គិត​ត្រឹម​ថ្ងៃ​ ២៤ ​តុលា រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ៦៧ ​ម៉ឺន​នាក់

Content image - Phnom Penh Post
ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ទទួលបាន​ការឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​។ រូបថត ក្រសួង​សង្គមកិច្ច

ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ២៤ តុលា រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច បានបញ្ចប់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៦៧ ​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ជុំ​ទី​ ៦ លើក​ទី​ ៣ អំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ ដែលមាន​ទឹកប្រាក់​ចំនួន​ជាង ១២០ ​ប៊ីលាន​រៀល និង​ចាប់ផ្តើម​ជុំ​ទី​ ៧ លើក​ទី​ ១ ពីថ្ងៃ​ទី​ ២៣ ​តុលា ដល់​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។

តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាលពី​ថ្ងៃទី​ ២៥ តុលា ឆ្នាំ​ ២០២១ បានឱ្យដឹងថា ទន្ទឹមនេះ​ផងដែរ រាជរដ្ឋាភិបាល​បានផ្ដល់​ការអន្តរាគមន៍​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ចាប់ពី​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២៤ ខែកញ្ញា ឆ្នាំ​ ២០២១ បាន​ចំណាយ​ថវិការដ្ឋ ១,៨៨៣ ​ប៊ីលាន​រៀល​ស្មើនឹង ៤៧០,៩៤ ​លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​បាន​បន្តថា ព្រម​ជាមួយ​គ្នា​នេះ​ផងដែរ សម្រាប់​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​ ៧ លើក​ទី​ ១ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៣ ​តុលា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២១ មាន​រយៈពេល ៣០ ​ថ្ងៃ​នឹង​ត្រូវ​អនុវត្តតាម​នីតិវិធី​របស់​ក្រសួង​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​ ២៦ ​តុលា​។

លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម យល់ឃើញ​ថា ចំពោះ​ការចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ទំហំ​ប៉ុណ្ណេះ បើ​ប្រៀបធៀប​ជាមួយ​នឹង​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​គឺមាន​ទំហំ​តិចតួច​ណាស់​ក្នុង​ការផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​នេះ​។

ទោះជា​យ៉ាងណា លោក​ថា រាជរដ្ឋាភិបាល​ដែល​មាន​លទ្ធភាព​ចំណាយ​ទំហំ​ថវិកា​ចំនួន​ប៉ុណ្ណេះ​គឺជា​ការល្អប្រសើរ ដើម្បី​ជួយ​រំដោះទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប៉ះពាល់​ជីវភាព ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ប៉ុន្តែ​លោក​ថា រាជរដ្ឋាភិបាល​ក៏​គួរតែមាន​ជំនួយ​ជា​កញ្ចប់​ថវិកា​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ពីព្រោះ​ថា ជំងឺ​កូវីដ​ ១៩ នេះ​មិន​ងាយ​នឹង​បញ្ចប់​ត្រឹមនេះ​ទេ ប៉ុន្តែ​បើសិន​វា​ចប់​ឆាប់ៗ​នៅពេល​ខាងមុខ​ក៏​ជា​ការល្អ​ដែរ​។ លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ក៏​នៅតែ​ប្រឈម​ទៅនឹង​ជីវភាព​បន្តទៀត ក្រោយពី​ជំងឺ​កូវីដ​ ១៩​។

ដូច្នេះ​បើ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា ក៏ដូចជា​គោលនយោបាយ​គាំពារ និង​សម្រួល​លើកកម្ពស់​ក្នុងការ​ដោះស្រាយ​ជីវភាព និង​ការរក​ទទួលទាន​របស់​ប្រជាពលរដ្ឋ វា​ក៏​ជា​រឿង​ល្អ ដើម្បីឱ្យ​ពួកគាត់​មាន​លទ្ធភាព និង​សមត្ថភាព នៅក្នុង​ការស្តារ​ជីវភាព​ឡើងវិញ នៅក្រោយ​សម័យ​កូវីដ​។

លោក ប៉ា ច័ន្ទរឿន ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួន​ធំ នៅក្បែរ​នឹង​បន្ទាត់​នៃ​ភាពក្រីក្រ​ច្រើន ហើយ​ជំងឺ​កូវីដ​វា​ផ្ទុះ វា​ធ្វើឱ្យ​ពួកគាត់​កាន់តែ​ក្រ​ជាង​មុន​ទៀត ហើយ​ជំនួយ​ទាំងអស់ គឺមាន​តម្លៃ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​របស់​យើង​មិន​ថា តិច​ ឬ ច្រើន​ទេ​។ មិន​ថា ជា​ហិរញ្ញវត្ថុ ឬ​គោលនយោបាយ​នៅក្នុង​ការស្តារ​ជីវភាព​សេដ្ឋកិច្ច គឺ​មាន​ភាពចាំបាច់​ណាស់​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ​២៤ ខែមិថុនា ឆ្នាំ​ ២០២០ បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ហើយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​ចាប់ផ្ដើម​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២០ ហើយ​គិត​រហូតមកដល់​បច្ចុប្បន្ន​បាន​ចំនួន ៦ ​ជុំ​មាន ១៦ ​លើក​រួចមក​ហើយ​៕

ព័ត៌មានថ្មីៗ