ឧត្តរមានជ័យៈ រដ្ឋបាល​ក្រុង​សំរោង​ទុកពេល​ ១០ ​ថ្ងៃ​ឱ្យ​ប្រជាពលរដ្ឋ រុះរើ​សំណង់​នៅ​អម​សងខាង​ផ្លូវ​ចំនួន​ ២ ​ខ្សែ គឺ​ផ្លូវ​លេខ​ ១៣ ស្ថិតក្នុង​ភូមិ​កំណប់ សង្កាត់​បន្សាយរាក់ និង​កំណាត់​ផ្លូវ​ក្រួសក្រហម​លេខ​ ១៨ ស្ថិត​ក្នុង​ភូមិ​ឈូក សង្កាត់​សំរោង ខេត្ត​ឧត្តរមានជ័យ បន្ទាប់ពី​រដ្ឋបាល​ក្រុង ពិនិត្យឃើញ​ថា​ពលរដ្ឋ​បាន​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យផល​ដោយ​បាន​រំលោភបំពាន​មក​លើដី​ចំណីផ្លូវ​សាធារណៈ​។


សេចក្តី​ជូនដំណឹង​របស់​លោក​ អ៊ុន សុភ័ក្រ អភិបាលក្រុង​សំរោង​កាលពី​ថ្ងៃទី​ ២៦ តុលា ឱ្យដឹងថា តាមរយៈ​ការចុះ​សិក្សា​របស់​ក្រុមការងារ​នាពេល​កន្លងមក​បាន​ពិនិត្យឃើញ​ថា ការកាន់កាប់ ប្រើប្រាស់ និង​អាស្រ័យផល​នៅ​លើដី​កម្មសិទ្ធិ​ក្នុង​ទីតាំង​ខាងលើ​មាន​ការសាងសង់​លក្ខណៈ​ជា​រោង តូប សំយាប ដោយបាន​រំលោភបំពាន​មក​លើដី​ចំណី​ផ្លូវ​សាធារណៈ​។ មិនតែប៉ុណ្ណោះ​មាន​ម្ចាស់​កម្មសិទ្ធិ​មួយចំនួន​បាន​ចាក់​បំពេញ​អាចម៍ដី​លុប​លើ​ប្រឡាយ​ផ្លូវទឹក និង​មួយចំនួន​បាន​ដាក់លូ តែ​ពុំបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ កត្តា​ទាំងនេះ​បាន​បង្កឱ្យមាន​ការកកស្ទះ​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​រំដោះ​ទឹក បណ្ដាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង និង​ទឹក​ហូរ​កាត់​តួ​ផ្លូវ​ដោយ​អន្លើ ធ្វើឱ្យ​ខូចខាត​ផ្លូវ​ធ្វើដំណើរ​។ ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការរស់នៅ សុខុមាលភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សោភណភាព​ទីក្រុង​។

សេចក្តី​ជូនដំណឹង​សរសេរថា​៖ «​ក្នុងន័យនេះ ដើម្បី​រក្សាបាន​នូវ​ផលប្រយោជន៍ សាធារណៈ ជាពិសេស​ការគោរព និង​អនុវត្ត​ទៅតាម​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន រដ្ឋបាល​ក្រុង​សំរោង ចុះ​អនុវត្ត​វិធានការ​រុះរើ​សំណង់ ដែល​បាន​ល្មើស​ទៅនឹង​អនុក្រឹត​លេខ​ ៨៦ ​អនក្រ.បក ចុះ​ថ្ងៃទី​ ១៩ ខែ ធ្នូ ឆ្នាំ​ ១៩៩៧ និង​ការសាងសង់​នៅ​លើដី​ចំណីផ្លូវ ជីក​កាយ​ស្តារ​ផ្លូវទឹក នៅលើ​ទីតាំង​កំណាត់​ផ្លូវ​ទាំង​ ២ ​ខ្សែ​ខាងលើ ដោយ​ទុក​រយៈពេល​សម្រាប់​ម្ចាស់​កម្មសិទ្ធិ​ធ្វើការ​រុះរើ​ដោយស្ម័គ្រចិត្ត​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ​ជា​កំហិត គិត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​»​។

បើតាម​សេចក្តី​ជូនដំណឹង​ក្នុង​ករណី​ម្ចាស់​កម្មសិទ្ធិ​សំណង់​ដែល​រំលោភបំពាន​លើដី​ចំណីផ្លូវ និង​បង្កឱ្យ​មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ មិនបាន​ចូលរួម​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត ស្រប​តាម​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​នេះ រដ្ឋបាល​ក្រុង​សំរោង​នឹង​ចុះ​អនុវត្ត​ធ្វើការ​រុះរើ ដោយ​ពុំ​ទទួល​ខុសត្រូវ​រាល់​ការខូចខាត​នោះឡើយ​។ មិនតែប៉ុណ្ណោះ ម្ចាស់​កម្មសិទ្ធិ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

