ភ្នំពេញៈរដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ពីការ​​ត្រៀម​ស្បៀង ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ខណៈដែល​សង្កាត់​ចំនួន ១០ នៅក្នុង​ខណ្ឌដង្កោ​ទទួលរង​ការលិចលង់​ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក្នុងនោះ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣ ០០០ គ្រួសារ បាន​ទទួលរង​ផលប៉ះពាល់។


លោក​​ ឃួង ស្រេង អភិបាល​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​​នៅ​​​ក្នុងពេល​ចុះ​ពិនិត្យ​និង​ដឹកនាំ​កម្លាំង​ដើម្បី​ត្រៀម​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​ទឹក​លិច នៅ​ខណ្ឌដង្កោ នា​យប់​ថ្ងៃទី ២៧ តុលាថា៖ «គ្រួសារ​ជាច្រើន​បាន​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ ហើយ​យើង​នឹង​ចាត់វិធានការ​ពិនិត្យថា​ តើ​ការរង​ផលប៉ះពាល់​នេះ មាន​ប្រជាពលរដ្ឋ​ណាខ្លះ​ ដែលមាន​ការ​ខ្វះ​ខាត យើង​នឹង​ធ្វើការ​ផ្តល់ជំនួយ​ដែលជា​ការឧបត្ថម្ភ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​ ដើម្បីឱ្យ​ពួកគាត់ ​បន្ត​ការ​រស់នៅ​មានជីវិត»។

ជាមួយគ្នា​នោះ លោក​បាន​ជំរុញ ឱ្យអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ត្រូវ​មើល​ការខុសត្រូវ​​​ប្រជាពលរដ្ឋ ដោយ​មិនត្រូវ​ទុកឱ្យ​អ្នកណាម្នាក់​ស្លាប់​ ដោយ​អត់បាយ​នោះទេ​ ក្នុង​រជ្ជកាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​បញញ្ជាក់​​ថា៖ «សម្រាប់​រាជធានី​ភ្នំពេញ យើង​ត្រៀម​អង្ករ​ចំនួន ១ ពាន់​តោន​ជា​រៀង​រាល់ពេល​ដើម្បី​ត្រៀមលក្ខណៈ​ក្នុងករណី​មាន​អ្វីមួយ​កើតឡើង​ជាយ​កថា​ហេតុ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​នេះ​ជា​កិច្ចការ​របស់​អាជ្ញាធរ​យើង​បាននិងកំពុង​ធ្វើ»។


នៅ​យប់​ថ្ងៃទី ២៧ តុលា អាជ្ញាធរ កម្លាំង​សមត្ថកិច្ច និង​កម្លាំង​កងទ័ព បាន​ត្រៀម​រួចរាល់​ទាំង​កម្លាំង និង​ឧបករណ៍​សម្ភារ ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគាត់​ជួប​ហានិភ័យ​ដោយ​ទឹកជំនន់ បើទោះបី​ឆ្នាំនេះ​ស្ថានភាព​ទឹក​​លិចលង់​នៅក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ មាន​ទំហំ​តូច​ជាង​ឆ្នាំ​កន្លងទៅ​ក៏ដោយ។


យោងតាម​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា នៅវេលា​ម៉ោង ១២:៤០ ថ្ងៃត្រង់ នា​ថ្ងៃទី ២៨ ខែតុលា​ ស្ថានភាព​ទឹកជំនន់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ត្រូវបាន​គ្រប់គ្រង​បាន​ទាំងស្រុង ដោយ​ទឹកស្ទឹង​បាន​ស្រក​ពី ០.៥ ម ទៅ ០.៧ ម។

មន្ទីរ​សាធារណការ​​បាន​បញ្ជាក់ថា ដោយ​ការខិតខំ​ប្រឹងប្រែង​ទាំងថ្ងៃទាំងយប់​រយៈពេល ១៨ ថ្ងៃ​មកនេះ ដើម្បី​ទប់​ទំនប់​ការពារ​ទឹកជំនន់ និង​ជួសជុល​ទំនប់​បាក់​ធ្លាយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើឱ្យ​ពេល​នេះ ស្ថានភាព​ទឹកជំនន់​នៅ​ភូមិសាស្ត្រ​ខណ្ឌដង្កោ ត្រូវបាន​គ្រប់គ្រង​បាន​ហើយ។

មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញបាន​បន្ថែមថា ៖ «ទឹកជំនន់​ពេលនេះ នឹងមិន​បន្ថែម​ការ​ពង្រីក​វិសាលភាព​លិចលង់​ទៀតឡើយ ហើយ​ទីតាំង​ដែល​បាន​លិច បាននិងកំពុង​ស្រក​ ជាបណ្តើរៗ ឈានទៅ​ដំណើរការ​ជីវភាព​រស់នៅ​ធម្មតា​ឡើងវិញ​ នាពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ»។

