លាប់នឹងជំងឺពិការភាពនឹងថយចុះ។ ថ្នាំជក់បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់ប្រមាណ ១៥ ០០០ នាក់ ក្នុង ១ ឆ្នាំ និងបង្កជាជំងឺរុំារ៉ៃទាំង ៥ មុខ គឺជំងឺដាច់សរសៃឈាមខួរក្បាល ស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមត្បៀតទងសួតរុំារ៉ៃមហារីកសួត និងបំពង់ខ្យល់ ខណៈការខាតបង់ថវិកា ប្រមាណ ៦៤៩ លានដុល្លារ ក្នុង ១ ឆ្នាំ»។
ក្រៅពីវិធានការនេះលោក មុំ គង់ ក៏ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា ពង្រីកការហាមជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈដាក់ពង្រាយសារព្រមានសុខភាពលើកញ្ចប់បារី ហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលថ្នាំជក់គ្រប់ទម្រង់ និងបង្កើតយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
បេក្ខជន សៀក ពេជ្ររចនា ជានិស្សិតមកពីវិទ្យាស្ថានស៊ីអ៊ីអូ បាននិយាយថា បើរដ្ឋាភិបាលធ្វើបានក្នុងការដំឡើងពន្ធថ្នាំជក់ឱ្យបានតាមការព្យាករប្រមាណ ៧៥ ភាគរយនោះនឹងធ្វើឱ្យផែនការនៃការកាត់បន្ថយអ្នកប្រើប្រាស់បានខ្ពស់។ បន្ថែមពីនេះរដ្ឋាភិបាលនឹងអាចសម្រេចបានគោលដៅសុខភាពសុខុមាលភាពមាំមួនក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។
កញ្ញា សៀក ពេជ្ររចនា បានបញ្ជាក់ថា៖ «កម្ពុជាគឺត្រូវតែដំឡើងពន្ធថ្នាំជក់ឱ្យបាន ៧៥ ភាគរយនៃតម្លៃលក់រាយ និងដំឡើងពន្ធអាករពី ១០ ទៅ ៣០ ភាគរយ ដំឡើងពន្ធតែម និងគុណភាពរបស់វាដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា ប្រមូលពន្ធបន្ថែមរហូតដល់ ២៣៥ លានដុល្លាររយៈពេល ៥ ឆ្នាំខាងមុខនេះ។ នាងខ្ញុំសូមគាំទ្រ ១០០ ភាគរយទៅលើវិធានការ និងការស្នើសុំឱ្យមានការដំឡើងពន្ធទៅលើថ្នាំជក់»។
លោកស្រី រ៉ាយ រ៉ានី តំណាងក្រសួងសុខាភិបាល និងជាគណៈកម្មការដាក់ពិន្ទុដល់បេក្ខជនបានថ្លែងកោតសរសើរដល់ភាពក្លាហានរបស់បេក្ខជនទាំង ១០ រូប ដែលបានបង្ហាញសមត្ថភាព និងការតាំងចិត្តដើម្បីស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់។
លោកស្រីបានបញ្ជាក់ថា៖ «ក្នុងនាមយើងទាំងអស់គ្នាយើងក៏កោតសរសើរដល់អង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលបានសហការគ្នាជាមួយដៃគូនានាដែលយើងបានរៀបចំឡើង កម្មវិធីប្រកួតនិយាយជាសាធារណៈនេះដែលឱ្យឃើញថា កម្ពុជារបស់យើងនេះបានបង្កើតឡើងនូវកម្មវិធីប្លែកៗ ដើម្បីអប់រំប្រជាពលរដ្ឋយើងឱ្យលះបង់ទម្លាប់ជក់បារី»៕