ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី ២៨ តុលា​ កំពុង​តាម​ចាប់​ស្ត្រី​ដៃដល់​ម្នាក់​ ដែល​បាន​ប្រើ​ហិង្សា​​វាយ​តប់​ស្ត្រី​ម្នាក់​ នៅ​ក្នុង​ជម្លោះ​រឿង​ជំពាក់​លុយ ដែល​​ក្រោយ​មក គឺ​នៅ​ថ្ងៃទី ២៦ តុលា​ ស្រ្តី​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង នៅ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ។


លោក​ សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​ នគរបាល​រាជធានី​ភ្នំពេញ​ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៨ តុលា​ថា​ ករណី​ស្ត្រី​សង្ស័យ​ដែល​ពាក់ព័ន្ធ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ ឈ្មោះ ​អៀង អេង អាយុ ៤៣ ឆ្នាំ​ ត្រូវ​កម្លាំង​ជំនាញ​កំពុង​តែ​ធ្វើការ​ស្រាវ​ជ្រាវ​តាម​ចាប់ខ្លួន​ជន​បង្ក​ហើយ។

លោក​ថ្លែង​ថា៖ «សមត្ថ​កិច្ច​ជំនាញ​បានធ្វើ​កោស​ល្យវិច័យ​លើ​សាកសព។ ជា​លទ្ធផល​បញ្ជាក់ថា ​ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​គាំង​បេះដូង​ ក្រោយពី​មាន​អំពើហិង្សា​ហ្នឹង»។

លោក​សង្កត់ធ្ងន់ថា​ ចាប់តាំងពី​ថ្ងៃកើតហេតុ​ថ្ងៃទី ២៦ តុលា​មក ​គឺ​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍ នគរបាល​ខណ្ឌ​ជ្រោយចង្វារ និង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ កំពុង​សហការគ្នា​ដើម្បី​តាម​ចាប់ខ្លួន​ស្ត្រី​បង្ក។


បើតាម​លោក សុខ​សីហា​​ កាលពី​ថ្ងៃទី ២៦ តុលា ​ស្ត្រី​រងគ្រោះ ​អៀង អេង ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី៣ នៅ​ចំណុច​ទីតាំង​កើតហេតុ​ខាងលើ​ បាន​ទាស់​ពាក្យសម្តី​គ្នា និង​វាយ​ទាត់​ធាក់​គ្នា​ ជាមួយ​ស្ត្រី​សង្ស័យ។


បន្ទាប់ពី​ត្រូវបាន​អ្នកជិតខាង​ជួយ​ឃាត់​មក​ស្ត្រី​រងគ្រោះ ​បាន​ប្រាប់​សមាជិក​ក្នុង​គ្រួសារ​ថា​ គាត់​មាន​អារម្មណ៍​ឈឺក្បាល និង​បាន​ចូលទៅ​សម្រាក។

លុះ​រហូតដល់​ម៉ោង​ប្រហែល ​៥​ ល្ងាច ​ថ្ងៃខែ​ដដែល​ ស្រាប់តែ​ក្រុមគ្រួសារ​ចូលទៅ​ដាស់​ ទើប​ដឹងថា ​ស្ត្រី​រងគ្រោះ​ដាច់​ខ្យល់​ស្លាប់បាត់​ទៅហើយ។

លោក​បន្តថា ​ក្រោយពី​ស្ត្រី​រងគ្រោះ​ស្លាប់​ សមត្ថកិច្ច​ជំនាញ​ផ្នែក​ជំនាញ​រួម​គ្រូពេទ្យ​ បានធ្វើ​កោសល្យវិច័យ​ទៅ​ឃើញថា ​ស្ត្រី​រងគ្រោះ​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង។

ក្រោយ​ពី​ទទួលរង​ការវាយ​ដំភ្លាមៗនោះ​ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ បានដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​រដើម្បី​សុំ​ការ​អន្តរា​គម​ន៍ចាប់​ស្ត្រី​សង្ស័យ​។

បើតាម​មន្ត្រីនគរបាល​ខណ្ឌ​ជ្រោយ​ចង្វារ​មួយរូប ​ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៨ តុលា​ថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ ​អៀង អេង ស្នាក់នៅ​បន្ទប់​ជួល​ជាន់​ទី៣ ក្នុង​បុរី​រុងរឿង​ស្ថិតនៅ​សង្កាត់​ព្រែកលៀប​ បាន​ខ្ចីលុយ​ស្ត្រី​សង្ស័យ។ មុនពេល​កើតហេតុ​ ថ្ងៃទី ២៦ តុលា ​ស្ត្រី​សង្ស័យបាន​ទៅ​បន្ទប់​ជួល​របស់​ស្ត្រី​រងគ្រោះ ​និង​ទាស់​ពាក្យសម្តី​គ្នា​ ធ្វើឱ្យ​ស្ត្រី​សង្ស័យខឹង ហើយ​ក៏​បានទាត់​ធាក់​ត្រូវ​ដើមទ្រូង​ជា​ច្រើ​ង​ជើង​ ហើយក៏​ដើរចេញ​បាត់​ពី​កន្លែង​កើត​ហេតុ។

មន្ត្រីន​គរបាល​បន្តថា ​ក្រោយ​បង្កហេតុ​ និង​បន្ទាប់ពី​មានការ​ជួយ​ឃាត់​ពី​អ្នកស្នាក់នៅ​បន្ទប់​ជាប់​គ្នា​មក​ ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សាច់ញាតិ​ថា​ មិន​ស្រួល​ខ្លួន​ហើយ​ចូលដេក។ រហូត​ដល់ពេល​ល្ងាច​ទើប​សាច់ញាតិ​ដឹងថា​ ស្ត្រី​រងគ្រោះ​ស្លាប់៕

វីដេអូ៖