ជាមួយគ្នានេះដែរ បើតាម​ការលើកឡើងរ​បស់​ឧ​ត្ត​ម​នាវា​ឯក វ៉ាន់ ប៊ុន​លៀង មេបញ្ជាការរង​នាយ​សេវា​ធិ​ការ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក បានឱ្យដឹងថា លោក​បាន​ត្រៀមកម្លាំង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​លិចលង់​មិនថាតែ​នៅក្នុង​តំបន់​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ​តាម​បណ្តា​ខេត្ត​និង​គោលដៅ​ដែល​បានកំណត់។

លោក​​មានប្រសាសន៍​ថា៖ «កម្លាំង​របស់ខ្ញុំ​បាន​ត្រៀម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុង​ខណ្ឌដង្កោ​តាំងពី​ថ្ងៃទី ២៥ តុលា ​មកម្ល៉េះ ដែល​យើង​ត្រៀម​ដូច​ទៅនឹង​ឆ្នាំមុន​ដែរ​ដែល​យើង​បាន​ប្រុង​ប្រៀម​រៀបចំ​ជាមុន​រួចជាស្រេច​»។

ចំណែកក្រុម​កង​សង្គ្រោះ​លេខ ៩១១ នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​កងទ័ពជើងគោក បាន​បន្ត​សហការ​ជាមួយនឹង​អាជ្ញាធរ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​កំបូល​ដែល​​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ផងដែរ។

លោក ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋាន​ទ័ព​ពិសេស បានឱ្យដឹងថា កម្លាំង​បញ្ជាការដ្ឋាន​ទ័ព​ពិសេស បាន​ប្រើប្រាស់​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ គ្រោះមហន្តរាយ​លេខ ៩១១ នៅ​ប្រចាំ​ការសហការ​ជាមួយ​អាជ្ញាធរ ក្នុងការ​ជួយសង្គ្រោះ និង​ចម្លង​ប្រជាពលរដ្ឋ ២៤ ម៉ោង​លើ ២៤ ម៉ោង ក្នុងភូមិ​សាស្ត្រ ភូមិ​ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល ដើម្បី​ជួយ​ដឹកជញ្ជូន​ទ្រព្យសម្បតិ្ត និង​ជម្លៀស​មនុស្ស​មកកាន់​ទី​ទួល​សុវត្ថិភាព។

លោក​បញ្ជាក់ថា៖ «ចាប់តាំងពី​ថ្ងៃទី ២៥ មកដល់​ថ្ងៃទី ២៧ តុលា មាន​ប្រជាជន​ប្រមាណ ១ ០៦៨ នាក់ ត្រូវបាន​ក្រុម​សង្គ្រោះ​ជួយ​ដឹកជញ្ជូន​ពី​តំបន់​លិចលង់​ទៅកាន់​ទីទួល​សុវត្ថិភាព»។

លោក ស៊ុំ សំណាង បាន​បន្ថែមថា បច្ចុប្បន្ន​កងកម្លាំង​សង្គ្រោះ​គ្រោះមហន្តរាយ​លេខ ៩១១ បាន​បន្ត​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាពប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ ដោយ​កងកម្លាំង​របស់​លោក​បានធ្វើការ​ចល័ត​ទូក​ជា​បន្តបន្ទាប់ ​ដើម្បី​ជួយ​ដឹកជញ្ជូន​ពួកគាត់​ពី​តំបន់​លិចលង់​មកកាន់​ទីទួល​សុវត្ថិភាព និង​ធ្វើការ​អន្តរាគមន៍ភ្លាមៗបើសិនជា​មានការ​ស្នើសុំ​ជំនួយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

យោងតាម​របាយការណ៍​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បានបញ្ជាក់​ផងដែរ​ថា ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​បាន​បង្ក​ការ​ជន់​លិច​ផ្ទះ ដី​កសិកម្ម សាលារៀន​ផ្លូវថ្នល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំបូល គឺ​ទឹក​ហូរ​ធ្លាក់​យ៉ាងគំហុក​ពី​ខេត្តកំពង់ស្ពឺ ចាប់ផ្តើម​ជន់​លិច​រយៈពេល ២ ទៅ ៣ ថ្ងៃ​ចុង​ក្រោយនេះ យ៉ាងហោចណាស់មានផ្ទះ​ប្រជាពលរដ្ឋ រាប់ពាន់​ខ្នង​ត្រូវបាន​លិចលង់ និង​សង្កាត់​ចំនួន ២ ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយ​ក្នុងនោះ​ក៏មាន​សាលារៀន, ផ្លូវ និង​ផ្ទៃដី​កសិកម្ម​ជាច្រើន​ហិកតា​​ត្រូវ​ទឹក​ជន់​លិច​៕

វីដេអូ៖