ភ្នំពេញៈ មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន កុំ​យក​ធុងហ្គាស​ចាស់ៗ ដែល​អស់​ហ្គាស យក​ទៅ​ដុត​លេង ព្រោះ​សម្ពាធ​នៅក្នុង​ធុង​ហ្គាស​នោះ ពេល​ត្រូវ​កម្តៅ​ខ្លាំង វា​អាច​ផ្ទុះ បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អាច​នាំឱ្យមាន​អគ្គិភ័យ​កើតឡើង​។


ការអំពាវនាវ​នេះ​ធ្វើឡើង​ក្រោយពី​មាន​ហេតុការណ៍​ផ្ទុះ​ធុងហ្គាស​បណ្តាលឱ្យ​បាត់បង់​ជីវិត​ជាង​ជួសជុល​រថយន្ត​ចំនួន​ ២ ​នាក់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ នៅ​ចំណុច​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​វត្តពោធិ ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត កាល​ថ្ងៃទី​ ២២ តុលា ដោយសារ​យក​ធុងហ្គាស​ចាស់ៗ ដែល​គេ​ចោល មក​ដុត​លេង​។

លោក ព្រហ្ម យ៉ន នាយការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ២៥ ខែតុលា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​កុំ​យក​ធុងហ្គាស​ចាស់ៗ ទៅ​ដុត​លេង ព្រោះ​ធុង​ហ្គាស​ចាស់ៗ​ទាំងនោះ នៅមាន​សម្ពាធ​ដែលនាំឱ្យ​ផ្ទុះ​ពេល​ត្រូវ​ក្តៅ​ខ្លាំង ជាហេតុ​នាំ​ឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​អាច​បង្ក​ជា​អគ្គិភ័យ​ផ្សេងៗ​។

លោក​ ព្រហ្ម យ៉ន ថា កំប៉ុង​ហ្គាស​ដែល​ប្រើ​អស់ហើយ ទោះ​កំប៉ុង​តូច ឬ​ធុង​ធំ​ក៏ដោយ គេ​មិនអាច​យកទៅ​ដុត​លេង​បានទេ ព្រោះ​ទឹក​ហ្គាស​មិនអាច​សាយភាយ​ចេញ​មកក្រៅ​អស់​បានទេ ទោះបី​ហ្គាស​គឺជា​តិ​ទឹក​អាច​ហូរ​ចេញមក​ខាងក្រៅ​ប៉ះ​បរិយាកាស​ហើយ​ប្រែប្រួល​ជា​ចំហាយ​ក៏ដោយ​។


លោក​ថ្លែងថា​៖ «​កំប៉ុង​ហ្គាស វា​មាន​សម្ពាធ​ហើយ​វា​មាន​ជាតិ​ឆេះ នៅក្នុង​ហ្នឹង​ដោយសារ​វា​បញ្ចេញ​ជាតិ​ឆេះ​អត់​ទាន់​អស់ អ៊ីចឹង​ករណី​ហ្នឹង គេ​មិនឱ្យ​យើង​យកទៅ​ដុត​ទេ តែ​ដុត​គឺ​ផ្ទុះ​ហើយ សូម្បីតែ​កំប៉ុង​តូច យើង​ប្រើ​អស់ហើយ​យើង​ដុត​ក៏​ផ្ទុះ​ដែរ ពេល​ផ្ទុះ​ហើយ​អា​ជាតិ​ហ្គាស​នៅក្នុង​ហ្នឹង​ជះ​ចេញមក​ត្រូវ គ្រោះថ្នាក់​»​។


លោក​ក៏បាន​រំឭក​ដល់​ម្ចាស់​អាជីវកម្ម​ហ្គាស ឧស្ម័ន​ចំហេះ ប្រេងឥន្ធនៈ ឬ​សារធាតុ​ផ្សំ​បង្ក​ជា​ប្រភព​កម្ដៅ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់​វិនាទី និង​ត្រៀម​វិធី​បង្ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះ​អគ្គិភ័យ​។

លោក ម៉េង សុង ម្ចាស់​ហាង​ពិភពហ្គាស​នៅ​ខណ្ឌ​សែនសុខ​ថ្លែង​នៅ​ថ្ងៃទី ២៥ ខែតុលា​ថា កន្លែង​អាជីវកម្ម​របស់លោក​តែងមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការទុកដាក់​ថែរក្សា ធ្វើយ៉ាងណា​មិនឱ្យ​មាន​បញ្ហា​កើតឡើង ដែល​នាំឱ្យមាន​គ្រោះថ្នាក់ ឬ​គ្រោះ​អគ្គិភ័យ​កើតឡើង​ឡើយ​។

លោក​និយាយថា ធុងហ្គាស ដែល​ប្រើ​អស់​ហើយ​មិនអាច​យកទៅ​ដុត​លេង​បានទេ ព្រោះ​វា​នៅមាន​ចំហាយ និង​សម្ពាធ ដែលនាំឱ្យ​ផ្ទុះ​បាន​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​យកទៅ​ដុត​វា​ចៀស​មិន​ផុតពី​ផ្ទុះ​ទេ តែបើ​ដុត​ហើយ យើង​បើក​វ៉ាន​វា អត់​អី​ទេ តែបើ​បិទ​វ៉ាន​ទៀត អា​សម្ពាធ​វា​នៅក្នុង​ហ្នឹង​វា​ធ្វើឱ្យ​ផ្ទុះ​តែម្តង សូម្បី​ធុងសាំង​យើង យកទៅ​ផ្សារ​ទៅ​អី​បិទ​ជិត​ហ្នឹង ក៏​អត់​កើត​ដែរ វា​ផ្ទុះ​ដូចគ្នា​»​។

លោក ម៉េង សុង ​ប្រាប់ថា ដើម្បី​បង្ការ​ហានិភ័យ​ផ្ទុះ​ហ្គាស ទី​១ ​ត្រូវ​ទុកដាក់​ធុង​ហ្គាស កំប៉ុង​ហ្គាស​កុំឱ្យ​ត្រូវ​ថ្ងៃ ទី​២ ​ពេល​ដូរ​ហ្គាស ត្រូវ​ត្រួត​ពិនិត្យមើល​ទុយោ​ឱ្យបាន​ត្រឹមត្រូវ​។

កន្លែង​ទុកដាក់​ហ្គាស ត្រូវ​មាន​លម្ហ​គ្រប់គ្រាន់ មិនត្រូវ​រក្សាទុក​នៅ​ទីកន្លែង​បិទ​ហប់​ជិត​នោះទេ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​មាន​ហានិភ័យ​ផ្សេងៗ​កើតមានឡើង ដោយសារ​ការហៀរ​ហ្គាស​ចេញ​វា​នឹង​ប្រតិកម្ម​ជាមួយ​ភ្លើង​៕