កំពង់ចាមៈ អាជ្ញាធរខេត្ត​កំពង់ចាម​នា​ថ្ងៃទី​ ២៦ តុលា ណែនាំ​ពី​វិធានការ​គ្រប់គ្រង​សព​អ្នកជំងឺ​ទូទៅ​នៅតាម​មន្ទីរពេទ្យ និង​នៅតាម​ផ្ទះ ត្រូវ​ចាត់ចែង​គ្រប់គ្រង​សព​ប្រកប​ដោយ​សុវត្ថិភាព ហើយក៏​បានកំណត់​ចំនួន​អ្នកចូលរួម​ក្នុង​ការជួបជុំ​ក្នុង​ពិធី​បុណ្យសព​តាម​គេហដ្ឋាន ឬ​នៅ​ទីតាំង​បញ្ជុះ​សព​យ៉ាងច្រើន​បំផុត​ ៣០ ​នាក់​ និង​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​។


អភិបាលខេត្ត​កំពង់ចាម​លោក​ អ៊ុន ចាន់ដា បញ្ជាក់ថា ការរៀបចំ​សព​ការតម្កល់សព និង​ពិធី​បុណ្យសព​នៅតាម​គេហដ្ឋាន ក្រុមគ្រួសារ​ញាតិមិត្ត ឬ​អ្នកពាក់ព័ន្ធ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការចម្លងរោគ​ជាយថាហេតុ នៅក្នុង​គេហដ្ឋាន និង​សហគមន៍​។ ក្នុងនោះ​អ្នកមាន​ភារកិច្ច​រៀបចំ​ទុកដាក់​សព​ត្រូវ​ប្រើ​ឧបករណ៍​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ហើយ​សម្ភារ​ទាំងនោះ​ត្រូវ​ប្រើតែ​ ១ ​ដង​រួច​ត្រូវ​បោះចោល​ឱ្យបាន​ត្រឹមត្រូវ​។

លោក​ថា មុនពេល​រៀបចំ​ចាត់ចែង​សព ក្រុមគ្រួសារ​សព​ត្រូវ​ត្រៀម​ឧបករណ៍ ការពារ​ខ្លួន​មាន​ម៉ាស់​ពេទ្យ ស្រោមដៃ វ៉ែនតា​ការពារ​ភ្នែក របាំងមុខ​ និង​អាវបំពង់​មិន​ជ្រាប​ទឹកជា​ដើម​។ ការរៀបចំ​សម្អាត ការរុំ​វេចខ្ចប់​សព និង​ការដាក់​ក្នុង​មឈូស​ត្រូវ​ធ្វើឱ្យ​បាន​លឿន​បំផុត​។ ក្តារ​មឈូស​តម្កល់សព​ត្រូវដាក់​នៅ​ទីតាំង​ឆ្ងាយ​សមរម្យ​ពី​អ្នកចូលរួម​ពិធីបុណ្យ និង​ត្រូវ​បិទ​ឱ្យ​ជិត​មាំ​ល្អ និង​ធានាថា គ្មាន​ការលេចធ្លាយ​សារធាតុ​រាវ ដែល​ហូរ​ចេញពី​សាកសព​មក​ក្រៅ​។

​អ្នកមាន​ភារកិច្ច​លើកសព​ដាក់​ក្នុង​មឈូស និង​លើក​មឈូស​ទៅ​ដាក់​ទីតាំង​បូជា​ និង​ទីបញ្ចុះសព ត្រូវ​ប្រើប្រាស់ ស្រោមដៃ និង​ត្រូវ​ដោះចេញ និង​វេចខ្ចប់​ស្រោមដៃ​ដែល​ប្រើ​រួច​យកទៅ​ដុតចោល ហើយ​លាងដៃ​ជាមួយ​សាប៊ូ ទឹកស្អាត និង អាល់កុល​។ ក្រុមគ្រួសារ​សព​ និង​ញាតិមិត្ត សព​មិនត្រូវ​ប៉ះពាល់​សព​ដោយផ្ទាល់​ឡើយ ហើយ​ការតម្កល់សព​ទុក​សព​នៅផ្ទះ​ត្រូវធ្វើ​ក្នុង​រយៈពេល​ខ្លី​បំផុត​។

លោក​បាន​ថ្លែង​បន្តថា​៖ «​ការជួបជុំ​ក្នុង​ពិធីបុណ្យ​សព​នៅ​គេហដ្ឋាន ឬ​នៅ​ទីតាំង​បញ្ចុះសព​ត្រូវ​បាន​កំណត់​ចំនួន​យ៉ាងច្រើន​បំផុត​ចំនួន​ ៣០ ​នាក់ និង ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ចំនួន​មនុស្ស​ចូលរួម​ក្នុង​កម្រិត​អប្បបរមា ឬ​កំណត់​ពេលវេលា​អ្នកចូលរួម​តាមរបៀប​ឆ្លាស់គ្នា ដើម្បី​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល និង​សង្គម​»​។