លោក​ អ៊ុន សុភ័ក្រ អភិបាលក្រុង​សំរោង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ តុលា ថា ចំពោះ​ការកំណត់​ក្នុង​រយៈពេល ១០ ​ថ្ងៃជា​កំហិត​នេះ ដោយសារ​ថ្នាក់​ខេត្ត​តម្រូវឱ្យ​មាន​ការរុះរើ​បន្ទាន់ ដើម្បី​រៀបចំ​ និង​ជួសជុល​ផ្លូវ​នេះ ប៉ុន្តែ​មិនមែន​តែ​ផ្លូវ​នេះ​ទេ គឺមាន​ផ្លូវ​ផ្សេងៗ​ទៀត​ក៏​ធ្វើ​ដូច​គា្ន​ដែរ​។ ថ្នាក់​ខេត្ត​មាន​គម្រោង​ធ្វើ​គ្រប់​តែ​ផ្លូវ​ទាំងអស់​នៅក្នុង​ក្រុង ដោយ​មិន​ធ្វើ​តែ​ក្នុង​រយៈពេល​ ១០ ​ថ្ងៃនេះ​ទេ​។ ទោះជា​យ៉ាងណា ផ្លូវ​ទាំង​ ២ ​ខ្សែ​នេះ គឺជា​ផ្លូវ​គោលដៅ​សម្រាប់​ធ្វើការ​ជួសជុល​របស់​ខេត្ត​។


លោក​ថ្លែងថា​៖ «​ខ្ញុំ​ទទួល​ព័ត៌មាន​ពី​ថ្នាក់​ខេត្ត​តម្រូវឱ្យ​ធ្វើ​អ៊ីចឹង ព្រោះ​មាន​ប្រជាពលរដ្ឋ​ចាក់ដី​ទៅ​បាន​ធ្វើឱ្យ​ស្ទះផ្លូវ​មុខទឹក​។ ដល់ពេល​អ៊ីចឹងទៅ យើង​តម្រូវ​ឱ្យ​គាត់​រើចេញ និង​កាយ​ចេញ​។ នេះ​ជា​កិច្ចការ​ចំពោះមុខ និង​ត្រូវ​ដោះស្រាយ​បន្ទាន់​»​។

ទោះជា​យ៉ាងណា លោក​ប្រាប់ថា មិនមាន​តួលេខ​ប្រជាពលរដ្ឋ​មាន​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​រុះរើ​សំណង់ និង​អាស្រ័យផល​នៅ​អម​សងខាង​ផ្លូវ​ទាំង​ ២ ​នេះ​ទេ ព្រោះ​លោក​មិនទាន់​បាន​បូកសរុប​។ ប៉ុន្តែ ប្រជាពលរដ្ឋ​មួយចំនួន​បាន​បោះ​ទីតាំង​រស់នៅ​អម​សងខាង​ផ្លូវ​នេះ​យូរណាស់​មកហើយ​ (​មិន​ចាំ​ឆ្នាំ​) និង​មួយចំនួន​ទៀត ទើបតែ​បោះទីតាំង​ទេ​។

លោក ស្រី ណារ៉េន អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ប្រចាំខេត្ត​ឧត្តរមានជ័យ​ថ្លែងថា លោក​មិនទាន់​ទទួលបាន​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​សំរោង​ពាក់ព័ន្ធ​នឹង​ការឱ្យ​ប្រជាពលរដ្ឋ រុះរើ​សំណង់ ដែល​បាន​សាងសង់ រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ​នេះ​នៅឡើយ​ទេ​។

ទោះជា​យ៉ាងណា​លោក​ថា បើ​ប្រជាពលរដ្ឋ​បាន​សាងសង់​រំលោភ​លើដី​ចំណីផ្លូវ​របស់​រដ្ឋ គួរតែ​រើចេញ​ដើម្បី​សុវត្ថិភាព និង សោភណភាព​នៅក្នុង​ក្រុង​។ ប៉ុន្តែ​បើសិន​ជា​ប្រជាពលរដ្ឋ​មិនបាន​សាងសង់​រំលោភ ដី​ចំណីផ្លូវ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​ឱ្យ​គាត់​រើរុះ​សំណង់​របស់​គាត់ អាជ្ញាធរ​ក៏​គួរតែ​មាន​សំណង​សមរម្យ​ជូនទៅ​គាត់​វិញ ដើម្បី​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ទៅរក​ទីតាំង​ថ្មី​។

លោក​ថ្លែងថា​៖ «​ក្នុងករណីនេះ ខ្ញុំ​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​នឹង​តាម​ឃ្លាំមើល​ពី​ការរើរុះ​សំណង់​របស់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​របស់​អាជ្ញាធរ​នៅ​ថ្ងៃ​កំណត់​ឱសានវាទ ក្រែងលោ​មាន​ប្រើប្រាស់​អំពើ​ហិង្សា​ដាក់គ្នា​»៕