ព្រះសីហនុៈ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន មិនឱ្យ​មាន​ការចត​យានយន្ត​គ្រប់​ប្រភេទ និង​ការដាក់តាំង​សម្ភារ​លក់ដូរ​នៅលើ​ចំណីផ្លូវ​សាធារណៈ​ក្នុង​ក្រុងព្រះសីហនុ​លើកលែងតែ​ការបើកបរ​ឆ្លងកាត់​ចំណីផ្លូវ​ចូលទៅក្នុង​ផ្ទះ​ ឬ​ដី​កម្មសិទ្ធិ ឬ​អគារ​ផ្សេងៗ ដែលមាន​ចំណត​របស់ខ្លួន​តែប៉ុណ្ណោះ​។


លោក​ គួច ចំរើន ​លើកឡើងថា ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង រាជរដ្ឋាភិបាល​បានរៀបចំ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​ចំនួន ៣៤ ​ខ្សែ អនុវត្ត​គម្រោង​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​គឺ​បាន​ស្ថាបនា​រួចរាល់ ជា​ស្ថាពរ​ ១០០ ​ភាគរយ​ជាមួយ​គ្នា​នេះ​រដ្ឋបាលខេត្ត​ក៏បាន​រៀបចំ​គម្រោង​ស្ថាបនា​ផ្លូវ ក្នុង​ខេត្ត​មួយចំនួនទៀត​ដែល​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋបាលខេត្ត​។

ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គឺ​អនុវត្ត​ស្រប​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស និង​ស្តង់ដា ដោយបាន​រៀបចំ​ដាក់​គំនូស​ចរាចរណ៍ បង្គោល​ភ្លើង ស្លាក​សញ្ញា​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​បាន​រៀប​ក្រាល​ថ្ម​ក្រានីត​ ឬ​ការ៉ូឡា​នៅលើ​ចំណីផ្លូវ សម្រាប់​អ្នក​ថ្មើរជើង ជាពិសេស​មាន​គន្លង​សម្រាប់​ជនពិកា​ធ្វើដំណើរ​។

លោក គួច ចំរើន​បញ្ជាក់ថា៖ «​ក្នុង​រយៈពេល​កន្លងមក​នេះ យើង​បាន​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម សណ្ឋាគារ កាស៊ីណូ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន បាន​យក​ចំណីផ្លូវ​ធ្វើជា​កន្លែង​ដាក់តាំង សម្ភារ​លក់ដូរ ប្រកប​អាជីវកម្ម និង​យក​យានយន្ត​មក​ចត​លើ​កម្រាល​ថ្ម​ក្រានីត ដែលជា​ចំណីផ្លូវ សម្រាប់​អ្នក​ថ្មើរជើង​ដើរ​។ ស្ថានភាព​នេះ​បានធ្វើឱ្យ​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​បាត់បង់​នូវ​សណ្តាប់ធ្នាប់ សោភណភាព និង​ធ្វើឱ្យប៉ះពាល់​ដល់​អ្នក​ថ្មើរជើង​គ្មាន​ចំណីផ្លូវ​សម្រាប់​ដើរ​»​។

ក្នុងន័យនេះ ដើម្បី​រក្សា​ឱ្យមាន​សណ្តាប់ធ្នាប់ សោភណភាព តាម​ដងផ្លូវ​ក្នុង​ក្រុងព្រះសីហនុ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ លោក គួច ចំរើន បានសម្រេច​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ឈប់​ ឬ​ចត​ ឬ​បើកបរ​នៅលើ​ចំណីផ្លូវ ​(​កម្រាល​ថ្ម​ក្រានីត​ ឬ​កម្រាល​ការ៉ូឡា​) លើកលែង​ចំពោះ​ការបើកបរ​ឆ្លងកាត់​ចំណី​ផ្លូវ ​(​កម្រាល​ថ្ម​ក្រានីត ឬ​កម្រាល​ការ៉ូឡា​) ​ចូល​ទៅក្នុង​ផ្ទះ ឬ​ដី​កម្មសិទ្ធិ ដែលមាន​ចំណត​របស់ខ្លួន​។


លោក​បញ្ជាក់ថា​៖ «​ម្ចាស់​អាជីវកម្ម​ ឬ​សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន​ត្រូវ​រៀបចំ​ចំណត​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​អតិថិជន​របស់ខ្លួន​ចៀសវាង​ការយក​ចំណីផ្លូវ ឬ​ទ្រូងផ្លូវ​ជា​ចំណត​យានយន្ត​»​។

មួយវិញទៀត រដ្ឋបាលខេត្ត​ព្រះសីហនុ​ក៏​មិន​អនុញ្ញាតឱ្យ​អាជីវករ ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន យក​ចំណីផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម​ដូចជា​ការដាក់​អាហារ​ការដាក់​តាំង​លក់ដូរ និង​ការប្រើប្រាស់​ចំណីផ្លូវ​ក្នុងន័យ បម្រើ​ផលប្រយោជន៍​បុគ្គល​។

លោក គួច ចំរើន ​ថា៖ «​ចំណីផ្លូវ​ប្រើប្រាស់​សម្រាប់​ការដើរ​ថ្មើរជើង​តែប៉ុណ្ណោះ និង​ជិះ​កង់​ប្រសិនបើ​មាន​គំនូស​ផ្លូវ​សម្រាប់​អ្នកជិះ​កង់​។ ចំពោះ​ការបែកបាក់​កម្រាល​ថ្ម​ក្រានីត​ ឬ​កម្រាល​ការ៉ូឡា​ជា​ការទទួល​ខុសត្រូវ​របស់​ម្ចាស់ផ្ទះ ឬ​បុគ្គល​ណា​ដែល​ធ្វើឱ្យ​បែកបាក់ ដោយ​ទង្វើ​ណាមួយ​»​។

ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន​ដែល​មាន​ចំណត​នៅក្នុង​ដី​កម្មសិទ្ធិ​របស់ខ្លួន ហើយ​ចង់​ស្នើសុំ​ធ្វើ​ច្រកចេញ-ចូល​ត្រូវដាក់​លិខិតស្នើ​សុំ​មក​រដ្ឋបាលខេត្ត ក្នុង​ករណី​មាន​ការយល់ព្រម​ពី​រដ្ឋបាលខេត្ត នោះ​ការចំណាយ​សាងសង់​ផ្លូវ​ចេញ-ចូល​ជា​បន្ទុក​របស់​ម្ចាស់​សំណើ​។ នេះ​បើតាម​លោក គួច ចំរើន​។

លោក​ព្រមាន​ថា សមត្ថកិច្ច​ជំនាញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចំពោះ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារ​ទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន ដែល​មិន​អនុវត្ត​តាម​ការណែនាំ​នេះ​៕