ដោយឡែក ចំពោះ​ការរៀបចំ​សព ការតម្កល់សព អ្នកជំងឺ​ទូទៅ​នៅ​តាម​មន្ទីរពេទ្យ លោក​អភិបាលខេត្ត លើកឡើង​ថា ក្រុមគ្រូពេទ្យ បុគ្គលិក​សុខាភិបាល ត្រូវ​ទទួលបន្ទុក​លើ​ការងារ​គ្រប់គ្រង និង​ចាត់ចែង​សព ដោយ​រៀបចំ​សម្អាត និង​រុំ​វេចខ្ចប់​សព​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល​មុននឹង​ប្រគល់ ឬ​ដឹកជញ្ជូន​សព​ជូន​ក្រុម​គ្រួសារ ឬ​ញាតិមិត្ត យកទៅ​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​។ ត្រូវអនុវត្ត​វិធានការ​អនាម័យ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​ទឹកស្អាត​និង​សាប៊ូ មុន​ និង​ក្រោយពេល​ប៉ះពាល់​សព​។ ប្រើប្រាស់​ឧបករណ៍ ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ដូចជា​ម៉ាស់ពេទ្យ អាវពេទ្យ ស្រោមដៃ របាំងមុខ វ៉ែនតា​ការពារ និង​អាវ​អៀម​មិន​ជ្រាប​ទឹក ក្នុង​ករណី​អាចមាន​ការប៉ះពាល់​នឹង​សារធាតុ​រាវ ឬ​ទឹក​ចេញពី​សព​។

ចំណែក​ការដឹកជញ្ជូន​សព​ និង​ដង្ហែ​សព ក្រុម​អ្នក​ដឹកជញ្ជូន​សព​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​ទឹក​ និង​សាប៊ូ​ ឬ​ទឹក​សម្លាប់ មេរោគ នៅមុន​ពេល និង​ក្រោយពេល​លើកដាក់​ក្តារ​មឈូស​សព​។ ត្រូវ​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដូចជា​ម៉ាស់​ពេទ្យ ស្រោមដៃ របាំងមុខ​វ៉ែនតា​ការពារ និង​អាវ​បំពង់​មិន​ជ្រាប​ទឹក​បន្ថែម​ក្នុង​ករណី​គិតថា អាច​ប៉ះពាល់​នឹង​ធាតុ​រាវ ឬ​ទឹក​ចេញពី​ខ្លួន​សាកសព​។ ត្រូវ​លាង​សម្អាត​រថយន្ត ឬ​មធ្យោបាយ​ដឹកជញ្ជូន​សព ទាំង​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ដោយ​ទឹក​សម្លាប់​មេរោគ នៅក្រោយពេល​ដឹកជញ្ជូន​រួច​ម្តងៗ​។

ការងារ​បូជាសព​ ឬ​បញ្ចុះសព អ្នកមាន​ភារកិច្ច​លើក​សាកសព​ដាក់​ក្នុង​ក្តារមឈូស និង​លើក​មឈូស​ដាក់​លើ​ឡ​បូជា​ ឬ​មឈូស​ទៅ​បញ្ចុះ​ត្រូវ​ពាក់​ឧបករណ៍​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដូចជា​ម៉ាស់​ និង​ស្រោមដៃ​ជាដើម​។ នៅពេល​រួចរាល់​ត្រូវ​ដោះ​ឧបករណ៍​ការពារ​ខ្លួន​ដែល​ប្រើប្រាស់​រួច​វេចខ្ចប់​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ​ដើម្បី​យកទៅ​ដុតចោល ឬ​ចោល​ក្នុង​ធុងសំរាម​វេជ្ចសាស្ត្រ ហើយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹកស្អាត​ភ្លាមៗ​។ ក្រុម​អ្នក​បូជាសព​ ឬ​បញ្ចុះសព​ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត​ជាមួយ​សាប៊ូ ទឹកស្អាត ឬ​ទឹក​សម្លាប់​មេរោគ​នៅមុន​ និង​ក្រោយពេល​លើកទុក​ដាក់​សព​។

លោក​អភិបាលខេត្ត​ថ្លែងថា​៖ «​ក្រុម​អ្នក​បូជាសព ឬ​បញ្ចុះសព ត្រូវ​ប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ដូចជា ម៉ាស់ពេទ្យ ស្រោមដៃ​ជាដើម​។ ក្នុងករណី​មាន​ប៉ះពាល់​នឹង​សារធាតុ​រាវ ឬ​ទឹក​ចេញពី​សព ត្រូវ​ពាក់​របាំងមុខ ឬ​វែនតា​ការពារ និង​អាវ​បំពង់​មិន​ជ្រាប​ទឹក​បន្ថែមទៀត​»​។

លោក​ អ៊ុន ចាន់ដា បន្ថែមថា ចំពោះ​ការងារ​គ្រប់គ្រង​ និង​សម្អាត​បរិស្ថាន​នៅ​មន្ទីរពេទ្យ គេហដ្ឋាន ទីតាំង​បូជាសព ឬ​បញ្ចុះសព ក្រុមគ្រួសារ​សព​ត្រូវ​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​កន្លែង​តម្កល់សព​។ ក្រុមគ្រួសារ​ត្រូវ​លាង​សម្អាត​ទីតាំង និង​បរិស្ថាន​នៅ​កន្លែង​តម្កល់សព​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់មក​ត្រូវ​លាង​សម្អាត​ផ្ទៃ​នោះ​ជាមួយ​សារធាតុ​សម្លាប់​មេរោគ តាម​លក្ខណៈ​បច្ចេកទេស​អនាម័យ​របស់​ក្រសួង​សុខាភិបាល​៕