ភ្នំពេញៈ អតីត​សមាជិក​រដ្ឋសភា​នៃ​អតីត​គណបក្សប្រឆាំង​ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស​ ៣​ នាក់​ និង​បក្ខពួក​ម្នាក់ទៀត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ម្នាក់ៗ​ ២ ​ឆ្នាំ​ និង​បង្គាប់​ឱ្យ​ចាប់ខ្លួន ព្រមទាំង​ពិន័យ ​៤ ​លាន​រៀល ដោយ​ជាប់ចោទ​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា​។ នេះបើ​យោងតាម លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​


អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់ថា ជនជាប់ចោទ​មាន ឈ្មោះ ហូរ វ៉ាន់ អ៊ូ ច័ន្ទ​ឫទ្ធិ គង់ សុភា និង​ សេង ម៉េង​ប៊ុនរ៉ុង​។ ក្នុង​សំណុំរឿង​នេះដែរ តុលាការ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​បក្ខពួក ​១០​នាក់​ផ្សេងទៀត​ ដាក់ពន្ធនាគារ​ ២០ ​ខែ ប៉ុន្តែ​បង្គាប់​ឱ្យ​អនុវត្ត​ទោស​ដោយឡែក​ពីគ្នា​ពី​ ១៤-១៥ ​ខែ ហើយ​ទោស​ដែល​នៅសល់​ព្យួរ​សាកល្បង​ ២​ ឆ្នាំ​ និង​ពិន័យ​ ២ ​លាន​រៀល​។​

លោក សុផល បញ្ជាក់ថា​៖ «​ពួកគេ​ជាប់ចោទ​ពីបទ​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្តនៅ​ប្រទេស​កម្ពុជា​កាលពីដើម​ខែសីហា ​ដល់​ថ្ងៃទី​ ៤ ​ខែ សីហា ​ឆ្នាំ​ ២០២០»​។​

គួរ​បញ្ជាក់ថា​សំណុំ​រឿងនេះ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​២​ដង​មកហើយ ហើយ​ទើប​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៦​ តុលា ឆ្នាំ​ ២០២១ ពាក់ព័ន្ធ​ការចូលរួម​ធ្វើ​បា​តុ​កម្ម​ទាមទារ​ឱ្យ​តុលាការ ដោះលែង​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព ដែក​ត្រូវបាន​ផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ​រយៈពេល​ ២ ​ឆ្នាំ​ពីបទ​ញុះញង់ ចំពោះ​ការអត្ថាធិប្បាយ​អំពី​សហគមន៍​មួយ​នៅតាម​បណ្តោយ​ព្រំដែន​វៀតណាម​បាន​បាត់បង់​ដី​អំឡុងពេល​ដំណើរការ​បោះបង្គោល​ព្រំដែន​។​


លោក​មេធាវី សំ ចំរើន មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​ទាំងនោះ បាន​អះអាង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ដោយបាន​បង្ហាញ​នូវ​ការមិន​ពេញចិត្ត ហើយ​បញ្ជាក់ថា កូនក្ដី​ភាគច្រើន​បាន​កំពុង​អនុវត្ត​ទោស​នៅក្នុង​ពន្ធនាគារ​។​


លោក ចំរើន ថ្លែងថា​៖ «​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​កូនក្ដី​ខ្ញុំថា ​តើ​ត្រូវ​ប្ដឹងទៅ​សាលាឧទ្ធរណ៍​ឬ​យ៉ាងណា​ទៀត​។ ខ្ញុំ​គិតថា ​អ្នក​ដែល​កំពុង​អនុវត្ត​ទោស ពួក​គេ​នឹងមាន​សេរីភាព​វិញ​ (​ក្រោយ​ចប់​ការកំណត់​ទោស​)»៕